វត្ថុអនុស្សាវរីយ៍ និងរឿងរ៉ាវនិយាយពីអំពើផិតក្បត់នៅពីក្រោយ

វត្ថុអនុស្សាវរីយ៍ និង​រឿង​រ៉ាវ​និយាយ​ពី​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ។

ជាទូទៅ ក្រោយពេលធ្វើដំណើរកម្សាន្ត ឬទៅធ្វើការឆ្ងាយ គ្រប់គ្នាច្រើនតែទិញអំណោយនៅតំបន់ដែលខ្លួនបានទៅលេង ដែលយកទៅធ្វើជាអំណោយសម្រាប់ជូនសាច់ញាតិ ឬមិត្តភ័ក្តិ ចំណុចនេះជា​អ្វី​ដែល​យើង​តែង​តែ​មើល​ឃើញ​មិន​ថា​នៅ​ទីណា​ក៏​ដោយ។

ក្នុងចំណោមនោះជប៉ុនត្រូវបានគេចាត់ទុកដូចជាប្រទេសដែលមានវត្ថុអនុស្សាវរីយ៍ច្រើនសម្បូរបែប ដែលត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ និងមានលក់គ្រប់ទីកន្លែង។

ក្នុងអត្តបទថ្ងៃនេះ JAPO សូមចែករំលែកនិយាយពីហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ដល់ប្រិយមិត្តទាំងអស់​គ្នា។ ចូរ​យើង​តាម​ដាន​ទាំង​អស់​គ្នា។

នៅស្ថានីយ៍ Tokyo ត្រូវបានគេចាត់ទុកដូចជាជាមជ្ឈមណ្ឌលនៃប្រព័ន្ធផ្លូវដែករបស់ជប៉ុន។ ហើយ​នេះ​ក៏​ជា​កន្លែង​ចេញដំណើររបស់រថភ្លើង Shinkansen និងខ្សែរថភ្លើងចាស់ៗដែលធ្វើដំណើរទៅ​កាន់​កន្លែង​ជា​ច្រើន។ ផ្លូវក្រោមដីនៃស្ថានីយ៍មានផ្សារទំនើបដ៏ធំមួយមានឈ្មោះថា Gransta Tokyo នៅទីនេះជាកន្លែងកម្សាន្តដែលល្បីឈ្មោះ ដែល​មាន​មនុស្ស​ជាង ១ លាន​នាក់​មក​ជា​​រៀង​រាល់​​ថ្ងៃ។

នៅទីនេះមានហាង​លក់​មុខ​ម្ហូប​ជា​ច្រើន​សម្បូរ​បែប​ដែល​បាន​ទាក់​ទាញ​អ្នក​​ដំណើរ​​យ៉ាង​ច្រើន ដោយ​សារ​តែ​ចំណុច​ទាំង​នេះ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​រយៈ​រថភ្លើងជាជាងយន្ត​ហោះ។

ក្រៅពីមានម្ហូបអាហារជាច្រើនមុខ នៅ Gransta Tokyo ក៏មានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនផង​ដែរ។

ជាទូទៅ ប្រសិនបើនិយាយពីរឿងទិញវត្ថុអនុស្សាវរីយ៍នៅស្ថានីយ៍ Tokyo គ្រប់គ្នានឹងគិតភ្លាមដល់អំណោយក្នុងស្រុក ដែលមកពី Tokyo ឬតំបន់ Kanto ។ ទោះជាយ៉ាងណា ប្រភេទទំនិញដែលពេញនិយម​នៅទីនេះមានលក្ខណៈចម្លែកបន្តិច។ ចំណុចដែលចម្លែកត្រង់ថា ប្រសិនបើមានផលិតផលចំនួន ១០ ក្នុង​នោះ​មាន ៧ មុខ​មិន​មែន​ជា​ផលិតផល​ក្នុងតំបន់នោះទេ។

ប្រសិនបើអ្នកគិតថា ដោយសារមូលហេតុណាមួយទើបគេមិនអាចទិញអំណោយក្នុងអំឡុងពេលទៅធ្វើការឆ្ងាយ ដូច្នេះទើបឈានចូលទិញនៅស្ថានីយ៍តាមផ្លូវត្រឡប់ទៅផ្ទះ ខ្ញុំយល់ថា មូលហេតុនេះមិនសមនឹង​ធ្វើ​ឲ្យ​ទំនិញ​ទាំង​នេះ​ពេញ​និយម ហើយ​ក្លាយជាទំនិញលក់ដាច់បំផុតនោះ​ទេ។

តើអាចនឹងមានហេតុផលនៅពីក្រោយដែលយើងមិននឹកស្មានដល់ដែរទេ?

ដំបូង​ឡើយ ខ្ញុំ​គិត​ថា ប្រហែលនោះជាអំណោយពិសេសទើបមានមនុស្សជាច្រើនចូលចិត្ត និងលក់ដាច់បែបនេះ។ ចំណុចនេះក៏ត្រូវម្យ៉ាងដែរ ប៉ុន្តែក្រៅពីនេះ ខ្ញុំនៅតែគិតពីមូលហេតុដ៏គួរឲ្យចាប់អារម្មណ៍​មួយ​ផ្សេង​ទៀត។

មូលហេតុដែលខ្ញុំកំពុងគិតដល់នោះគឺ ពួកគេមានចេតនាទិញអំណោយទាំងនេះ ដើម្បីបង្កើតភ័ស្តុ​តាង​បញ្ជាក់​ពី​ការ​ធ្វើដំណើរទៅធ្វើការឆ្ងាយដែលមិនមានពិត។

ខ្ញុំនឹងលើកយកឧទាហរណ៍ជាក់ស្តែងដើម្បីឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់។ ឧទាហរណ៍ដូច​ជា​បុរស​ម្នាក់កំពុងមានស្រីខាងក្រៅ នៅពេលដែលជូនស្រីស្នេហ៍ទៅដើរលេងតែងតែប្រាប់ប្រពន្ធកូន​ថា ខ្លួនកំពុងទៅធ្វើការឆ្ងាយ។ ដើម្បីកុំឲ្យគ្រួសារមានការសង្ស័យ ពេលត្រឡប់មកផ្ទះវិញ បុរសម្នាក់​នោះនឹងរកទិញអំណោយពិសេសមួយចំនួននៅកន្លែងដែលខ្លួនបាននិយាយកុហកនោះ ហើយ​យក​ទៅ​ផ្ទះ។ ប្រពន្ធ​ឃើញ​ដូច្នេះ​ក៏​ជឿ​ភ្លាម​ថា ប្តីរបស់ខ្លួនទើបត្រឡប់មកពីធ្វើការផ្លូវឆ្ងាយ។ ប៉ុន្តែ​ពិត ឬ​មិន​ពិត​មាន​តែ​បុរស​នោះ​ទើបដឹង។

ដូច្នេះ​ហើយ នៅ​ប្រទេស​ជប៉ុនមានហាងលក់​វត្ថុ​អនុស្សាវរីយ៍យ៉ាងច្រើន គ្រាន់តែឈានចូលទិញជាការស្រេច។ កាន់អំណោយក្នុងដៃយកធ្វើជាភស្តុតាង ចំណែកឯរឿងទៅណា និងធ្វើអ្វីមានតែខ្លួន​ឯង​ទេ​ទើប​ដឹង។

នៅពេលដែលអានដល់ចំណុចនេះប្រិយមិត្តអ្នកអានស្រីៗប្រាកដ​ជា​ចាប់​ផ្តើម​សង្ស័យ​ហើយ​​មែន​ទេ?

ប៉ុន្តែមិនត្រឹមតែបុរសប៉ុណ្ណោះទេ ​ព័ត៌មាន​មួយចំនួនបានបង្ហាញថា នៅ​ប្រទេស​ជប៉ុនអត្រាបុរស​ផិតក្បត់មានចំនួន ៥៩,៣%​ ចំណែកឯស្រ្តីផិតក្បត់មានចំនួន ៣៦,២%។ អ្នកទាំងអស់គ្នាអាចមើល​បន្ថែម​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម។

https://www.tantei-mr.co.jp/story/764/

នៅ​ប្រទេស​ជប៉ុន ទោះបីជាទំនាក់ទំនងរវាង​ប្ដី​ និងប្រពន្ធ​លែងមានទៀតក៏ដោយ បញ្ហាលែងលះមានលក្ខណៈស្មុគស្មាញ។ មូល​ហេតុ​ដោយ​សារ​បញ្ហា​​ដូច​ជា​​សំណង​​លែងលះ និង​ការ​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ មានមនុស្សជាច្រើនជ្រើសយកការលួចលាក់មាន “មនុស្សទីបី” ទាំងដែលនៅតែបន្តទំនាក់​ទំនង​គ្រួសារ​ជា​មួយ​ប្រពន្ធ និង​កូន​ធម្មតា។

នៅពេលដែលគិតដល់ចំណុចនេះ ខ្ញុំយល់ថា តើអំណោយពិសេសដែលលក់ដាច់នៅស្ថានីយ៍ Tokyo អាចនឹងមកពីបុគ្គលដែលកំពុងស្ថិតក្នុងស្ថានភាពបែបនេះដែរទេ?

ជាការពិតណាស់ ចំណុចនេះគ្រាន់តែជាការសន្និដ្ឋានផ្ទាល់របស់ខ្ញុំប៉ុណ្ណោះ ហើយមិនមានទិន្នន័យស្ថិតិ​ជាក់​លាក់​ណា​មួយ​ឡើយ។

ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ ក្នុងចំណោមប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រាកដជាមានអ្នកកំពុងគិតដូចជាខ្ញុំ។

នៅពេលដែលអ្នកមានឱកាសទៅកាន់ស្ថានីយ៍ Tokyo អ្នកទាំងអស់គ្នាអាចឈានចូល Gransta Tokyo ។ មិន​ត្រឹម​តែ​អាច​ដើរ​មើល​វត្ថុអនុស្សាវរីយ៍​ដ៏គួរឲ្យ​ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមើលឃើញប្រជាជនជប៉ុនកំពុងទិញវត្ថុអនុស្សាវរីយ៍ដែលមិនពាក់ព័ន្ធនឹង​ទីក្រុង Tokyo គ្រប់គ្នាប្រហែល​ជា​អាច​ដឹង​​ពី​​រឿង​​រ៉ាវ​​ជា​​ច្រើន​​ផ្សេង​​ទៀត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: