វិធីសាស្រ្ត​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា “សុភាពបុរស” ក្នុងក្រសែភ្នែកមនុស្សស្រី

វិធីសាស្រ្ត​ដែល​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា “សុភាពបុរស” ក្នុងក្រសែភ្នែកមនុស្សស្រី។

នៅប្រទេសជប៉ុន បុរសៗនៅពេលដែលឈានចូលវ័យប្រហែលជា ៤០ ឆ្នាំឡើង ប្រាកដជាត្រូវមនុស្សដែលនៅក្មេងជុំវិញហៅថា “លោកពូ” ជាមិនខាន។

មនុស្សគ្រប់គ្នាអាចនឹងចាស់ទៅនៅថ្ងៃណាមួយ ដូច្នេះហើយ បុរសគ្រប់រូបនឹងក្លាយជាលោកពូម្នាក់ក្នុងក្រសែ​ភ្នែករបស់មនុស្សវ័យក្មេង។ យ៉ាងណាមិញ សូមកុំបារម្ភ ព្រោះថាគ្រប់វ័យទាំងអស់សុទ្ធ​តែ​មាន​ចំណុច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កំពុង​រង់​ចាំ​យើង។

នៅជប៉ុនមានបុរសមួយចំនួនត្រូវបានគេហៅថា “mote-ojisan” (លោកពូសម្បូរស្នេហ៍) ពោលគឺបុរសៗ​ដែល​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​ចូល​ចិត្ត។

មនុស្សស្រីវ័យក្មេងជាច្រើនថែមទាំងចូលចិត្តបុរស​វ័យ​កណ្តាល​ទាំង​នោះ​ជាង​មនុស្ស​ប្រុស​វ័យ​​ក្មេងទៅ​​ទៀត។

ប្រហែលជាអានដល់ចំណុចនេះ ប្រិយមិត្តដែលមានវ័យកណ្តាលប្រាកដជាកំពុងញញឹមពេញចិត្ត និង​មាន​កម្លាំង​ចិត្ត​ឆ្ពោះ​ទៅ​មុខ​ហើយ​មែន​ទេ?

បើសិនជារំលងពីបញ្ហាហិរញ្ញវត្ថុ ក្នុងអត្តបទថ្ងៃនេះយើងនឹងក្រឡេកមើលពីកត្តាដែលធ្វើឲ្យបុរស​ៗកាន់​តែមានភាពទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្សស្រី។

ស្អាតបាតជាកត្តាដែលសំខាន់

នៅពេលដែលរំលឹកដល់ពាក្យថា “ស្អាតបាត” ជាដំបូងគ្រប់គ្នាប្រាកដជាគិតដល់រូបរាងខាងក្រៅរបស់មនុស្សម្នាក់ដូច​ជា​សម្លៀក​បំពាក់ សក់ក្បាល ស្បែក ក្លិន​ខ្លួនជាដើម។ ទាំងនោះជាចំណុចដំបូង​ដែលទាក់ទាញភាគី ដូច្នេះការដែលរក្សាឲ្យខ្លួនប្រាណស្អាតបាតពិតជាសំខាន់ណាស់។

ដូច្នេះគួរលុបបំបាត់គំនិតដែលថា ត្រូវតែស្អាតបាតពេលចេញទៅក្រៅ រីឯពេលដែលនៅផ្ទះយ៉ាង​ណា​ក៏​បាន យើងគួរតែស្អាតបាតគ្រប់ពេលវេលា និង​គ្រប់​ទី​កន្លែង​ដែល​ខ្លួន​អាច​ធ្វើ​បាន។

កោរពុកមាត់ជាប្រចាំ សម្អាតមាត់ធ្មេញ ងូតទឹកទៀងទាត់ ស្លៀកពាក់ស្អាតបាត និងការពារក្លិនខ្លួនជាដើម។ ចំណុចទាំងនេះជាអ្វីដែលអាចជួយឲ្យសុភាពបុរសរក្សារូបរាងខាងក្រៅស្អាតបាត ហើយកាន់តែមានភាពជឿជាក់នៅពេលដែលបង្ហាញខ្លួនចំពោះមុខអ្នកដទៃ ដូច្នេះសូមអនុវត្តទម្លាប់ទាំងនេះ ប្រសិនបើខ្លួនអ្នកមិនទាន់ធ្វើបានល្អ។

ប្រសិនបើអាចរៀបចំកាលវិភាគ ចំណាយពេលខ្លះក្នុងការលេងកីឡាដើម្បីជួយឲ្យរាងកាយមានភាព​រឹង​មាំ ប្រាកដ​ជា​មើល​ទៅ​កាន់​តែ​ទាក់​ទាញ​ជាង​មុន។

អាកប្បកិរិយាស្ងប់ស្ងាត់

ក្រៅពីរូបរាងខាងក្រៅ ចំណុច​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន ប្រសិនបើអ្នកចង់ក្លាយជា “សុភាព​បុរស” ដែលទទួលបានការស្រលាញ់​ចូល​ចិត្ត​ស្ថិត​លើ​អាកប្បកិរិយា។ ក្នុងនោះរាប់ទាំងអាកប្បកិរិយាទូទៅដែលយើងតែងតែហៅថា “ភាពគួរសម” (ពាក្យដើមមកពីភាសាបារាំងគឺ galant) ។

ដូម្ត៉េចដែលហៅថា “ភាពគួរសម” មានន័យថាយើងជាអ្នកចាប់ផ្តើម និងការពារស្ត្រីច្រើនជាងមុន។ ឧទាហរណ៍ដូចជាបើកទ្វារឡាន ជួយលើកអីវ៉ាន់ ទាញកៅអីឲ្យនាងអង្គុយ ផ្តល់​អាទិភាព​ដល់នាង​គ្រប់​ពេល​វេលា​ជា​ដើម។ មាន​សកម្មភាព​មួយ​ចំនួនមើលទៅទោះបីជាតូចតាច ប៉ុន្តែអាចបង្ហាញ​ថា​យើង​​ជា​បុរសដែល​មាន​ភាព​គួរ​សម និង​ធ្វើឲ្យភាគីចាប់អារម្មណ៍។

ក្នុងជីវិតប្រចាំថ្ងៃ ពេលខ្លះការយល់ច្រឡំអាចបណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា ជារឿងដែលមិនអាចជៀសផុត អ្វីដែលសំខាន់បុរសត្រូវចេះគ្រប់គ្រងអារម្មណ៍ រក្សាចិត្តស្ងប់ស្ងាត់ ពិភាក្សាបញ្ហាម្តង​មួយៗ កុំបាត់​បង់​ភាព​ម្ចាស់​ការ ហើយ​ស្រែក​ដាក់​ភាគី​ម្ខាង​ទៀត។

ហើយនេះក៏ជាគុណសម្បត្តិមួយរបស់បុរសវ័យកណ្តាលផងដែរ។ ដោយសារតែយូរៗទៅ ពួកគេបានរៀនអំពីរឿងល្អៗជាច្រើន ដោយអាចដកយកបទពិសោធជីវិត និងទង្វើមានភាពគួរសម។

ម៉ូដសម្លៀកបំពាក់

កុំខំប្រឹងរត់តាមម៉ូដសម្លៀកបំពាក់របស់យុវវ័យទាំងដែលវ័យរបស់យើងលែងសមក៏ដោយ។

សម្លៀកបំពាក់ម៉ាកល្បីក៏បាន សម្លៀកបំពាក់តាមផ្សារក៏បាន ធ្វើ​យ៉ាង​ណា​ឲ្យ​សម​នឹង​អាយុ បរិយាកាស និង​ការ​ងារ​របស់​ខ្លួន​ទៅ​បាន​ហើយ។ ការ​​ជ្រើស​រើស​​សម្លៀក​​បំពាក់​​​ដែល​ស័ក្តិសម​នឹង​ស្ថានភាព និង​បរិយាកាស​គឺ​សំខាន់​ជាង​តម្លៃ​សម្លៀកបំពាក់​ទៅ​ទៀត។ មិន​ថា​សម្លៀក​បំពាក់ថ្លៃយ៉ាងណាក៏ដោយ ប្រសិនបើមិន​ស័ក្តិសម​នឹង​ស្ថានភាពក៏គ្មានតម្លៃអ្វីដែរ។

ត្រូវបោកសម្លៀកបំពាក់ឲ្យបានស្អាត ហើយកុំរំលងការអ៊ុតសម្លៀកបំពាក់ សម្លៀកបំពាក់ដែលត្រូវបានអ៊ុតស្អាតប្រាកដជាបង្ហាញថាយើង​ជា​មនុស្ស​ដែល​មាន​របៀប​រស់​នៅ​ស្អាត​បាត រៀបរយល្អ។

ប្រសិនបើមនុស្សស្រីច្រើនតែមានគ្រឿងអលង្ការច្រើន បុរសក៏មានគ្រឿងលម្អដែលសាកសមនឹងខ្លួនផងដែរ។ ក្នុងចំណោមនោះអ្វីដែលពេញនិយមបំផុតគឺនាឡិកា ពាក់នាឡិកាលើដៃនឹងធ្វើឲ្យយើង​កាន់​តែ​ស្រស់​សង្ហា។

ហើយប្រសិនបើអ្នករើសយកនាឡិកា​ដៃ​ដើម្បីបង្កើនភាពទាក់ទាញ សូមរើសយកនាឡិកា​ដែល​មាន​តម្លៃ។ ថ្វីត្បិតតែមានតម្លៃថ្លៃក៏ដោយ ប្រសិនបើថែរក្សាបានត្រឹមត្រូវ នាឡិកាល្អអាចប្រើបាន​យូរ ហើយ​នាឡិកា​មួយ​ចំនួន​ថែម​ទាំង​រក្សា​តម្លៃ​បាន​ល្អផង​ដែរ។

ខ្ញុំជឿថា នេះជាការវិនិយោគដ៏ល្អបំផុតសម្រាប់រូបរាងខាងក្រៅ និងទ្រព្យសម្បត្តិ។

ចេះស្តាប់ និងមានការយោគយល់

ក្នុង​ជីវិត​ដ៏​មមាញឹកមនុស្ស​គ្រប់​រូប​ពោរពេញ​ទៅដោយ​ការ​ព្រួយ​បារម្ភ និង​សម្ពាធ។ យើងទាំងអស់គ្នាសុទ្ធតែមានតម្រូវការចែករំលែករឿងក្នុងចិត្ត។ ត្រូវ​ការ​មនុស្ស​ម្នាក់​នៅ​ចាំ​ស្តាប់ ត្រឹម​តែប៉ុណ្ណឹង​ក៏​យល់​ថា​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

កុំនៅជិតគ្នាក្នុងពេលដែលអ្នកទាំងពីរកំពុងមានអារម្មណ៍ល្អប៉ុណ្ណោះ ត្រូវនៅជាមួយគ្នាក្នុងស្ថាន​ភាព​ដែល​អាក្រក់​​បំផុត។

ចាំស្តាប់រឿងរ៉ាវរបស់នាង មិនថាល្អ ឬអាក្រក់ អង្គុយស្តាប់ដោយអំណត់ កុំប្រញាប់តបត។ ហើយ​ទោះ​បីជានាងខុសក៏ដោយ សូមកុំខឹង ផ្ទុយទៅវិញ សូមណែនាំដោយចិត្តអំណត់ថា៖ “ប្រសិនបើជាបង ក្នុង​​ស្ថានភាព​​បែប​​នោះ ប្រហែល​ជា​បង​នឹង​ធ្វើ​បែប​នឹង…” ។

តាមពិតទៅ មនុស្សស្រីមិនត្រូវការអ្វីច្រើនពេកទេ អ្វីដែលពួកគេចង់បានគ្រាន់តែជាអារម្មណ៍សុវត្តិភាព ទទួលបានការការពារពីមនុស្សប្រុសដែលនៅក្បែរខ្លួន។ មិនថាពេលណា ឬកន្លែងណា សូមកុំបណ្តោយឲ្យពួកគេមានអារម្មណ៍គ្មានសុវត្តិភាព និងបាត់បង់ទំនាក់ទំនងស្នេហា ហើយមាន​អារម្មណ៍​ថា​ខ្លួន​ឯកោ​ម្នាក់​ឯង។

ក្នុងនាមជាបុរសវ័យកណ្តាលមានអាយុ ៥២ ឆ្នាំម្នាក់ ទោះបីជាខ្ញុំលែងនៅក្មេងក៏ដោយ ប៉ុន្តែខ្ញុំនៅតែ​ខំប្រឹង​កែ​លម្អ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង ល្អជាង​ខ្លួនឯងកាលពីម្សិលមិញ។

សង្ឃឹមថា ខ្លឹមសារអត្តបទថ្ងៃនេះអាចជួយឲ្យប្រិយមិត្តអ្នកអានដែលជាសុភាពបុរសមានកម្លាំងចិត្ត​ស្វែង​រក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង ហើយ​អាច​ក្លាយ​ទៅ​ជា “សុភាព​បុរស” ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ស្រី។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: