“Otaku” និងយុទ្ធនាការបរិច្ចាគឈាមមនុស្សធម៌នៅប្រទេសជប៉ុន

“Otaku” និងយុទ្ធនាការបរិច្ចាគឈាមមនុស្សធម៌នៅប្រទេសជប៉ុន។

Otaku (おたく/オタク) គឺជាពាក្យជប៉ុនដែលប្រើសម្រាប់សំដៅលើមនុស្សដែលមានចំណង់ចំណូលចិត្តខ្លាំង ឬអាចនិយាយបានថាញៀននឹងអ្វីម្យ៉ាង ដែលជាទូទៅមានដូចជា anime, manga, វីដេអូ​ហ្គេម ឬ​ផ្នែក​ណា​មួយ​នៃ​វប្បធម៌​ប្រជាប្រិយ​របស់​ជប៉ុន។

នៅប្រទេសជប៉ុនមានមនុស្សជាច្រើនស្រលាញ់ចូលចិត្តរឿង anime, manga និងវីដេអូហ្គេម ពួក​គេ​ត្រូវ​បានគេចាត់ទុកដូចជា “Otaku” មួយរូប។ ហើយពិសេសជាងនេះទៅទៀត មាន​កន្លែងមួយទុក​​​សម្រាប់​ពួក​​គេ​​ឈរ​​តម្រង់​​ជួរ​​ចាំ…បរិច្ចាគ​ឈាម។

អាច​និយាយ​បាន​ថា ឈាម​ដែល Otaku បរិច្ចាគបានចូល​រួម​ចំណែក​ការពារ​​វិស័យវេជ្ជសាស្ត្រ​ជប៉ុន។

ដូច្នេះហេតុអ្វីបានជាមនុស្សទាំងនេះទៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត?

អាថ៌កំបាំងដែលជួយឲ្យយុទ្ធនាការនេះ​ទទួល​បាន​ជោគជ័យ​ដោយ​សារ​យុទ្ធសាស្រ្ត​ដ៏ឆ្លាត​វៃ​របស់​គណៈ​កម្មាធិការ​រៀប​ចំ។ ចូរ​យើង​ស្វែង​យល់​ទាំង​អស់​គ្នា​តាម​រយៈ​អត្តបទ​ខាង​ក្រោម។

ការបរិច្ចាកឈាមគឺជារឿងដែលសំខាន់ដើម្បីបំពេញបន្ថែមបរិមាណឈាមដែលខ្វះក្នុងអំឡុងពេល​វះ​កាត់ ឬ​ព្យាបាល ហើយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងវេជ្ជសាស្ត្រ។

បច្ចុប្បន្ននេះ ឈាមសិប្បនិមិត្តមិនទាន់អាចប្រើបានឡើយ ដូច្នេះវិធីសាស្រ្តដែលទទួលបាន​ឈាម​តែ​មួយ​គត់​គឺ​តាម​រយៈ​អ្នក​បរិច្ចាគ​ឈាម។ ទោះ​ជា​យ៉ាង​ណា នៅ​ប្រទេស​ជប៉ុន ច្បាប់មិនអនុញ្ញាតការទិញលក់ឈាមនោះទេ។ អាច​និយាយ​បាន​ថា ប្រសិនបើមិនមាន​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ប្រាកដ​ជា​មិន​អាច​បន្ត​ប្រព័ន្ធ​សុខាភិបាល​បាន​ឡើយ។

យ៉ាងណាមិញ ការបរិច្ចាគឈាមបែរជាធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរ ម្ជុលមើលទៅគួរឲ្យខ្លាច ថែម​ទាំង​ឈឺ​ទៀត និង​ចំណាយ​ពេល​ច្រើន។ ដូច្នេះ​​ហើយ ពិបាក​នឹង​ប្រមូល​ផ្តុំ​អ្នក​ចូល​រួម​ខ្លាំងណាស់។

ក្នុងស្ថានភាពបែបនេះ មាន​ព្រឹត្តិការណ៍​មួយបានទាក់ទាញចំណាប់អារម្មណ៍របស់​​មនុស្ស​​ជា​​ច្រើននៅ​ទូទាំង​ប្រទេស​​ជប៉ុន​​​គឺ Comic Market – ជា​ពិធីបុណ្យសម្រាប់ “Otaku” ។

នៅ​កន្លែង​ប្រារព្ធព្រឹត្តិការណ៍​នេះ មាន​រថយន្ត​បរិច្ចាគ​ឈាម​រហូត​ដល់​ទៅ ​៨​ គ្រឿង ហើយ​ការ​រង់ចាំ​​បរិច្ចាគ​ឈាម​ពេល​ខ្លះ​មាន​រយៈពេល​ដល់​ទៅ​ ១៥០​ នាទី ។

បរិមាណឈាមដែលប្រមូលបាននៅទីនេះស្មើនឹង ១/៣ តម្រូវការនៃតំបន់ទាំង ១០ ជុំវិញទីក្រុង​តូក្យូ។ ហើយព្រឹត្តិការណ៍ Otaku ជា​កន្លែង​ដែល​ទទួល​បាន​ការ​បរិច្ចាគ​ឈាម​ច្រើន​ជាង​គេ​នៅប្រទេស​ជប៉ុន។

នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​មាន​អ្នក​ចូល​រួមប្រមាណដល់​ទៅ ៥០ ម៉ឺន​នាក់។

និយាយពីមូលហេតុដែលជម្រុញឲ្យ Otaku ទាំងនេះចូលរួមយុទ្ធនាការបរិច្ចាគឈាមពិតជាសាមញ្ញណាស់។

ដោយសារតែពួកគេនឹងទទួលបានប្រតិទិន ឬផ្ទាំងរូបភាព​ដែល​ទាក់​ទង​នឹង​ស៊េរី​រឿង Anime ល្បីឈ្មោះ។

គ្មានហេតុផលខ្ពង់ខ្ពស់អ្វីនោះទេ ពួកគេគ្រាន់តែចង់ទទួលបានអំណោយមានកំណត់ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​អ្វី​គួរ​រិះ​គន់​នោះ​ទេ ព្រោះ​នេះ​ជាការ​ដោះដូរ​ដែល​ភាគី​ទាំងពីរសុទ្ធតែសប្បាយ​ចិត្ត។

និយាយពីបញ្ហានេះនៅតែមានមតិអវិជ្ជមានជាច្រើនត្រូវបានលើកឡើង។ ឧទាហរណ៍ដូចជាមានអ្នក​ខ្លះ​និយាយ​ថា៖

  • “ការបញ្ចូលឈាមពី Otaku ស្តាប់ទៅគួរឲ្យខ្ពើមណាស់!”

ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​នេះ វេជ្ជបណ្ឌិត​ម្នាក់បាន​លើក​ឡើង​ថា៖

  • “ដោយសារតែ Otaku ជាច្រើនមិនធ្លាប់រួមភេទ ដូច្នេះអត្រាដែល​កើត​ជំងឺ​ឆ្លង​មាន​កម្រិត​ទាប​​ខ្លាំង​​ណាស់។”

ដូច្នេះអាចនិយាយបានថាឈាមរបស់ Otaku ជាជម្រើសដ៏ល្អបំផុតសម្រាប់ការបញ្ចូលឈាម។

ការ​បញ្ចេញ​មតិ​អវិជ្ជមាន​ពិតជាមិនសមរម្យ និងជាការប្រមាថ ប៉ុន្តែសំណាងល្អ Otaku មិនខ្វល់នឹងរឿងទាំងនេះ។ មិនថាអ្នកណានិយាយអ្វីក៏ដោយ ពួកគេនៅតែបរិច្ចាកឈាមដោយភាពរីក​រាយ ហើយ​ទទួល​បាន​អំណោយ​មាន​កំណត់​ដែល​ខ្លួន​ចូល​ចិត្ត។

មានរឿងខ្លះ ប្រសិនបើពិបាកនឹងសម្រេច​បាន​លទ្ធផល​ យើងអាចបត់បែនបាន ផ្លាស់ប្តូររបៀបគិត ពេល​ខ្លះ​គិត​តាម​បែប​សាមញ្ញ​បន្តិច នៅទីបំផុតអាចស្វែងរកដំណោះស្រាយឆ្ពោះទៅរកភាពជោគ​ជ័យ។

គន្លឹះសំខាន់ត្រូវដឹងពីតម្រូវការរបស់បុគ្គលដែលជាគោលដៅ ប្រើមធ្យោបាយស្វែងរកទិសដៅ។ ប្រហែល​​ជា​ចំណុច​នេះ​អាច​ជា​មេរៀន​​មួយ​​ដែល​​យើង​​អាច​​អនុវត្ត​​ក្នុង​​អាជីវកម្ម​ និង​ជីវិត​ជាក់ស្តែង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: