“ប្រអប់ទារក” ជាអ្វី? តើនោះជាការសង្គ្រោះ ឬភាពខ្មៅងងឹត​របស់​សង្គម​បច្ចុប្បន្ន

“ប្រអប់ទារក” ជាអ្វី? តើនោះជាការសង្គ្រោះ ឬភាពខ្មៅងងឹតរបស់សង្គមបច្ចុប្បន្ន?

នៅប្រទេសណាក៏ដោយសុទ្ធតែមានករណីទារកកើតមកដោយមិនមានការគ្រោងទុក។

មិនចង់ចិញ្ចឹមកូន ហើយក៏មិនអាចរំលូតកូនបានដែរ ដូច្នេះទារកទាំងនោះកើតមកក្នុងស្ថាន​ភាព​ដែល​​ឪពុក​​​ម្ដាយ​មិន​បាន​រំពឹង​ទុក។ គ្មាន​អ្វីគួរឲ្យឈឺចាប់ជាងនេះនោះទេ។

ដើម្បីជួយដល់ទារកដ៏គួរឲ្យអាណិតទាំងនោះ ប្រព័ន្ធមួយហៅថា “ប្រអប់ទារក” ត្រូវ​បាន​បង្កើតឡើង។

នេះ​ជា​គំនិត​ផ្តួច​ផ្តើម​សប្បុរសធម៌​មួយ​ដែល​មាន​បំណង​ចង់ជួយសង្គ្រោះ​ជីវិត​កុមារ។ ទោះជាយ៉ាង​ណា ក៏មានការព្រួយបារម្ភផងដែរថា ប្រព័ន្ធនេះអាច​នឹង​មាន​គ្រោះ​ថ្នាក់​ជម្រុញ​ដល់​ការ​បោះ​​បង់​ចោល​​កុមារ។

តើប្រអប់ទារក​អាច​នឹង​ក្លាយ​ជា​ភាព​ខ្មៅងងឹតរបស់សង្គមដែរទេ? តើអ្នកទាំងគ្នាយល់យ៉ាងណាចំពោះបញ្ហានេះ?

“ប្រអប់ទារក” ឬអាចហៅម្យ៉ាងទៀតថា ​អន្ទាក់​​ទារក ក្នុងភាសា​អង់​គ្លេស​ហៅ​ថា Baby box ។ ជាទូទៅ​ត្រូវ​បាន​គេ​ដាក់​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជាមន្ទីរពេទ្យ​ ឬព្រះវិហារជាដើម ប្រអប់​ទារក​ជាកន្លែងសម្រាប់អ្នកម្តាយដែលមិនមានលទ្ធភាពចិញ្ចឹមកូន​យកទៅដាក់ទីនោះ ដើម្បីជួយ​ទារក​​អាច​​​នឹង​​​ត្រូវ​​បាន​​គេ​​រក​​ឃើញ ហើយទទួលបានការថែទាំដោយសុវត្ថិភាព។

អ្នកម្តាយទាំងនោះនឹងទុកចោលទារកដោយ​ស្ងាត់ៗ ហើយចាកចេញដោយគ្មាននរណាស្គាល់អត្តសញ្ញាណ​របស់​ពួក​គេ។

មិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុនប៉ុណ្ណោះទេ ប្រព័ន្ធ​នេះ​ក៏​ត្រូវ​បាន​ដំឡើង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​​ជា អាឡឺម៉ង់ អាមេរិក ប៉ាគីស្ថាន អាហ្រ្វិក​ខាង​ត្បូង កូរ៉េ…។

ប្រសិនបើសំណាងរកបានឪពុកម្តាយចិញ្ចឹមដែលស័ក្តិសម ក្មេងនោះអាចរស់នៅក្នុងគ្រួសារថ្មី។ ក្នុង​ករណីដែលមិនទទួលបានការយកទៅចិញ្ចឹម កុមារនឹងត្រូវបានចិញ្ចឹមនៅមណ្ឌលកុមារកំ​ព្រា។

ទារកដែលកើតមកដោយមិនមានការគ្រោងទុកច្រើនតែស្ថិតក្នុងស្ថានភាពអាក្រក់ដូចជាត្រូវគេ​បោះបង់ចោលរហូតដល់ស្លាប់ ឬរងការធ្វើបាប។ ដូច្នេះហើយ បើយោងទៅតាមទស្សនៈការពារកុមារ ខ្ញុំ​​គិត​​ថា​ នេះជាសកម្មភាពត្រឹមត្រូវ។

នៅប្រទេសជប៉ុនប្រអប់ទារកទាំងនេះបានការពារកុមារចំនួន ១.៦៩៤ នាក់ ក្នុងរយៈពេលចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០២០ ។

ក្នុង​អំឡុង​ពេល​នោះ ប្រទេស​ជប៉ុន​មាន​ប្រអប់​ទារក​តែ​មួយ​ប៉ុណ្ណោះ ដែលត្រូវបានដាក់នៅមន្ទីរពេទ្យ​ខេត្ត Kumamoto ។ ប្រជាជន​ដែល​រស់​នៅ​​ឆ្ងាយ​​មិន​​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​បាន​ទេ ហើយការ​ជជែក​​វែក​​ញែក​​គ្នា​​បាន​​កើត​​ឡើង តើគួរតែពង្រីកប្រអប់​ទារក​នេះនៅទូទាំងប្រទេសជប៉ុនដែរទេ?

ការពង្រីកប្រអប់ទារកដើម្បីសង្គ្រោះជីវិតកុមារជារឿងដែលសំខាន់ខ្លាំងណាស់។

យ៉ាងណាមិញ ប្រសិនបើវត្តមានរបស់ប្រព័ន្ធនេះធ្វើឲ្យមនុស្សយើងងាយនឹងបោះបង់ចោលកូនព្រោះ​តែ “មានកន្លែងសម្រាប់បោះបង់ចោល” ចំណុច​នោះ​ក៏​អាច​ចាត់​ទុក​ដូច​ជា​ការ​មើល​ស្រាលជីវិត​ផង​ដែរ។

ព្រោះតែឪពុក​ម្តាយទុក​កូន​ចោលដោយមិនបញ្ចេញអត្តសញ្ញាណ​ ដូច្នេះជាការពិតណាស់ ប្រាកដជា​មិន​ទទួល​ការ​ដាក់​ទោស​អ្វី​ឡើយ។

តើខ្ញុំអាចជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​អារម្មណ៍​ថា​គ្រប់យ៉ាងហាក់បីដូចជាងាយស្រួលពេកសម្រាប់​អ្នក​ដែល​ចង់​បោះ​បង់​ចោល​កូន​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវដែរទេ?

ខ្ញុំមានកូនស្រីម្នាក់អាយុ ២៤ ឆ្នាំ នៅពេលដែលគិតទៅ ខ្ញុំដឹងថាមានការលំបាកជាច្រើន។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា នៅពេលដែលឆ្លងកាត់ការលំបាកទាំងនោះ ​ទើបសេចក្តី​ស្រឡាញ់​ចំពោះ​កូនកាន់តែច្រើន​ឡើង។

កូនក្មេងមិនចេះស្តាប់បង្គាប់នោះទេ ចំណែកឯទារកវិញមិនអាចបង្ហាញពីការចង់បានរបស់ខ្លួនឡើយ គ្រាន់តែស្រែកយំប៉ុណ្ណោះ។ 

ខ្ញុំយល់ពីអារម្មណ៍មួរម៉ៅ ពិបាកទ្រាំដែលឪពុកម្តាយឆ្លងកាត់ ប៉ុន្តែនោះគ្រាន់តែជាធម្មជាតិរបស់កុមារប៉ុណ្ណោះ ហើយយើងទាំងអស់គ្នាក៏ធ្លាប់បែបនេះដែរកាលពីនៅក្មេង។

ប៉ុន្តែប្រសិនបើនៅពេលដែល​មនុស្ស​ធំ​មាន​អារម្មណ៍ខឹងមួរម៉ៅបែបនេះ មាន​ប្រអប់​ទារក​នៅ​ក្បែរ​នោះ… តើ​នឹង​មាន​អ្វី​កើត​ឡើង?

ការការពារជីវិតរបស់ទារកគឺជារឿងដែលសំខាន់ខ្លាំងណាស់។ ទោះជាយ៉ាងណា ចំណុចនេះក៏អាចបង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្វើ​ឲ្យចំនួនឪពុកម្តាយដែលគ្មានទំនួលខុសត្រូវកាន់តែច្រើនឡើងផង​ដែរ។

បច្ចុប្បន្ននេះ នៅមិនទាន់មានប្រទេសណាមួយអាចដោះស្រាយយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាការ​ពារ​អាយុ​ជីវិត​កុមារ ហើយបង្ការបញ្ហាមានផ្ទៃពោះដោយ​មិន​មាន​ការ​គ្រោង​ទុក​នោះ​ទេ។

ដោយផ្ទាល់ខ្ញុំគិតថា ដំណោះស្រាយប្រអប់ទារកគឺជាសកម្មភាពសុចរិតសម្រាប់ការពារអាយុជីវិតរបស់ក្មេងតូច ប៉ុន្តែទន្ទឹមនឹងនោះ វា​មាន​ផល​វិបាក​អវិជ្ជមាន​ផង​ដែរ។

ប្រសិនបើយើងអាចរកវិធីសាស្រ្តការពារកុមារផង ថែមទាំងអាចបង្ការបញ្ហាមានផ្ទៃពោះដោយមិន​​មាន​​ការ​​គ្រោង​​ទុក ​​ដែល​បណ្តាល​ឲ្យ​កើតមានការបោះ​បង់​ចោល​កូន​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។

កុមារគឺជាអនាគតរបស់ប្រទេសជាតិ បំណងប្រាថ្នារបស់ខ្ញុំ​គឺ​សង្ឃឹម​ថា យើង​គ្រប់​គ្នា​អាច​រួមចំណែក​បង្កើតពិភពលោកមួយដែលកុមារទាំងអស់ទទួលបានការស្រលាញ់ពី​មនុស្ស​ជុំវិញ ហើយធំ​ដឹង​ក្តី​មាន​សុខ​ភាព​ល្អ និង​សុភមង្គល។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: