សាមូរ៉ៃ និងកំណាព្យបញ្ចប់ជីវិត
សាមូរ៉ៃ និងកំណាព្យបញ្ចប់ជីវិត។
ប្រជាជនជប៉ុនពីមុនធ្លាប់មានទំនៀមទម្លាប់ប្រពៃណីពិសេសមួយគឺមុនពេលចាកចេញពីពិភពលោកនេះ សាមូរ៉ៃនឹងបន្សល់ទុកកំណាព្យបញ្ចប់ជីវិត។ នោះមិនត្រឹមតែជាការផ្តែផ្តាំចុងក្រោយប៉ុណ្ណោះទេ កំណាព្យទាំងនេះនិយាយពីជីវិតរបស់មនុស្សម្នាក់ – ការគិតពិចារណា ទស្សនៈទាក់ទងនឹងជីវិត និងរបៀបដែលពួកគេប្រឈមមុខនឹងសេចក្តីស្លាប់។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងក្រឡេកមកមើលកំណាព្យទាំងនេះ និងអារម្មណ៍របស់យើងចំពោះកំណាព្យ។
Toyotomi Hideyoshi – ជោគជ័យហើយក៏នៅតែផុយស្រួយដូចជាដំណក់ទឹកសន្សើម
ជាមនុស្សម្នាក់ដែលមកពីគ្រួសារកសិករក្រីក្រ Hideyoshi បានក្លាយជាកំពូលអ្នកកាន់អំណាច បង្រួបបង្រួមប្រទេសជប៉ុន ជាអព្ភូតហេតុដែលមិនធ្លាប់មានពីមុនមក។
ប៉ុន្តែក្រឡេកមកមើលឡើងវិញ លោកបានប្រៀបប្រដូចជីវិតរបស់ខ្លួនដូចជាដំណក់ទឹកសន្សើមនាពេលព្រឹក ស្រស់ស្អាត ប៉ុន្តែឆាប់រលាយបាត់៖
露(つゆ)と落ち 露と消えにし 我が身かな
浪速(なにわ)のことも 夢のまた夢
ការបកប្រែកំណាព្យ៖
“រាងកាយយើងប្រៀបដូចជាទឹកសន្សើមធ្លាក់រលាយបាត់
អ្វីគ្រប់យ៉ាងនៅ Naniwa គ្រាន់តែជាសុបិនក្នុងសុបិនប៉ុណ្ណោះ។”
មិនថាជ័យជំនះដ៏រុងរឿងយ៉ាងណានោះទេ ពេលក្រឡេកមើលឡើងវិញប្រៀបបីដូចជាដំណក់ទឹកសន្សើម រលាយបាត់នៅពេលដែលព្រះអាទិត្យរះ។
ជាមនុស្សម្នាក់ដែលធ្លាប់សម្រេចបានសមទ្ធិផលដ៏ធំធេង គ្រាចុងក្រោយនៃជីវិត លោកយល់អំពីការឆ្លងកាត់របស់មនុស្សម្នាក់។
Oda Nobunaga – ការស្លាប់គ្រាន់តែជារឿងដែលមិនអាចជៀសផុត
Oda Nobunaga ជាមេទ័ពដ៏ប៉ិនប្រសប់ម្នាក់ដែលជិតឈានដល់ការបង្រួបបង្រួមជប៉ុន មុនលោក Toyotomi Hideyoshi ទៅទៀត។ ជាអកុសល លោកត្រូវគេក្បត់ និងសម្លាប់ដោយសារអ្នកក្រោមបង្គាប់របស់ខ្លួន។
បណ្តាំចុងក្រោយរបស់គាត់គ្រាន់តែបន្សល់ទុកត្រឹមពាក្យប៉ុន្មានម៉ាត់៖
是非に及ばず(ぜひに およばず)
ការបកប្រែកំណាព្យ៖
“មិនអាចខុសពីនេះទេ។”
បើតាមពាក្យនៅសម័យនេះ ប្រយោគនេះស្របនឹងអត្តន័យ “仕方がない” ដែលអាចយល់បានថា “មិនអាចជៀសផុត” ឬ “គ្មានមធ្យោបាយផ្សេង” ។
មានលក្ខណៈសាមញ្ញ សង្ខេបខ្លី ប៉ុន្តែបង្កប់នូវស្មារតីរបស់មនុស្សម្នាក់ដែលត្រៀមខ្លួនប្រឈមមុខនឹងវាសនា។
Uesugi Kenshin – លាចាកលោកដោយស្ងប់ចិត្ត
Kenshin មិនត្រឹមតែល្បីថាជាអ្នកចម្បាំងដ៏ខ្លាំងម្នាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការកោតសរសើរចំពោះបុគ្គលិកលក្ខណៈរបស់គាត់ផងដែរ។
គ្រាចុងក្រោយក្នុងជីវិត លោកបានសរសេរថា៖
極楽(ごくらく)も 地獄も先は 有明(ありあけ)の
月の心に 懸かる雲なし
ការបកប្រែកំណាព្យ៖
“មិនថានៅចំពោះមុខជាឋានសួគ៌ ឬឋាននរក
ចិត្តរបស់យើងនៅតែភ្លឺដូចជាពន្លឺព្រះច័ន្ទដែលគ្មានពពក។”
មិនថានៅចំពោះមុខជាឋានសួគ៌ ឬឋាននរកកំពុងរង់ចាំ ក្នុងចិត្តរបស់លោកនៅតែស្ងប់សុខ មិនបារម្ភ ឬខ្វល់ខ្វាយអ្វីទាំងអស់។
ឈ្មោះទាំងអស់ដែលបានរៀបរាប់ខាងលើ សុទ្ធតែជាសាមូរ៉ៃដែលបានខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមប្រទេសជប៉ុន។ មិនខ្លាចស្លាប់នោះទេ ពួកគេតែងតែសួរខ្លួនឯងថា តើពួកគេនឹងធ្វើអ្វីមុនពេលចាកចេញ?
ដោយសារតែភាពក្លាហាន និងយល់ច្បាស់អំពីសេចក្តីស្លាប់ ដែលបានជួយឲ្យពួកគេរស់នៅអស់ពីសមត្ថភាព បន្ទាប់មកអាចចាកចេញដោយស្ងប់ចិត្ត ថ្លៃថ្នូរ។
នេះជាលក្ខណៈពិសេសដែលទាក់ទងនឹងទស្សនៈស្លាប់រស់របស់ប្រជាជនជប៉ុន។
ហើយបន្ទាប់មក ទស្សនៈមួយផ្សេងទៀតពីព្រះសង្ឃដ៏ល្បីឈ្មោះមួយអង្គ ព្រះនាម Ikkyu ជាព្រះសង្ឃមួយអង្គដែលល្បីថាមានប្រាជ្ញាជ្រាលជ្រៅ។
ទោះបីជាពាក្យសម្តីរបស់ព្រះសង្ឃមួយអង្គនេះខ្លីក៏ពិតមែន ប៉ុន្តែជាក់ស្តែង៖
死にとうない
ការបកប្រែកំណាព្យ៖
“យើងមិនចង់ស្លាប់នោះទេ។”
មិនលាបពណ៌ មិនបង្ខំចិត្ត គ្រាន់តែជាសំឡេងបេះដូងប៉ុណ្ណោះ។
នៅពេលដែលមនុស្សជិតស្លាប់ ក្នុងចិត្តនឹងមានអារម្មណ៍ខុសគ្នា។ អាចជាអារម្មណ៍សោកស្តាយ ការឈឺចាប់ ឬភាពភ័យខ្លាច។ ទោះជាយ៉ាងណា ចំពោះសាមូរ៉ៃ ពួកគេជ្រើសយកការប្រឈមមុខនឹងសេចក្តីស្លាប់ដោយមោទនភាព និងភាពថ្លៃថ្នូរ។
ទោះបីជាមិនក្លាហានដូចជាសាមូរ៉ៃកាលពីសម័យបុរាណ តើមនុស្សធម្មតាដូចជាយើងប្រឈមមុខនឹងសេចក្តីស្លាប់ក្នុងជីវិតយ៉ាងណា?
តើអាចនឹងបន្សល់ទុកកំណាព្យដ៏មានអត្តន័យដែរទេ…?
Abe Kengo