ស្វែងយល់អំពី “វាសនា” – ផ្លូវឆ្ពោះទៅរកសុភមង្គល

ស្វែងយល់អំពី “វាសនា” – ផ្លូវឆ្ពោះទៅរកសុភមង្គល។

តើអ្នកទាំងអស់គ្នាធ្លាប់លឺពាក្យថា “វាសនា”  (天命) ដែរទេ?

ជាទស្សនៈដែលមាន​ប្រភព​មក​ពី​ប្រទេស​ចិន​បុរាណ ដែល​មាន​ន័យ​ថា​៖ “បេសកកម្ម​ដែល​ព្រះ​បាន​​ប្រទាន​​ឲ្យ​” ។

ទោះបីជាបានរំលឹកដល់ “អាទិទេព” ប៉ុន្តែចំណុចនេះមិនមែនជាទស្សនៈសាសនានោះទេ ប៉ុន្តែគ្រាន់​តែ​ជា​គំនិត​ដែល​ឆ្ពោះទៅរកភាពសុខសាន្តក្នុងចិត្តប៉ុណ្ណោះ។

ក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សធ្លាក់ក្នុងភាពលោភលន់ចង់បានសម្ភារៈនិយម និងត្រូវហ៊ុំព័ទ្ធទៅដោយវត្ថុប្រណីតរាប់មិនអស់ ជាពេលដែលទស្សនៈនៃវាសនាកំពុងត្រូវបានបំភ្លេចចោលបន្តិចម្តងៗ។

ដោយតែងតែរត់តាមភាពមមាញឹកប្រចាំថ្ងៃ មនុស្ស​ភ្លេច​ថា ប្រាក់ និងទ្រព្យសម្បត្តិមិនអាចនាំ​មក​នូវ​សុភមង្គល​ពិត​ប្រាកដ​នោះ​ទេ។

វាសនាជាគោលដៅដែលយើងទាំងអស់គួរតែឆ្ពោះទៅរក និងលះបង់ដើម្បីសម្រេចបាន។

ឧទាហរណ៍ដូចជាសម្រាប់ខ្ញុំ វាសនារបស់ខ្ញុំគឺផ្សព្វផ្សាយគំនិតនេះទៅកាន់ពិភពលោក ដើម្បីកសាង​ពិភព​លោក​មួយដែលមនុស្សគ្រប់គ្នាអាចរស់នៅដោយសន្តិភាព និងស្នាមញញឹមស្រស់នៅ​លើ​​មុខ។

នេះជា​ហេតុផល​ដែល​មិន​ថាលំបាក​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ JAPO ។

នៅពេលដែលទើបតែចាប់ផ្តើម JAPO គ្មាននរណាម្នាក់យល់ ឬគាំទ្រអ្វីដែលខ្ញុំកំពុងធ្វើនោះទេ។ ក្រោយមក ជំងឺរាតត្បាត Covid-19 បាន​ផ្ទុះ​ឡើង ការ​លំបាក​កាន់​តែ​ច្រើន​ឡើង ពេលខ្លះខ្ញុំស្ទើរ​តែ​បោះ​បង់។ ប៉ុន្តែនៅទីបំផុត ខ្ញុំបានយកឈ្នះគ្រប់យ៉ាង ហើយដើរមកដល់សព្វថ្ងៃនេះ មួយផ្នែកក៏​ដោយ​សារ​តែ​វិន័យដែលខ្ញុំបានកំណត់សម្រាប់ខ្លួនឯង។

មិនចាយវាយខ្ជះខ្ជាយ

ចង់បានច្រើនគឺជារឿងធម្មតា ប៉ុន្តែមុនពេលដែលចំណាយទៅលើអ្វីមួយ ខ្ញុំតែងតែសួរខ្លួន​ឯង​ថា តើ​នោះ​ជា​ការ​ចំណាយ​ដែល​ចាំ​បាច់​ដែរ​ទេ។

ដូចជាការធ្វើដំណើរទៅមក ហូបចុក ជប់លៀង ដើរទិញឥវ៉ាន់… មានការចំណាយជាច្រើន ក្នុងនោះ​មាន​ទាំង​ការ​ចំណាយសម្រាប់ទំនិញប្រណិត និងមានតម្លៃថ្លៃផងដែរ។ ប្រសិនបើនោះជាការចំណាយចាំ​បាច់​សម្រាប់​សម្រេចវាសនារបស់ខ្លួនឯង ដូច្នេះការចំណាយនោះមិនឥតប្រយោជន៍ និង​ខ្ជះ​​ខ្ជាយ​​ឡើយ និង​ផ្ទុយ​ទៅ​វិញ។

ម្យ៉ាងវិញទៀត ចំពោះរឿងរកប្រាក់ ខ្ញុំដឹងច្បាស់ថា នៅលើពិភពលោកនេះមនុស្សគ្រប់គ្នាត្រូវការប្រាក់ដើម្បីរស់នៅ ប៉ុន្តែត្រូវគ្រប់ល្មម ល្មមនឹងផ្តោតលើការសម្រេចជោគវាសនារបស់ខ្លួនប៉ុណ្ណោះ។

ព្យាយាមកែលម្អខ្លួនឯងជានិច្ច

វាសនាមិនមែនជារឿងដែលងាយស្រួលសម្រេចបាននោះទេ ផ្ទុយទៅវិញ នោះជាដំណើរដែលពោរពេញដោយឧបសគ្គ។ ក្នុងអំឡុងពេលនោះ មានដំណាក់កាលជាច្រើនដែលយើងត្រូវឆ្លងកាត់ ពេល​ខ្លះ​នឿយ​ហត់ និង​ធុញ​ថប់។

អ្វី​ដែល​សាមញ្ញ​បំផុត​នោះ​គឺ សូម្បី​តែ​ការងារ​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ពេលខ្លះយើងមានអារម្មណ៍​ថា​មិនចូលចិត្ត មិនមានទំនាក់ទំនង គ្មាន​ការ​បំផុស​គំនិត ​មាន​អារម្មណ៍​ថានោះមិន​មែន​ជាវាសនារបស់ខ្លួន។ ទោះជាយ៉ាងណា ចូរយើងធ្វើឲ្យអស់ពីលទ្ធភាព ខិតខំប្រឹងប្រែងចំពោះការងារនោះ។ យ៉ាង​ហោច​ណាស់ ក្នុង​អំឡុង​ពេល​ខិត​ខំ​ប្រឹង​ប្រែង អ្វីដែលយើងទទួលបានមក​វិញ​គឺ​ជំនាញ បទ​ពិសោធន៍​ត្រូវ​បាន​ប្រមូល​ផ្តុំ និងកំណត់ទស្សនៈរបស់ខ្លួន។

ចំណាយពេលវេលាបង្កើនចំណេះដឹងបន្ថែម ពង្រឹងសមត្ថភាពខ្លួនឯងមិនមែនជារឿងឥតប្រយោជន៍​នោះ​ទេ។

ក្រឡេកមកមើលជីវិតដោយភាពសាមញ្ញ

គូស្នេហ៍ គ្រួសារ មិត្តភ័ក្តិ… មិនថាទំនាក់ទំនងជិតស្និទ្ធយ៉ាងណា មិនថាយើងគ្រប់គ្រងពួកគេតឹង​រ៉ឹង​ប៉ុណ្ណា នៅ​លើ​ពិភព​លោក​នេះ​មនុស្ស​តែ​ម្នាក់​គត់​ដែល​យើងអាចគ្រប់គ្រងបានគឺខ្លួនយើង​ផ្ទាល់។

កុំព្យាយាមផ្លាស់ប្តូរមនុស្សម្នាក់ មិនមានអព្ភូតហេតុកើតឡើងនោះទេ លុះត្រាតែពួកគេចង់ផ្លាស់ប្តូរ។

ហេតុផលដែលនរណាម្នាក់អាចបោកប្រាស់យើងបានក៏ព្រោះតែយើងទុកចិត្តពួកគេពេក គេអាច​ធ្វើឲ្យយើងឈឺចាប់បានដោយសារតែយើងផ្តល់ឳកាសឲ្យពួកគេ។ កុំចាត់ទុករឿងនោះជាគំនុំ ចូរ​យើង​ចាត់​ទុក​ដូច​ជា​មេរៀន រំលឹក​​ខ្លួន​​ឯង​​កុំ​​ធ្វើ​ខុស​ម្តង​ទៀត។

ធ្វើយ៉ាងណាទើបអាចរកឃើញវាសនា?

នេះជារឿងដែលសំខាន់បំផុត។

ប្រាកដជាគ្មានអាទិទេពមកប្រាប់យើងថាវាសនារបស់យើងជាអ្វីនោះទេ។ អ្វីដែលត្រូវធ្វើគឺរស់នៅឲ្យបានល្អនឹងជីវិតបច្ចុប្បន្ន ហើយ​សញ្ជឹងគិត​មើលរយៈពេលដែលធ្វើឲ្យយើង​មាន​សុភមង្គល​ពិត។ ប្រមូល​ផ្តុំ​ចំណុច​ទាំង​នេះ ហើយប្រាកដជាដល់ពេលដែលអ្នកដូចជាខ្ញុំ មើល​ឃើញ​ច្បាស់​ពី​វាសនារបស់​ខ្លួន។

រស់នៅអស់ពីលទ្ធភាពដែលអាចធ្វើបាន ហើយពិចារណាដោយប្រុងប្រយ័ត្ន – នេះជាវិធីសាស្រ្តតែ​មួយ​គត់​សម្រាប់​ស្វែង​រក​វាសនា។

ខ្ញុំជឿថា បើប្រៀបនឹងអ្នកមានផ្សេងទៀត អ្នកដែលរកឃើញវាសនារបស់ខ្លួន ទើបជាអ្នកដែល​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ។

សង្គមកាន់តែរីកចម្រើន មនុស្សប្រកួតប្រជែងគ្នា រកប្រាក់ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន យូរៗទៅ សម្ភារៈ​និយម​កាន់​តែ​សំខាន់ជាងអ្វីៗទាំងអស់។

ប៉ុន្តែសម្ភារៈនិយមមិនអាចបំពេញចិត្តរបស់យើងបានទេ ហើយ​ក៏​មិន​អាច​បញ្ចប់​ជម្លោះ​បាន​ដែរ។

ការអន់ចិត្ត ការច្រណែន ការស្អប់ខ្ពើមនៅតែមាន។

ការច្រណែនគ្នាព្រោះតែសម្ភារៈនិយម​ធ្វើឲ្យ​មនុស្ស​ភ្លេច​​រឿង​​ជា​ច្រើន ហើយ​​នៅ​​ទី​បំផុត​​បាត់​​បង់​សុភមង្គល​​ពិត។

ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាដែលកំពុងអានអត្តបទនេះ នឹងរកឃើញវាសនារបស់ខ្លួន ហើយរក​បាន​​ភាព​​សុខ​​សាន្ត​ក្នុង​ចិត្ត​នៅថ្ងៃណាមួយ។

ជួយឲ្យអ្នកដទៃយល់ និងរកឃើញវាសនារបស់ខ្លួន ចែករំលែកគំនិតវិជ្ជមានទាក់ទងនឹងសុភមង្គល សន្តិភាព ចំណងមិត្តភាព និងផ្សព្វផ្សាយក្តីស្រឡាញ់ទៅគ្រប់ទីកន្លែងដែលយើងអាចធ្វើបាន​នោះ​គឺ​ជាវាសនារបស់ខ្ញុំ ហើយក៏ជាគោលដៅរបស់ JAPO ផងដែរ។

រស់នៅអស់ពីលទ្ធភាព និងស្វែងរកវាសនា – នោះ​គឺ​ជា​ការ​អនុវត្ត​ដ៏​សំខាន់​បំផុត​ដែល​ជីវិតប្រគល់​ឲ្យ​អ្នក។

ក្នុងអំឡុងពេលនោះ យើងប្រាកដជារកឃើញមិត្តរួមដំណើរ ជាមនុស្សដែលមានគោលដៅដូចគ្នា រួម​ដំណើរ​ជា​មួយ​គ្នា។

ពិតជាសំណាងណាស់ព្រោះខ្ញុំបានរកឃើញពួកគេ។

មិត្តស្និទ្ធស្នាល និងភាពស្មោះត្រង់របស់ពួកគេសំខាន់ខ្លាំងណាស់ ដែលប្រាក់មិនអាចទិញបាន។

ខ្ញុំជឿថា នេះជាអត្តន័យនៃជីវិត ហើយក៏ជាទម្រង់ពិតនៃសុភមង្គលផងដែរ។

តើ​សុភមង្គល​ដែលអ្នកទាំងអស់គ្នាកំពុងតែឆ្ពោះទៅរកដូចជាខ្ញុំដែរទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: