ក្រឡេកមកមើលស្នាដៃស្ថាបត្យកម្មពិសេសប្លែកនៅប្រទេសជប៉ុន
ក្រឡេកមកមើលស្នាដៃស្ថាបត្យកម្មពិសេសប្លែកនៅប្រទេសជប៉ុន។
ក្នុងដំណើរការនគរូបនីយកម្មនៅប្រទេសជប៉ុន អគារខ្ពស់ៗកាន់តែច្រើនឡើង មិនត្រឹមតែមានដង់ស៊ីតេខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានការរចនាប្លែកៗជាច្រើនផងដែរ។ ជាមួយនឹងគោលបំណងមាន “តែមួយគត់” អគារមួយចំនួនត្រូវបានសាងសង់ឡើងដោយមានការរចនាប្លែកដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើល។
ក្នុងចំណោមនោះមានកន្លែងមួយមានឈ្មោះត្រឹមត្រូវដែរ ប៉ុន្តែដោយសារតែរូបរាងខាងក្រៅរបស់វា ដូច្នេះឥឡូវនេះអ្នកដំណើរឆ្លងកាត់ទម្លាប់ហៅកន្លែងនោះដោយឈ្មោះមួយផ្សេងទៀត។
ចូរយើងក្រឡេកមកមើលស្នាដៃស្ថាបត្យកម្មពិសេសប្លែកមួយចំនួននៅប្រទេសជប៉ុនតាមរយៈខ្លឹមសារអត្តបទខាងក្រោម។
អគារ Asahi Beer Hall
នេះជារូបភាពអគារ Asahi Beer Hall និងស្នាដៃចម្លាក់ “Asahi Flame” (ឬត្រូវបានគេហៅថា Flamme d’Or) នៅទីក្រុង Tokyo ប្រទេសជប៉ុន។
យើងអាចមើលឃើញអគារនេះនៅពេលដែលដើរជុំវិញតំបន់ Asakusa ទីក្រុង Tokyo ឬនៅពេលដែលបើកបរលើផ្លូវល្បឿនលឿន។
នៅជាប់ពីក្រោយជាទីស្នាក់ការកណ្តាលរបស់ Asahi អគារទីស្នាក់ការកណ្តាលមានរាងដូចជាកែវស្រាបៀរដែលពេញទៅដោយពពុះ។
ស្នាដៃសិល្បៈចម្លាក់មាសដ៏ធំនៅលើអគារដែលអ្នកទាំងអស់គ្នាមើលឃើញត្រូវបានគេហៅថា Asahi Flame ដែលតំណាងឲ្យ “បេះដូងដែលកំពុងឆេះនៃស្រាបៀរ Asahi” និងត្រូវបានបំផុសគំនិតដោយអណ្តាតភ្លើងអូឡាំពិក។ ទោះជាយ៉ាងណា រូបរាងដ៏ស្រពេចស្រពិលរបស់រូបចម្លាក់នេះបានធ្វើឲ្យអ្នកស្រុក និងភ្ញៀវទេសចរណ៍មានការភ័ន្តច្រឡំ ដែលបណ្តាលឲ្យគ្រប់គ្នាដាក់រហស្សនាមថា “Golden Turd” មានន័យថា “ដុំលាមកមាស” ។
ឥឡូវនេះអ្នកទាំងអស់គ្នាបានដឹងច្បាស់ហើយ ដូច្នេះសូមកុំហៅថា “ដុំលាមក” ទៀតអី។ អ្នកដែលបង្កើតស្នាដៃនេះប្រាកដជាមិនសប្បាយចិត្តទេនៅពេលដែលឮបែបនេះ។
Tokyo Big Sight
Tokyo Big Sight ដែលមានឈ្មោះជាផ្លូវការហៅថាមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Tokyo គឺជាមជ្ឈមណ្ឌលសន្និបាតធំបំផុតនៅប្រទេសជប៉ុន។
មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ឡើងដោយស្ថាបត្យកម្មពិសេស ក្នុងនោះចំណុចដែលលេចធ្លោបំផុតគឺប៉មសន្និបាតដែលមានត្រីកោណដាក់បញ្ច្រាសចំនួនបួនខាងលើ ដែលបង្កើតបានជាស្ថាបត្យកម្មដ៏គួរឲ្យចាប់អារម្មណ៍ និងងាយស្រួលកត់សម្គាល់។
នៅកន្លែងនេះតែងតែរៀបចំសន្និសីទជាច្រើន ការតាំងពិពណ៌ និងព្រឹត្តិការណ៍សំខាន់ៗ រួមទាំងព្រឹត្តិការណ៍ល្បីដូចជា Comiket, Anime Japan, Tokyo Motor Show និង Design Festa ។
នេះជាកន្លែងដែលយើងមិនអាចច្រឡំនឹងកន្លែងផ្សេងទៀតឡើយ ដោយសារតែការរចនាមានលក្ខណៈពិសេសប្លែក។
រោងចក្រកែច្នៃកាកសំណល់ Maishima
អគារក្នុងរូបភាពគឺរោងចក្រកែច្នៃកាកសំណល់ Maishima (Maishima Incineration Plant) ដែលត្រូវបានគេហៅថារោងចក្រ Maishima ស្ថិតនៅទីក្រុង Osaka ប្រទេសជប៉ុន។
រោងចក្រ Maishima ល្បីថាជាកន្លែងដែលមានស្ថាបត្យកម្មពិសេស និងចម្រុះពណ៌ ដែលត្រូវបានរចនាឡើងដោយជនជាតិអូទ្រីស Friedensreich Hundertwasser ជាបុគ្គលដែលល្បីឈ្មោះថាស្ថាបត្យកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
នេះជារោងចក្រកែច្នៃសំរាម ប៉ុន្តែការរចនានេះក្នុងគោលបំណងលុបបំបាត់រូបភាពអវិជ្ជមានដែលទាក់ទងនឹងកន្លែងកែច្នៃសំរាម ហើយប្រែក្លាយវាទៅជាកន្លែងទាក់ទាញទេសចរណ៍។
ជាមួយនឹងរូបរាងខាងក្រៅដ៏គួរឲ្យចាប់អារម្មណ៍ រោងចក្របានក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស ជាពិសេសអ្នកដែលស្រលាញ់ចូលចិត្តស្ថាបត្យកម្ម និងសិល្បៈ។
Gate Tower Building
អគារក្នុងរូបភាពគឺ Gate Tower Building នៅទីក្រុង Osaka ប្រទេសជប៉ុន ដែលល្បីថាមានផ្លូវល្បឿនលឿនធ្វើដំណើរឆ្លងកាត់អគារ។
Gate Tower គឺជាអគារការិយាល័យដែលមានចំនួន ១៦ ជាន់ស្ថិតនៅសង្កាត់ Fukushima ទីក្រុង Osaka ។
លក្ខណៈពិសេសរបស់អគារគឺផ្លូវល្បឿនលឿន Hanshin Expressway ដែលធ្វើដំណើរឆ្លងកាត់ជាន់ទី ៥, ៦ និងទី ៧ ។
ការសាងសង់អគារ និងផ្លូវល្បឿនលឿនត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងពិសេស ក្នុងនោះរចនាសម្ព័ន្ធជុំវិញផ្លូវត្រូវបានរចនាឡើងដើម្បីការពាររំញ័រ និងសំឡេងរំខានរបស់មធ្យោបាយដឹកជញ្ជូនកុំឲ្យប៉ះពាល់ដល់អគារ។
អគារនេះថែមទាំងត្រូវបានគេហៅថា “សំបុកឃ្មុំ” ដោយសាររូបរាងរបស់វា និងមធ្យោបាយធ្វើដំណើរឆ្លងកាត់។
ព្រះវិហារ St. Mary
នេះជាព្រះវិហារ St. Mary (ឬត្រូវបានគេហៅថាព្រះវិហារ Tokyo នៃតំបន់សាសនាកាតូលិករ៉ូម៉ាំង) នៅទីក្រុង Tokyo ប្រទេសជប៉ុន។
អគារទំនើបនេះត្រូវបានរចនាឡើងដោយស្ថាបត្យករដ៏ល្បីឈ្មោះ Kenzo Tange ហើយបញ្ចប់នៅឆ្នាំ ១៩៦៤ ។
ដំបូងឡើយ ព្រះវិហារត្រូវបានសាងសង់ឡើងពីឈើក្នុងឆ្នាំ ១៨៩៩ ប៉ុន្តែត្រូវបានបំផ្លាញកំឡុងសង្គ្រាមលោកលើកទីពីរ។
ការរចនារបស់ស្ថាបត្យករ Tange គឺជាការរួមបញ្ចូលគ្នារវាងរចនាប័ទ្មទំនើប និងការផ្លាស់ប្តូរ ជាមួយនឹង parabol hyperbol ចំនួនប្រាំបីបង្កើតបានជាឈើឆ្កាងពន្លឺនៅលើដំបូល។
សម្ភារៈសំខាន់ដែលគេប្រើគឺបេតុង ដែកអុីណុក និងថ្មម៉ាបអុីតាលី បង្កើតបានជារូបរាងខាងក្រៅភ្លឺចែងចាំង និងទំនើប។
ព្រះវិហារ St. Mary គឺជាមជ្ឈមណ្ឌលសាសនានៅប្រទេសជប៉ុន ហើយជាកន្លែងរៀបចំព្រឹត្តិការណ៍ និងការប្រជុំសាសនា។
អាចនិយាយបានថា ប្រទេសជប៉ុនជាទឹកដីដែលមានស្នាដៃស្ថាបត្យកម្មពិសេសប្លែកជាច្រើន ក្នុងនោះអគារដែលគួរឲ្យចាប់អារម្មណ៍បំផុតប្រហែលជាអគារ Asahi Beer Hall ដែលត្រូវបានរំលឹកនៅដើមអត្តបទ។
និយាយអញ្ចឹងខ្ញុំស្រាប់តែនឹកឃើញថា នៅខាងក្នុងអគារ Asahi Beer Hall មានភោជនីយដ្ឋានលក់ស្រាបៀរ គួបផ្សំនឹងម្ហូបក្លែមដ៏ឈ្ងុយឆ្ងាញ់។ ស្រាបៀរស្រស់ត្រូវបានដឹកជញ្ជូនពីរោងចក្រជារៀងរាល់ថ្ងៃ ដូច្នេះនៅពេលដែលមកដល់ទីនេះ ធានាថាអ្នកទាំងអស់គ្នាអាចផឹកស្រាបៀរដែលស្រស់បំផុត។
ប្រសិនបើមានឱកាសបានទៅលេង Asakusa អ្នកប្រាកដជាសោកស្តាយប្រសិនបើរំលងកន្លែងនេះ។
Abe Kengo