ទេសភាពស្អាតៗក្នុងរឿងគំនូរជីវចល Anime ជប៉ុន

ទេសភាពស្អាតៗក្នុងរឿងគំនូរជីវចល Anime ជប៉ុន។

Anime (アニメ) គឺជាពាក្យដែលប្រើសម្រាប់សំដៅលើរឿងគំនូរជីវចលដែលផលិតនៅប្រទេស​ជប៉ុន ឬ​មាន​លក្ខណៈ​បែប​ជប៉ុន ក្នុង​នោះ​មានច្រើនប្រភេទខុសៗគ្នាដូចជារឿងប្រយុទ្ធគ្នា ដំណើរផ្សងព្រេង ស្នេហា កំប្លែង រឿង​មាន​លក្ខណៈស្មុគស្មាញ និងជ្រាលជ្រៅ។ ជាទូទៅរឿងគំនូរជីវចល anime ត្រូវបានកែសម្រួលពី​សៀវ​ភៅ​រឿង manga ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ស្នាដៃ​និពន្ធដោយ​ឡែក​មួយ​ចំនួន​ផង​ដែរ។

ក្នុងនាមជាអ្នកដែលចូលចិត្ត និងតាមដានរឿងគំនូរជីវចល anime អ្នកប្រាកដជាកត់សម្គាល់ឃើញ​ថា តែងតែមានឈុតឆាកចម្រុះពណ៌ក្នុងរឿងគំនូរជីវចល anime ពេលខ្លះមើលទៅអស្ចារ្យ អាថ៌កំបាំង ពេល​ខ្លះ​វិញ​បែរ​ជា​ស្ងប់​ស្ងាត់។

សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងក្រឡេកមកមើលដែនដីអាថ៌កំបាំងក្នុងរឿងគំនូរជីវចល anime ដ៏​ល្បី​តាម​រយៈ​ខ្លឹម​សារ​អត្តបទ​ខាង​ក្រោម។

ឈុតឆាកក្នុងរឿងគំនូរជីវចល anime 君の名は (Your Name) 

រឿងនិយាយពីតួអង្គ Mitsuha គឺជាក្មេងស្រីវិទ្យាល័យម្នាក់ដែលធុញទ្រាន់នឹងជីវិតនៅតំបន់ជន​បទ និង Taki ជាបុរសម្នាក់រស់នៅទីក្រុង Tokyo ដោយមិនដឹងពីមូលហេតុបានផ្លាស់ប្តូររាងកាយគ្នា ទន្ទឹម​នឹង​នោះ​ក៏​មាន​ហេតុ​ការណ៍​ផ្កាយ​ដុះ​កន្ទុយ​ជិត​ធ្លាក់​ផង​ដែរ។

ក្នុងរឿងមានឈុតឆាកជាច្រើន ក្នុងចំណោម​នោះ​មាន​ដូច​ជា​បឹង Suwa នៅ​ខេត្ត Nagano ។

បឹងដែលយើងទាំងគ្នាមើលឃើញក្នុងរឿងគំនូរជីវចលនេះត្រូវបានយកតាមគំរូបឹង Suwa ។

បឹង Suwa បង្ហាញខ្លួនជាថ្មីម្តងទៀតក្នុង Kimi no Na wa បើមើលពីឧទ្យាន Tateishi ជា​មួយនឹង​​រយៈ​កម្ពស់ ៩៣៤ ម៉ែត្រ​បើ​ប្រៀប​នឹង​នីវ៉ូទឹក​សមុទ្រ។

នេះ​ជា​ឈុត​ឆាក​មួយ​ផ្សេង​ទៀត​ក្នុង​រឿង។

ឈុតឆាកសំខាន់មួយផ្សេងទៀតដែលត្រូវបានគេចាត់ទុកថា មានឈុតឆាកតួអង្គជួប​គ្នា​នៅ​ទីសក្ការ​បូជា Suga នៅ Shinjuku ទីក្រុង Tokyo ។

ឈុតឆាកក្នុងរឿងគំនូរជីវចល 千と千尋の神隠し (Spirited Away)

Spirited Away គឺជារឿងគំនូរជីវចលអាថ៌កំបាំងរបស់ជប៉ុនចេញផ្សាយក្នុងឆ្នាំ ២០០១ ដែលដឹក​នាំ និងនិពន្ធដោយលោក Miyazaki Hayao ។ រឿងនេះត្រូវបានផលិតដោយ Studio Ghibli សម្រាប់ Tokuma Shoten, Nippon Television Network, Dentsu, Buena Vista Home Entertainment, Tohokushinsha Film និង Mitsubishi ។ ខ្លឹមសាររឿងនិយាយពីក្មេងស្រីអាយុ ១០ ឆ្នាំ Ogino Chihiro (Hiiragi) នៅ​ពេលដែលប្តូរផ្ទះថ្មីបាន​វង្វេង​​ក្នុង​​ពិភព​ព្រលឹងវិញ្ញាណ​នៃជំនឿសាសនា Shinto របស់​ជប៉ុន។ បន្ទាប់ពីឪពុកម្តាយរបស់ខ្លួនត្រូវមេធ្មប់ Yubaba (Natsuki) ប្រែទៅជាជ្រូក Chihiro ត្រូវ​បង្ខំ​ចិត្តធ្វើការនៅបន្ទប់ទឹកសាធារណៈរបស់ Yubaba ដើម្បីរកវិធី​ដោះ​លែង​ឪពុក​ម្តាយ និង​ខ្លួន​នាង ហើយត្រឡប់ទៅកាន់ពិភពមនុស្សវិញ។

ឈុតឆាកនៅកន្លែងងូតទឹក​សាធារណៈ​ក្នុង​ខ្សែភាពយន្ត​ត្រូវបានគេ​ចាត់​ទុក​ថា​នៅ Sekizenkan ក្នុង​ខេត្ត Gunma ។

ហើយនេះជាឈុតឆាកស្ថានីយ៍ជាកន្លែងដែលតួអង្គឯកឡើងរថភ្លើង។

ស្ថានីយ៍ Shimonada នៅខេត្ត Ehime ។

ឈុតឆាកក្នុងរឿងគំនូរជីវចល もののけ姫 (Princess Mononoke)

Princess Mononoke គឺជារឿងគំនូរជីវចល anime ដោយផ្អែកលើវីរកថាប្រឌិតរបស់អ្នកនិពន្ធ Miyazaki Hayao ផលិត​ដោយ Studio Ghibli ក្នុង​ឆ្នាំ ១៩៩៧ ។

ឈុតឆាកក្នុងរឿងបង្ហាញពីទេសភាពព្រៃធំល្វឹងល្វើយ និងអាថ៌កំបាំង រួមជាមួយនឹងកត្តាជាច្រើននៅចុងសម័យ Muromachi (១៣៩២ – ១៥៧២) ដែលកាំភ្លើងបានជំនួសដាវបន្តិចម្តងៗ ការ​គ្រប់​គ្រង​របស់​សាមូរ៉ៃ​បាន​ចុះ​ខ្សោយ​​រហូត​ដល់​ថ្នាក់​ប្រែ​ក្លាយ​ពួក​គេ​ទៅ​ជា​ចោរ។

យ៉ាង​ណា​មិញ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ទេសភាព​វេទមន្ត​ក្នុង​រឿងពិត​ជា​មាន​មែន​ក្នុង​ជីវិត​ជាក់ស្តែង។

ភ្នំ Shiratani Unsuikyo នៅលើកោះ Yakushima ក្នុងខេត្ត Kagoshima បង្ហាញខ្លួនក្នុង​ឈុត​ឆាក​រឿង។

និងកន្លែងមួយផ្សេងទៀតគឺជួរភ្នំ Shirakami-Sanchi ដែល​ស្ថិត​នៅ​កណ្តាល​រវាង​ខេត្ត Aomori និង Akita ។

ក្រៅពីនេះ ឈុតឆាកក្នុងរឿង anime 鬼滅の刃 (Demon Slayer) មាន​ឈុត​ឆាក​មួយ​ចំនួន​យក​ចេញ​ពី​ឧទ្យាន​ផ្កា Ashikaga ក្នុងខេត្ត Tochigi និងប្រាសាទ Sensoji នៅ Asakusa ទីក្រុង Tokyo ។

ឬនៅក្នុងរឿង 呪術廻戦 (Jujutsu Kaisen) ភាគច្រើនឈុតឆាកយកចេញពីទេសភាពនៅ Shibuya ទីក្រុង Tokyo ។

ក្នុង SLAM DUNK ផ្លូវរថភ្លើងនៅពីមុខសាលាវិទ្យាល័យ Kamakura លើខ្សែរថភ្លើង Enoshima នៅ Kamakura ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ឈុត​ឆាក​បើក​ឆាក។

ឈុតឆាករឿងគំនូរជីវចលដ៏រស់រវើក ទេសភាពចម្រុះពណ៌ដែលយើងមើលឃើញមិនមែនជាការប្រឌិត​ទាំង​ស្រុង​នោះទេ ប៉ុន្តែមានឈុតជាច្រើនយកចេញទេសភាពជាក់ស្តែង។ ពិតជាគួរឲ្យចាប់អារម្មណ៍​ណាស់ ប្រសិនបើយើងមានឳកាសទៅលេងកន្លែងទាំងនោះ ហើយប្រែខ្លួនធ្វើជាតួអង្គ anime ដែល​ខ្លួនចូលចិត្ត។ ខ្ញុំជឿថា បន្ទាប់ពីបានទៅកន្លែងទាំងនោះ និងមើលឃើញទេសភាពជាក់​ស្តែង នោះ​ភាព​រីក​រាយ និងការ​ស្រលាញ់​​ចូលចិត្តរឿង anime របស់យើង​ម្នាក់ៗ​ប្រាកដ​ជា​ច្រើន​​ឡើង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: