“សត្វសុីស្រមោចសម្លាប់មនុស្ស…” និងខ្លឹមសារអុីម៉ែលដែលធ្វើឲ្យយើងឆ្ងល់ ហើយបង្កប់ទៅដោយគ្រោះថ្នាក់
“សត្វសុីស្រមោចសម្លាប់មនុស្ស…” និងខ្លឹមសារអុីម៉ែលដែលធ្វើឲ្យយើងឆ្ងល់ ហើយបង្កប់ទៅដោយគ្រោះថ្នាក់។
នៅសម័យកាលដែលបច្ចេកវិទ្យាព័ត៌មានកាន់តែរីកចម្រើន ការប្រើប្រាស់ប្រព័ន្ធអុីនធឺណេតនាំមកនូវភាពងាយស្រួលជាច្រើន ប៉ុន្តែក៏មានហានិភ័យមិនតិចនោះដែរ។
ក្នុងនោះ email (អុីម៉ែល) គឺជាមធ្យោបាយផ្ញើសារ និងផ្លាស់ប្តូរព័ត៌មាននៅលើប្រព័ន្ធអុីនធឺណេត ហើយជាទូទៅគ្រោះថ្នាក់ដែលយើងតែងតែជួបប្រទះបំផុតគឺអុីម៉ែលសំរាម ឬយើងហៅថា “spam” ។ សារទាំងនោះអាចនឹងមានតំណភ្ជាប់ដែលឆ្លងមេរោគ ឬនាំទៅកាន់គេហទំព័រដែលមានចេតនាអាក្រក់។
ថ្វីត្បិតតែ យើងមិនចង់បើកសារទាំងនោះ ប៉ុន្តែអុីម៉ែលមួយចំនួនបែរជាមានចំណុចដែលមិននឹកស្មានដល់ ដែលធ្វើឲ្យអ្នកទទួលមានការងឿងឆ្ងល់។
ចូរយើងក្រឡេកមកមើលអុីម៉ែលដ៏អាក្រក់ទាំងនេះ ដើម្បីដឹងពីខ្លឹមសារអុីម៉ែលទាំងអស់គ្នា។
“រយៈពេលមួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីពេលដែលប្តីរបស់ខ្ញុំត្រូវសត្វសុីស្រមោចសម្លាប់។”
គ្រាន់តែចំណងជើងអុីម៉ែលបែបនេះក៏អាចធ្វើឲ្យខ្ញុំឆ្ងល់រហូតដល់ថ្នាក់ទ្រាំមិនបានទៅហើយ។
អុីម៉ែលនេះត្រូវបានផ្ញើចេញពីស្រ្តីមេម៉ាយម្នាក់អាយុ ២៩ ឆ្នាំ ដែលមានឈ្មោះថា Sayaka ។ នាងបានសរសេរថា ប្តីរបស់នាងបានចែកឋានរយៈពេលមួយឆ្នាំទៅហើយ ដោយបន្សល់ទុកឲ្យនាងនូវទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនាងកំពុងស្វែងរកអ្នកដែលអាចបំពេញតម្រូវការផ្លូវភេទរបស់ខ្លួនបាន ដែលជាខ្លឹមសារដ៏គួរឲ្យភ្ញាក់ផ្អើល។
ប៉ុន្តែជាងនេះទៅទៀត អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ត្រង់ថា៖ តើសត្វសុីស្រមោចអាចសម្លាប់មនុស្សដែរទេ? មាត់របស់សត្វសុីស្រមោចតូចយ៉ាងនេះ តើវាអាចធ្វើអ្វីបាន? ខ្ញុំចាំថា ខ្លួនមិនអាចទ្រាំនឹងចម្ងល់ក៏ឡើងអុីនធឺណេតរកមើល។
តាមពិតទៅ មាត់តូចរបស់វាគឺមិនអាចសុីសាច់មនុស្សបានទេ ប៉ុន្តែក្រញ៉ាំរបស់វាពិតជាខ្លាំងណាស់។
ដូច្នេះហើយ ខ្ញុំទទួលបានចំណេះដឹងមួយផ្សេងទៀត ដែលមិនដឹងថាពេលណាទើបអាចយកមកប្រើនោះទេ។
“អ្នកប្រហែលជាមិនជឿនោះទេ ប៉ុន្តែខ្ញុំជាសត្វស្វាមួយក្បាល។”
ចំណងជើងអុីម៉ែលនេះពិតជាពិសេសខ្លាំងណាស់។
ទោះបីជាខ្ញុំលាន់មាត់និយាយថា៖ “មិនអាចទៅរួចនោះទេ” ប៉ុន្តែខ្ញុំនៅតែមិនអាចទប់នឹងអារម្មណ៍ចង់របស់ខ្លួនបានឡើយ ដោយចង់ដឹងថា “សត្វស្វាមួយក្បាលនោះ” មានបំណងអ្វី។ ហើយនៅទីបំផុតខ្ញុំបានបើកមើល។
យោងតាមខ្លឹមសារក្នុងអុីម៉ែល ហាក់បីដូចជាសត្វស្វាមួយក្បាលនេះបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងតឹងរ៉ឹងរយៈពេលពីរឆ្នាំទើបចេះអានចេះសរសេរ។ បើសិនជារឿងនេះជាការពិត នេះប្រាកដជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលទូទាំងពិភពលោក។
ប៉ុន្តែចំណុច “ដ៏អស្ចារ្យ” បំផុតស្ថិតលើប្រយោគនេះ៖
“ទោះបីជាអ្នកជាមនុស្សដែលមានមុខមាត់អាក្រក់ ហើយនៅក្នុងពិភពរបស់មនុស្សគ្មាននរណាម្នាក់ចាប់អារម្មណ៍ក៏ដោយ យ៉ាងហោចណាស់ ក្នុងពិភពរបស់ស្វា អ្នកនៅតែជាបុរសសង្ហាម្នាក់” ។
ព្រោះតែខ្លួនជាបុរសម្នាក់ដែលមិនសូវមានភាពទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្សស្រី ប្រយោគនេះពិតជាបានទាក់ទាញចិត្តរបស់ខ្ញុំ។ ប៉ុន្តែប្រសិនបើទទួលបានការស្រលាញ់របស់សត្វស្វាច្រើនយ៉ាងនេះ… ក៏ពិបាកនឹងសប្បាយចិត្តបានដែរ។
“Re: និយាយពីដំណើរកម្សាន្តជ្រោះទឹកក្តៅដែលបុរសស្រ្តីងូតទឹកជាមួយគ្នានាពេលខាងមុខ”
ចំណងជើងនេះក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរ។
ក្នុងអុីម៉ែល “Re” គឺជាអក្សរកាត់ដែលមកពីពាក្យ Reply ដែលមានន័យថាឆ្លើយតប។
ទោះបីជាខ្ញុំមិនដែលផ្ញើអ្វីក៏ដោយ ប៉ុន្តែអុីម៉ែលដែលបានទទួលបែរជាមានពាក្យ “Re” ដូចជាកំពុងឆ្លើយតបអុីម៉ែលរបស់ខ្ញុំ។
“គ្មានផ្លូវនោះទេ ដែលខ្ញុំកក់ដំណើរកម្សាន្តដ៏គួរឲ្យអស់សំណើចបែបនេះ។” – ដោយគិតដូច្នេះ ខ្ញុំក៏បានបើកមើល ហើយខ្លឹមសារអុីម៉ែលមានត្រឹមប្រយោគមួយគត់ប៉ុណ្ណោះគឺ៖
“បញ្ជីឈ្មោះអ្នកចូលរួមត្រូវបានកំណត់។ សូមពិនិត្យមើលបញ្ជីឈ្មោះតាមរយៈតំណភ្ជាប់។”
ជាការពិតណាស់ ខ្ញុំពិតជាចង់ដឹងថា អ្នកដែលចូលរួមជានរណា ហើយឯកសាររបស់ពួកគេយ៉ាងណា ប៉ុន្តែឯកសារ Excel ដែលភ្ជាប់មកជាមួយនោះទំនងជាឆ្លងមេរោគ ដូច្នេះខ្ញុំមិនបានបើកមើលនោះទេ។
ទាំងនេះប្រៀបដូចជាកំពុង “ខ្ជះខ្ជាយបុគ្គលដែលមានទេពកោសល្យ” ។
គំនិតពិសេសប្លែក ពាក្យពេចន៍ដែលសរសេរល្អឥតខ្ចោះ ប៉ុន្តែយ៉ាងហោចណាស់គួរតែប្រើទៅលើរឿងដែលល្អជាងនេះមែនទេ?
តាមរយៈខ្លឹមសារអត្តបទនេះ យើងសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នាដែលប្រើប្រាស់ប្រព័ន្ធអុីនធឺណេត និងទំនាក់ទំនងគ្នាតាមរយៈអុីម៉ែលបង្កើនការប្រុងប្រយ័ត្នចំពោះសារសំរាម ដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ “ជនឆបោក” ដ៏មានទេពកោសល្យទាំងនេះ។
Abe Kengo