ប្រាក់ខែដែល​សាមូរ៉ៃ​ទទួល​បាន​ជា​ប្រភេទ​ទំនិញ​មិន​មែន​ជា​សាច់​ប្រាក់​នោះទេ

ប្រាក់ខែដែលសាមូរ៉ៃទទួលបានជាប្រភេទទំនិញមិនមែនជាសាច់ប្រាក់នោះទេ។

នៅជប៉ុនកាលពីសម័យ Edo ធ្លាប់មានប្រព័ន្ធដែលមានឈ្មោះថា Kokudaka (石高) ។ នេះជាប្រព័ន្ធ​វាស់​ស្ទង់ និង​វាយ​តម្លៃ​សេដ្ឋកិច្ច​ក្នុង​សម័យ Edo (១៦០៣-១៨៦៨) ដែលប្រើសម្រាប់កំណត់ទំហំ និង​អំណោច​របស់​​តំបន់​​មួយ (藩 – han) ក៏​ដូច​ជា​ប្រាក់​ខែ​របស់​សាមូរ៉ៃ និង​មន្ត្រី។

កាលសម័យនោះប្រាក់ខែរបស់សាមូរ៉ៃត្រូវបានទូទាត់ដោយរបស់ជាក់ស្តែង ពោលគឺអង្ករ។ មិនទទួល​ប្រាក់​នោះ​ទេ គ្រាន់តែទទួលបានស្រូវអង្ករប៉ុណ្ណោះ ដូច្នេះតើពួកគេហូបបាយសជារៀងរាល់ថ្ងៃ​​ឬ​​យ៉ាង​​ណា?

ក្នុងប្រព័ន្ធវាស់ស្ទង់ Kokudaka ឯកតា ១ 石 (ichi-koku) ស្មើនឹងអង្ករប្រហែល ១៥០ គីឡូក្រាម – នេះជាបរិមាណអង្ករដែលត្រូវបានគេចាត់​ទុក​ថា គ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្សពេញវ័យម្នាក់ក្នុង​មួយ​ឆ្នាំ។

ទោះជាយ៉ាងណា នៅពេលដែលនិយាយថាសាមូរ៉ៃម្នាក់ទទួលបាន ១០០ 石 មិនមានន័យថា គាត់ទទួលបាន ១០០ 石 អង្ករសម្រាប់បរិភោគនោះទេ ប៉ុន្តែនោះគ្រាន់តែជាប្រាក់ចំណូលកេរ្តិ៍ឈ្មោះប៉ុណ្ណោះ ដូច្នេះស្តេចក្រាញ់នឹងទូទាត់ចំណាយជាក់ស្តែង (ជាទូទៅតែងតែតិចជាង) សម្រាប់គ្រួសារ និងអ្នកបម្រើ។

អង្ករត្រូវបានចែក ចំណែកឯអាហារ និងរបស់ចាំបាច់ផ្សេងទៀត តើត្រូវធ្វើយ៉ាងណា? ព្រោះ​ថា​មិន​អាច​ហូប​បាយសរាល់ថ្ងៃនោះទេ ថែមទាំងមានការចំណាយទៅលើអាវុធ​ កន្លែង​ស្នាក់​នៅ ទាំងអស់នេះ​ចំណាយ​ច្រើនណាស់។ ប្រសិនបើទទួលបានតែអង្ករ តើសាមូរ៉ៃធ្វើយ៉ាងណាអាចរ៉ាប់​រង​ចំណាយ​ទាំងនេះ?

នេះជាមូលហេតុដែលមានឈ្មួញប្រមូលទិញអង្ករដើម្បីប្តូរទៅជាសាច់ប្រាក់។

សាមូរ៉ៃទុកអង្ករគ្រប់ល្មមហូប សល់ប៉ុន្មានទៀតប្តូរទៅជាប្រាក់សម្រាប់ចាយវាយ។

ត្រង់ចំណុចនេះមានសំណួរមួយសួរថា៖

“ហេតុអ្វីបានជាមិនប្រគល់ប្រាក់ខែជាសាច់ប្រាក់ ឬមាស ដូច្នេះងាយស្រួលជាង?”

