សម្រង់ពាក្យសម្តីដែលមានអត្តន័យ​ជ្រាលជ្រៅរបស់កំពូលសាមូរ៉ៃជប៉ុន

សម្រង់​ពាក្យ​សម្តី​ដែល​មាន​អត្តន័យ​​​ជ្រាល​ជ្រៅ​របស់​កំពូល​សាមូរ៉ៃ​ជប៉ុន។

ថ្វីត្បិតតែ ធ្លាប់មានការជជែកវែកញែកជាច្រើននិយាយពីប្រធានបទ “តើនរណាជាសាមូរ៉ៃដ៏អស្ចារ្យ​​បំផុត​នៅ​ជប៉ុន?” មានមតិយោបល់ជាច្រើនលើកឡើង ប៉ុន្តែប្រហែលជាឈ្មោះដែលត្រូវបាន​​គេ​រំលឹក​ដល់​ច្រើនបំផុត​គឺ Miyamoto Musashi ។

លោកជាអ្នកដែលបានយកឈ្នះការប្រកួតដ៏សាហាវជាង ៦០ ដង និងបានបង្កើតក្បាច់គុនថ្មីដែល​មាន​ឈ្មោះ​ថា Niten Ichiryu – ក្បាច់​ដាវ​ទាំង​ពីរ។

ជាមនុស្សម្នាក់ដែលតែងតែដើរនៅលើ​វិថី​សិល្បៈ​ក្បាច់គុនជានិច្ច ហើយពាក្យសម្តីដែលលោកបានបន្សល់​ទុក​សុទ្ធ​តែ​មាន​ប្រយោជន៍ ទោះ​បីជានៅសម័យកាលអាជីវកម្មសព្វថ្ងៃនេះក៏ដោយ។

ប្រសិនបើអាច ចូរយើងចងចាំសម្រង់ពាក្យសម្តីដែលប្រិយមិត្តអ្នកទាំងអស់ចូលចិត្ត ប្រហែលជាសម្រង់​ពាក្យ​សម្តី​ទាំង​នេះ​អាច​​នឹង​​សំខាន់​​សម្រាប់​អ្នក​នា​ពេល​អនាគត។

“千日の稽古をもって鍛(たん)となし、万日の稽古を持って練となす”

“ហ្វឹកហាត់ ១.០០០ ថ្ងៃដើម្បីក្លាយជា ‘លត់’ ហ្វឹកហាត់ ១០.០០០ ថ្ងៃដើម្បីក្លាយជា ‘ហាត់’។”

ទោះបីជាមានសមត្ថភាពដល់ថ្នាក់ណាក៏មិនអាចអួតអាងនោះដែរ ត្រូវហ្វឹកហាត់ជាប្រចាំ។

ដើម្បី​សម្រេចបានភាពជោគជ័យពិតប្រាកដ មនុស្ស​គ្រប់​រូប​ត្រូវ​​ឆ្លង​កាត់​​ការ​​ខិត​ខំ​​ប្រឹង​ប្រែង។

“空(そら)を道とし、道を空とみる”

“យកមេឃធ្វើជាតៅ ចាត់ទុកតៅដូចជាមេឃ។”

នេះជាប្រយោគដែលខ្លួនខ្ញុំផ្ទាល់ពិតជាចូលចិត្តណាស់។

ក្នុងនោះ “តៅ” គឺជាគោលដៅក្នុងជីវិត “មេឃ” តំណាងឲ្យស្ថានភាពចិត្ត ពិភពលោកមានសេរីភាព គ្មាន​ដែន​កំណត់ មិន​មាន​ចំណង​ព្រោះ​តែ​ការ​ប្រកាន់។

សម្រង់ពាក្យសម្តីរបស់លោកបានផ្តល់ដំបូន្មានថា ចូរកំណត់គោលដៅជីវិតដោយផ្អែកលើគំនិតដែលមានសេរីភាព មិនត្រូវចងភ្ជាប់ដោយទម្រង់ណាមួយ។ ថ្វីត្បិតតែ ក្នុងជីវិត ដើម្បីធ្វើបានដូច្នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

“一理(いちり)に達すれば万法(ばんぽう)に通ず”

“យល់អំពីគោលការណ៍មួយ នោះនឹងយល់គ្រប់វិធីសាស្រ្តទាំងអស់។”

ប្រយោគ​នេះ​មាន​ន័យ​ថា ប្រសិន​​បើ​​យើង​​ស្ទាត់​​ជំនាញ​​រឿង​​មួយ យើង​​អាច​​អនុវត្ត​​លើ​គ្រប់​វិស័យផ្សេង​ទៀត។ 

ទោះបីជាការងារបច្ចុប្បន្នមិនធ្វើឲ្យយើងពេញចិត្តក៏ដោយ ប្រសិនបើយើងបន្តរហូតដល់ទីបញ្ចប់ ផ្លូវ​នា​ពេល​អនាគត​នឹង​បើក​ចំហ។

“構えあって構えなし”

“អាចការពារខ្លួន ហើយក៏ដូចជាមិនអាចការពារខ្លួន។”

ក្នុងក្បាច់គុន អ្វីគ្រប់យ៉ាងចាប់ផ្តើមដោយក្បាច់ការពារខ្លួន។

ធម្មតាក្បាច់ការពារខ្លួនគឺដើម្បីទប់ទល់នឹងចលនារបស់គូប្រកួត។ ប៉ុន្តែនៅពេលដែលឈានដល់កម្រិតខ្ពស់ ក្បាច់ការពារខ្លួនលែងស្ថិតក្នុងទម្រង់ដើមទៀតហើយ។

ក្នុងអាជីវកម្មក៏ដូច្នេះដែរ ប្រសិនបើយើងចាត់ទុកច្បាប់ ស្តង់ដារក្នុងវិស័យនេះប្រៀបបីដូចជាក្បាច់​គុន យើងមិនគួរជាប់ចំណងដោយសារវានោះទេ។

យ៉ាងណាមិញ ជាដំបូងត្រូវស្ទាតជំនាញក្បាច់ការពារខ្លួនសិន។ យល់ច្បាស់អំពីច្បាប់ទាំងអស់ បន្ទាប់​មក​បំបែក​ដែន​កំណត់​ទាំង​នោះ​ដើម្បី​ឆ្ពោះ​ទៅ​មុខ – នោះ​គឺជាផ្លូវទៅកាន់ភាពជោគ​ជ័យ។

“武士(ぶし)は己を知るもののために死す”

“អ្នក​ចម្បាំងម្នាក់សុខចិត្តស្លាប់រស់ដើម្បីអ្នកដែលយល់ពីខ្លួន។”

សាមូរ៉ៃមួយរូបសុខចិត្តប្រយុទ្ធ ហើយ​ថែម​ទាំង​លះបង់​ជីវិត​ដើម្បី​អ្នក​ដែល​យល់​ពី​គាត់។

ក្នុងសម័យបច្ចុប្បន្ន នោះប្រហែលជាប្តីប្រពន្ធ គូស្នេហ៍ មិត្តរួមការងារ ឬមិត្តភក្តិជិតស្និទ្ធ។

ប្រសិនបើជាអ្នក តើអ្នកទាំងអស់គ្នាហ៊ានការពារពួកគេដោយលះបង់ជីវិតរបស់ខ្លួនដែរទេ?

“役に立たぬことを、せざる事”

“កុំធ្វើរឿងឥតប្រយោជន៍។”

កុំធ្វើរឿងឥតប្រយោជន៍ គ្រាន់តែខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។

សូមក្រឡេកមើលរហូតមកដល់ពេលនេះ តើយើងកំពុងចំណាយពេលវេលា និងប្រាក់កាក់ជារៀងរាល់ថ្ងៃសម្រាប់គោលបំណងអ្វី? តើរឿងទាំងអស់នោះពិតជាមានអត្តន័យដែរទេ?

ជា​ការ​ពិត​ណាស់ យើង​ទាំង​អស់​គ្នា​មាន​សិទ្ធិ​រីករាយនឹងសមទ្ធិផលដែលខ្លួនធ្វើបាន ដោយវិធីសាស្រ្ត​​ខុសៗ​​គ្នា។ អ្នកខ្លះចូលចិត្តជួបជុំគ្នា ផឹកស្រាជាមួយមិត្តភក្តិ អ្នកខ្លះទៀតមិនចូលចិត្តស្រា​បៀរ​នោះ​ទេ ប៉ុន្តែចូលចិត្តលេងហ្គេមវីដេអូ… ឬទម្រង់កម្សាន្តជាច្រើនផ្សេងទៀត។

ខ្ញុំ​មិន​គិត​ថា ​រឿង​ទាំង​នេះ​អាក្រក់នោះ​ទេ ប៉ុន្តែយើងអាចនឹងអាក្រក់ទៅៗ ប្រសិនបើយើងមិនអាច​បែង​ចែក​រវាង​ការ​សប្បាយ​ផ្ទាល់​ខ្លួន និង​ជីវិត។

ការលេងសប្បាយ កម្សាន្ត ជួបជុំមិត្តភក្តិ ប៉ុន្តែកុំភ្លេចចំណាយពេលមើលថែគ្រួសារ ការចំណាយពេល​លើ​ចំណុច​ទាំង​នេះក៏គួរតែមានកម្រិតដែរ ព្រោះលុយកាក់ពិបាករកបានមិនគួរខ្ជះខ្ជាយឡើយ។

ប្រសិនបើតម្លៃស្រាបៀរមួយកេសស្មើនឹងទឹកដោះគោមួយកេស ហើយនៅពេលដែលខ្លួនមិនទាន់​ធូរ​ធារ សូមពិចារណាឡើងវិញរឿងផឹកជាមួយមិត្តភក្តិ ឬ​ទិញ​ទឹក​ដោះគោឲ្យកូន។

ចែក​រំលែក​បន្តិច​អំពី​ខ្លួន​ខ្ញុំ​ផ្ទាល់។

នៅពេលដែលខ្ញុំទើបចាប់ផ្តើម JAPO គ្មាននរណាម្នាក់យល់ព្រម ឬគាំទ្រនោះទេ។ ឆ្លងកាត់រយៈពេល ៩ ឆ្នាំមកហើយ អំឡុង​ពេល ៩ ឆ្នាំដែលខ្ញុំខំប្រឹងលុប​បំបាត់រឿងដែលគ្មានប្រយោជន៍ក្នុងជីវិត ហើយ​​ឆ្ពោះ​ទៅ​​មុខ​​ជា​និច្ច។

ឥឡូវនេះ ខ្ញុំមានដៃគូ និងអ្នកគាំទ្រដែលយល់ពីខ្ញុំ គ្មានអ្វីសប្បាយចិត្តជាងនេះឡើយ។

ការស្រលាញ់ចូលចិត្ត និងគាំទ្ររបស់ប្រិយមិត្តអ្នកអានទាំងអស់គ្នាគឺជាកម្លាំងចិត្តសម្រាប់ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ និង​អ្នក​ដែល​កំពុងដើរជាមួយខ្ញុំនៅ JAPO អាច​រឹង​មាំបន្តដើរនៅលើផ្លូវរបស់ខ្លួន។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកអានទាំងអស់គ្នា JAPO សង្ឃឹមថា នឹងទទួល​បាន​ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: