ភោជនីយដ្ឋានដែលតែងតែលើកម្ហូបខុស ប៉ុន្តែបែរជាទទួលបានការសរសើរនៅទូទាំងពិភពលោក
ភោជនីយដ្ឋានដែលតែងតែលើកម្ហូបខុស ប៉ុន្តែបែរជាទទួលបានការសរសើរនៅទូទាំងពិភពលោក។
នៅប្រទេសជប៉ុន មានភោជនីយដ្ឋានមួយទទួលបានការចាប់អារម្មណ៍ និងសរសើរពីកន្លែងជាច្រើនជុំវិញពិភពលោក។ យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា នៅទីនេះមិនមែនជាភោជនីយដ្ឋានធំ ឬល្បីថាមានមុខម្ហូបឆ្ងាញ់ៗនោះទេ ប៉ុន្តែនេះគ្រាន់តែជាភោជនីយដ្ឋានតូចមួយប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតត្រង់ថា នៅទីនេះមិនមានយុវជនដែលមានដៃជើងរហ័សរហួននោះទេ បុគ្គលិកដែលធ្វើការនៅទីនេះសុទ្ធតែជាបុរស និងស្ត្រីដែលមានវ័យចំណាស់។ មិនត្រឹមតែប៉ុណ្ណឹង មុខម្ហូបដែលលើកឲ្យភ្ញៀវក៏តែងតែច្រឡំផងដែរ មិនមែនជាម្ហូបដែលបានកុម្ម៉ង់នោះទេ។
ជាមួយនឹងបញ្ហាទាំងនេះ ហេតុអ្វីបានជាកន្លែងនេះបែរជាទាក់ទាញភ្ញៀវ ថែមទាំងទាក់ទាញការចាប់អារម្មណ៍ និងការសរសើរពីមនុស្សជាច្រើន? ដើម្បីយល់កាន់តែច្បាស់អំពីភោជនីយដ្ឋានដែលពិសេសនេះ សូមតាមដានខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។
មិនមែនដោយសារតែមុខម្ហូប ឬបរិយាកាសនោះទេ ចំណុចសំខាន់ស្ថិតលើបុគ្គលិកដែលបម្រើការនៅភោជនីយដ្ឋាននេះ។ ពួកគាត់គឺជាមនុស្សចាស់ដែលមានជំងឺវង្វេងវង្វាន់។
ជំងឺវង្វេងវង្វាន់គឺជាស្ថានភាពទូទៅដែលតែងតែកើតឡើងចំពោះមនុស្សចាស់ ដែលជាទម្រង់នៃការភ្លេចភ្លាំង ហើយរោគសញ្ញាសំខាន់គឺបាត់បង់ការចងចាំរយៈពេលខ្លី។
អ្នកដែលមានជំងឺវង្វេងវង្វាន់អាចនឹងចាំរឿងកាលពីអតីតកាលច្បាស់ ប៉ុន្តែបែរជាមិនអាចចាំរឿងដែលកើតឡើងថ្មីៗទៅវិញ។ ដែលបណ្តាលឲ្យកើតមានស្ថានភាពលោកតាលោកយាយមិនចាំថាខ្លួនបានហូបអាហារ ពេលខ្លះថែមទាំងដើរវង្វេងផ្លូវព្រោះតែភ្លេចផ្លូវទៅផ្ទះ។
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ប្រទះឃើញស្ថានភាពនេះហើយមែនទេ? ជាពិសេសអ្នកដែលកំពុងមើលថែទាំជីដូនជីតាចាស់ជរា និងឪពុកម្ដាយដែលមានអាយុច្រើន។
នៅបណ្តាប្រទេសអភិវឌ្ឍន៍ ចំនួនប្រជាជនវ័យចំណាស់កំពុងកើនឡើងយ៉ាងលឿន អត្រាមនុស្សចាស់កំពុងកើនឡើង ដែលធ្វើឲ្យយុវជនជំនាន់ក្រោយពិបាកនឹងរ៉ាប់រងគ្រប់យ៉ាង។ ដូច្នេះហើយ មនុស្សចាស់ក៏ត្រូវការឱកាសបន្តការងារផងដែរ ដើម្បីកាត់បន្ថយបន្ទុកសម្រាប់យុវជន។ ទោះជាយ៉ាងណា យើងក៏ដឹងដែរថា នៅពេលដែលរោគសញ្ញានៃជំងឺវង្វេងវង្វាន់កើតឡើង គេមិនអាចធ្វើការ ឬស្វែងរកការងារធ្វើបានទេ។
ប៉ុន្តែនៅភោជនីយដ្ឋាននេះ ជាកន្លែងដែលបុគ្គលិកទាំងអស់សុទ្ធតែជាមនុស្សដែលមានជំងឺវង្វេងវង្វាន់ ភ្ញៀវបែរជាមិនប្រកាន់ ប៉ុន្តែផ្ទុយទៅវិញថែមទាំងញញឹមសប្បាយរីករាយនឹងទទួលយក “កំហុសឆ្គង” ដែលកើតឡើង។
ជាក់ស្តែង នៅពេលដែលកើតជំងឺវង្វេងវង្វាន់ មនុស្សចាស់ជាច្រើនតែងតែនៅម្នាក់ឯង ឬមន្ទីរពេទ្យ ដែលធ្វើឲ្យពួកគេបាត់បង់ទំនាក់ទំនងជាមួយសង្គម។ លទ្ធផលធ្វើឲ្យជំងឺកាន់តែធ្ងន់ឡើង ហើយពួកគេត្រូវរស់នៅក្នុងភាពអស់សង្ឃឹម ដោយរង់ចាំតែសេចក្តីស្លាប់មកដល់ប៉ុណ្ណោះ។
ហើយក្នុងភាពអស់សង្ឃឹមនោះ ពួកគេបដិសេធមិនទទួលយកថ្នាំ និងការព្យាបាល។ មនុស្សចាស់ជាច្រើនបានឆ្លងកាត់ពេលវេលាចុងក្រោយរបស់ខ្លួនក្នុងភាពឯកកោ និងទុក្ខព្រួយ។
យ៉ាងណាមិញ នៅភោជនីយដ្ឋានដ៏ពិសេសនេះ ភ្ញៀវវ័យក្មេងដែលមកដល់ហាងមិនបានសើចចំអក ឬមើលងាយមនុស្សចាស់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។
ទោះបីជាមនុស្សដែលមានជំងឺវង្វេងវង្វាន់មិនចាំរឿងបច្ចុប្បន្នក៏ដោយ ប៉ុន្តែពួកគេចាំរឿងកាលពីអតីតកាលបានច្បាស់ណាស់។ ហើយប្រហែលជា នៅពេលដែលស្តាប់រឿងចាស់ៗអាចនឹងក្លាយជាតម្រុយជួយដោះស្រាយបញ្ហាសង្គមសព្វថ្ងៃ។ ម្យ៉ាងវិញទៀត ការផ្តួចផ្តើមគំនិតអាជីវកម្មថ្មីអាចនឹងផ្តើមចេញពីការសន្ទនាទាំងនេះដែរ។
សព្វថ្ងៃនេះ នៅពេលដែលពិភពលោករីកចម្រើន មនុស្សរស់នៅបែបប្រញាប់ប្រញាល់។ ខ្ញុំជឿថា ក្នុងស្ថានភាពដ៏មមាញឹកនេះ ពេលខ្លះយើងគួរតែទុកភាពមមាញឹកទាំងនោះមួយឡែក បន្ធូរអារម្មណ៍ ហើយទទួលទានអាហារម្តងមួយៗ។ ស្តាប់អ្នកដទៃ ហើយក៏ងាកមកមើលខ្លួនឯងផងដែរ។
ចេះអាណិតអាសូរ ព្រមទទួលយក និងស្រលាញ់អ្នកដ៏ទៃគឺជា “ការស្រលាញ់មនុស្សជាតិ” ។
ហើយចំណុចនោះជាការសាបព្រួសដល់យុវជនជំនាន់ក្រោយនូវស្មារតីស្រលាញ់សន្តិភាព រស់នៅជាមួយគ្នា និងអភិវឌ្ឍន៍ជាមួយគ្នា។
រឿងរ៉ាវនិយាយពីភោជនីយដ្ឋានពិសេសនេះត្រូវបានចាក់ផ្សាយនៅលើកម្មវិធីទូរទស្សន៍ និងទស្សនាវដ្ដីជាង ២០ ប្រទេស ហើយភោជនីយដ្ឋានដែលយកតម្រាប់តាមទម្រង់នេះកំពុងតែច្រើនឡើងនៅជុំវិញពិភពលោក។
បច្ចុប្បន្ននេះ សង្គមផ្តោតសំខាន់លើការប្រកួតប្រជែង ហើយសរសើរអ្នកដែលជោគជ័យ។ មនុស្សជាច្រើនផ្តោតលើវិធីសាស្រ្តរកប្រាក់ឲ្យកាន់តែច្រើន។
ខ្ញុំធ្លាប់ឮសម្រង់ពាក្យសម្តីបែបនេះ៖
“ដណ្តើមគ្នាមិនមានអារម្មណ៍ថាគ្រប់គ្រាន់នោះទេ
ការចែករំលែកទើបគ្រប់សម្រាប់មនុស្សគ្រប់គ្នា” ។
ប្រសិនបើចង់ចែករំលែក ជាដំបូងយើងត្រូវចេះទទួលយក និងស្រលាញ់អ្នកដទៃជាមុនសិន។ នេះប្រហែលជាឳកាសដើម្បីផ្លាស់ប្តូរពិភពលោកឲ្យកាន់តែប្រសើរឡើង។
Abe Kengo