នេះជាចម្ងល់ធម្មតានោះទេ ម្យ៉ាងវិញទៀត ប្រជាជនជប៉ុននាសម័យនោះក៏ធ្លាប់គិតអំពីរឿងនេះដែរ។

យ៉ាងណាមិញ ប្រហែលជាសម្រាប់អ្នកទទួល អង្ករគឺជាមធ្យោបាយដ៏ល្អបំផុត។

នៅសម័យនោះ ប្រទេសជប៉ុនមានប្រាក់ទៅហើយ ប៉ុន្តែរូបិយប័ណ្ណមិនបានបង្រួបបង្រួមទេ ជាក់ស្តែង​ដូច​ជា៖

  • ភាគខាងកើតប្រទេសជប៉ុន (រួមទាំងទីក្រុងតូក្យូ) ភាគច្រើនប្រើកាក់មាស
  • ភាគខាងលិចប្រទេសជប៉ុន (រួមទាំងអូសាកា) ភាគច្រើនប្រើកាក់ប្រាក់

ម៉្យាងវិញទៀត នៅតំបន់នីមួយៗ (ដែលស្មើនឹងខេត្តក្រុងសព្វថ្ងៃ) ថែមទាំងមានរូបិយប័ណ្ណដោយ​ឡែក ដូច្នេះ​ហើយ រូបិយ​ប័ណ្ណ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ណាស់។

ជាការពិតណាស់ មានឈ្មួញមួយចំនួនទទួលប្តូរប្រាក់ ប៉ុន្តែថ្លៃប្តូរប្រាក់ខ្ពស់ ហើយអត្រាប្តូរប្រាក់ក៏ប្រែ​ប្រួល​ដែរ ដូច្នេះ​ការប្រើប្រាស់មិនងាយស្រួលនោះទេ។

ផ្ទុយទៅវិញ តម្លៃអង្ករស្ទើរតែស្មើគ្នានៅទូទាំងប្រទេសជប៉ុន ដូច្នេះការជួញដូរនៅតាមតំបន់ អង្ករបានក្លាយជាមធ្យោបាយទូទាត់ដែលងាយស្រួលបំផុត។

អាច​និយាយ​បាន​ថា អង្ករគឺជា​រូបិយប័ណ្ណ​រួមនៅទូទាំងប្រទេសជប៉ុននាសម័យនោះ។

ប្រជាជនជប៉ុននៅសម័យនោះបរិភោគអាហារមានលក្ខណៈសាមញ្ញ សូម្បីតែសាមូរ៉ៃក៏ដូច្នេះដែរ។ ភាគ​ច្រើន​អាហារមានដូចជាបាយស ត្រី បន្លែ និងស៊ុបមីសូមួយចាន។ មុខម្ហូបទាំងនេះគ្រាន់តែបន្ថែម​ភាព​សម្បូរបែប​​របស់​​អាហារ​​ប៉ុណ្ណោះ ព្រោះ​ថា​អាហារ​ដែល​សំខាន់​បំផុត​នៅ​តែ​ជា​អង្ករ។

អង្ករត្រូវបានប្រៀបដូចជាគ្រាប់គុជដ៏មានតម្លៃពី​លើមេឃ ដែលអាចនាំមកនូវអារម្មណ៍ឆ្អែត កក់​ក្តៅ និងចិញ្ចឹមមនុស្ស ថែមទាំងដើរតួនាទីដូចជារូបិយប័ណ្ណសម្រាប់ប្រជាជនជប៉ុននាពេលនោះ។

សព្វថ្ងៃនេះ សង្គមកាន់តែរីកចម្រើន កសិកម្មក៏រីកចម្រើនទៅតាមនោះដែរ។ ប៉ុន្តែសម្រាប់ប្រជា​ជនជប៉ុន អង្ករនៅតែជាស្បៀងអាហារសំខាន់ បាយ​មួយ​ចាន​ដែល​ក្តៅ​ឆ្ងាញ់ មានក្លិនក្រអូបរបស់​ដី និង​មេឃ ដែល​ប្រភេទ​អាហារ​ផ្សេង​ទៀត​មិនអាចជំនួសបានឡើយ។

ការឲ្យតម្លៃដែលប្រជាជនជប៉ុនយើងខ្ញុំមានចំពោះអង្ករតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ឆ្លង​កាត់​ជា​ច្រើន​ជំនាន់​មិន​ផ្លាស់​ប្តូរ។ យើងខ្ញុំដឹងគុណអាហារជារៀងរាល់ថ្ងៃ អង្ករមួយគ្រាប់ៗ និង​តែង​តែ​ដឹង​គុណ​ចំពោះ​អំណោយ​ពី​ធម្មជាតិ​ដែល​ទេវតា​បាន​ប្រទានដល់មនុស្សជាតិ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: