កញ្ចប់អាហារ McDonald’s ដែល​មិន​ទាន់​ហូប​ត្រូវ​ប្រជាជន​ចិន​បោះ​ចោល​នៅ​តាម​ដង​ជប៉ុន

កញ្ចប់អាហារ McDonald’s ដែល​មិន​ទាន់​ហូប​ត្រូវ​ប្រជាជន​ចិន​បោះ​ចោល​នៅ​តាម​ដង​ជប៉ុន។

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ឈ្មោះ McDonald’s គឺជាខ្សែសង្វាក់អាហាររហ័សដែលយើងអាច​រក​ទិញ​នៅ​កន្លែង​ជា​ច្រើន​ជុំវិញ​ពិភព​លោក។

នៅប្រទេសជប៉ុនក៏ដូចជាកន្លែងផ្សេងទៀតដែរ អាហាររហ័សរបស់ McDonald’s ពេញនិយមខ្លាំង​ណាស់។ យ៉ាងណាមិញ ថ្មីៗនេះមានបញ្ហាមួយបានកើតឡើង ដែលបង្កឲ្យមានការខឹងសម្បារ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ជប៉ុន។ នោះគឺកញ្ចប់អាហារជាច្រើនរបស់ម៉ាកយីហោនេះត្រូវគេយកទៅ​ចោល ទាំង​ដែល​កញ្ចប់អាហារនៅសល់ម្ហូបយ៉ាងច្រើន មិនដូចជាកាកសំណល់ដែលយកទៅ​ចោល​នោះ​ទេ។

ជាការពិតណាស់ ការបោះចោលរបស់ដែលយើងចំណាយប្រាក់ទិញមិនមែនជារឿងខុសច្បាប់ឡើយ ប៉ុន្តែ​សកម្មភាព​បោះចោលអាហារយ៉ាងច្រើនរបស់ប្រជាជនចិន មិនអាចជៀសវាងពីការរិះ​គន់​បាន​ទេ ព្រោះ​វាប៉ះពាល់ដល់បរិស្ថាន និងប្រជាជនក្នុងប្រទេសនេះ។ ចូរយើងទាំងអស់គ្នាតាម​ដាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម។

“Happy Meal” ឬអាចហៅថា “Happy Set” ជាអាហារសម្រាប់កុមារដែលមានលក់នៅហាងអាហារ​រហ័ស McDonald’s ។ ក្នុង​​នោះ​​មាន​ប្រដាប់​​ប្រដា​​ក្មេង​​លេង ឬសៀវភៅមួយក្បាលដែលភ្ជាប់មកជា​​មួយ​​នឹង​អាហារ ដែលបង្កើតភាពរីករាយ និងទាក់ទាញសម្រាប់កុមារ។

កាលពីពេលថ្មីៗនេះ McDonald’s ជប៉ុនបានដាក់ចេញយុទ្ធសាស្រ្តថែមជូនកាត Pokémon ក្នុង​ឈុត​អាហារ Happy Meal ។

ទាំងនេះជាកាត Pokémon ដែលមានកំណត់ ដោយគ្រាន់តែទិញឈុត Happy Meal នឹងទទួលបាន​កាត​នេះ មនុស្ស​មួយ​ចំនួន​បែរជាផ្តើមគំនិតប្រមូលទិញ ហើយលក់បន្តក្នុងតម្លៃខ្ពស់ដើម្បី​រក​ប្រាក់​ចំណេញ។ ដោយ​ដឹង​ថា​ភាគច្រើនបុគ្គលទាំងនោះជាជនជាតិ​ចិន។

ដើម្បីលក់បន្តកាតទាំងនេះក្នុង​តម្លៃថ្លៃ ជាដំបូងត្រូវធ្វើឲ្យវាក្លាយជាមុខទំនិញដែលកម្រ។ ដូច្នេះពួក​គេ​បាន​ចាប់​ផ្តើម​អនុវត្ត​យុទ្ធសាស្ត្រ “ស្តុក​ទុក” ដោយប្រមូលកាតទាំងនេះយ៉ាងច្រើនតាមដែល​អាច​ធ្វើ​ទៅ​បាន។

ដើម្បីប្រមូលបានកាតទាំងនេះ ពួកគេត្រូវបង្ខំចិត្តទិញឈុត Happy Meal ប៉ុន្តែ​មិន​អាច​ហូបអស់អាហារ ហើយក៏ទ្រលាន់ផងដែរ ដូច្នេះ​ពួក​គេ​គ្រាន់តែប្រមូលយកកាតប៉ុណ្ណោះ ហើយ​បោះ​ចោល​​អាហារ​​ទាំង​​អស់។ នោះ​ហើយ​ជា​មូលហេតុដែលបរិមាណអាហារយ៉ាងច្រើនត្រូវបោះចោល។

ដោយ​ខ្លាច​បុគ្គលិក​ហាងប្រទះឃើញ ពួកគេយកកញ្ចប់អាហារទៅវិញ ហើយ​លួច​បោះ​ចោល​នៅ​កន្លែង​ណា​មួយ​តាម​ផ្លូវ។ លទ្ធផលឆ្មាអនាថា សត្វក្អែកបានមករកសុី ដែល​បណ្តាល​ឲ្យ​ដង​ផ្លូវកខ្វក់។

បច្ចុប្បន្ននេះជាបញ្ហាដែលកើតឡើងនៅប្រទេសជប៉ុន។

ប្រជាជនជប៉ុនយើងខ្ញុំ មុនពេលដែលទទួលទានអាហារតែងតែនិយាយថា “いただきます” នេះជាប្រយោគដែលបង្ហាញពី​ការ​ដឹង​គុណ​ចំពោះសត្វទាំងអស់ដែលបានក្លាយជាផ្នែកមួយក្នុងមុខម្ហូបរបស់យើងខ្ញុំ។ ប្រជាជន​ប្រទេស​របស់យើងខ្ញុំតែងតែឲ្យតម្លៃម្ហូបអាហារ ស្អប់សកម្មភាពមើល​ងាយ និង​​ខ្ជះ​ខ្ជាយ​​អាហារ​ណាស់​។ មិនត្រឹមតែប៉ុណ្ណឹង ជប៉ុនជាប្រទេសដែលផ្តោតសំខាន់លើអនាម័យ ដូច្នេះសកម្មភាពចោលសំរាមយ៉ាងច្រើន បំពុលកន្លែងសាធារណៈជាសកម្មភាពដែលមិនអាចទទួលយកបានទេ។

ជាងនេះទៅទៀត ប្រជាជនជប៉ុនក៏លើកកម្ពស់ស្មារតីយុត្តិធម៌ផងដែរ ដូច្នេះ​ការប្រមូលទិញទំនិញ​ដើម្បី​​លក់​​បន្ត​​ក្នុង​​តម្លៃ​​ថ្លៃពិតជាអាក្រក់ខ្លាំងណាស់។

វប្បធម៌ ការរស់នៅ និងការគិតរបស់ប្រជាជនជប៉ុន ជាពិសេសចំណុចដែលខ្ញុំទើបតែលើកឡើងខាងលើ ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ការ​គិត​​របស់​​ប្រជាជន​​ចិន នេះប្រហែលជាមូលហេតុដែលជន​ជាតិ​ចិន​មិន​អាច​យល់​ពី​អារម្មណ៍​ខឹង​ខ្លាំងរបស់ប្រជាជនជប៉ុននាពេលនេះឡើយ។

ជាមួយនឹងផ្នត់គំនិត៖ “ប្រាក់ដែលខ្លួនចំណាយទិញ ចង់ធ្វើអ្វីអាស្រ័យលើខ្លួនយើង” ដូច្នេះបុគ្គលទាំង​នេះ​ប្រាកដ​ជាមិនអាចរស់នៅចុះសម្រុង​ជា​មួយ​ប្រជា​ជន​ជប៉ុន​បានទេ។

ដោយដឹងថា McDonald’s ជប៉ុនប្រកាសដាក់ចេញកាត Pokémon ចំនួន ៣.០០០.០០០ កាតក្នុង​យុទ្ធនាការ​នេះ។ ដូច្នេះហើយ ប្រសិនបើឈុត Happy Meal ត្រូវបានលក់ក្នុងតម្លៃ ៥១០ យ៉េន ដើម្បីទិញ​បានចំនួនពាក់កណ្តាលត្រូវចំណាយប្រហែល ៧៦៥.០០០.០០០ យ៉េន (ដែលប្រហែលជា​ស្មើ​នឹង ៥,២ លាន​ដុល្លារ​អាមេរិក) ។

តាមពិតទៅកាតទាំងនេះមិនកម្រនោះទេ ប៉ុន្តែប្រជាជនចិនមួយចំនួននៅតែប្រមូលទិញ។ នៅ​ទី​បំផុត ពួក​គេ​អាច​នឹង​ខាតបង់យ៉ាងច្រើន។

ដូច្នេះពួកគេបានចំណាយប្រាក់យ៉ាងច្រើនដើម្បី “ជួយ” ជម្រុញដល់សេដ្ឋកិច្ច​ជប៉ុន ប៉ុន្តែបែរជាធ្វើ​ឲ្យខ្លួនឯងក្លាយជាបុគ្គលដែលត្រូវគេស្អប់។ ប្រហែល​ជា​មិន​មែនមាន​តែ​ខ្ញុំ​នោះ​ទេ មនុស្ស​ជាច្រើន​ក៏​មិន​យល់​ពី​គំនិត​របស់បុគ្គលទាំងនេះនោះដែរ។

វប្បធម៌ខុសគ្នាជាអ្វីដែលយើងត្រូវគោរព ប៉ុន្តែនៅតែត្រូវរស់នៅប្រកបដោយភាពឆ្លាតវៃមែនទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: