ចំណុចដែលយើងមិនទាន់ដឹងទាក់ទងនឹងសណ្ឋាគារដ៏ល្បីឈ្មោះ Imperial

ចំណុចដែលយើងមិនទាន់ដឹងទាក់ទងនឹងសណ្ឋាគារដ៏ល្បីឈ្មោះ Imperial ។

សណ្ឋាគារ Imperial នៅទីក្រុង Tokyo ល្បីថាជាកន្លែងស្នាក់នៅរបស់​ប្រមុខ​រដ្ឋ និង​ឥស្សរជនសំខាន់ៗ​មក​​ពី​​ជុំវិញ​​ពិភព​​លោក។

ដើម្បីបង្កើតបានកេរ្តិ៍ឈ្មោះទាំងនេះ ភាពរួសរាយរាក់ទាក់របស់បុគ្គលិកគឺជាកត្តាសំខាន់ដែលមិនអាច​​មើល​​រំលង។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ JAPO សូមណែនាំលក្ខណៈពិសេស ដែលបានរួមចំណែកដល់កេរ្តិ៍ឈ្មោះរបស់​​សណ្ឋាគារ​​នេះ។ ចូរ​យើង​តាម​ដាន​អត្តបទ​ខាង​ក្រោម​ទាំង​អស់​គ្នា។

បុគ្គលិកបើកទ្វារតែងតែត្រៀមប្រាក់ ១ ម៉ឺនយ៉េនក្នុងខ្លួន

ដូចជាសណ្ឋាគារលំដាប់ខ្ពស់ផ្សេងទៀតដែរ មុខទ្វារសណ្ឋាគារតែងតែមានបុគ្គលិកចាំទទួលស្វាគមន៍​ភ្ញៀវ។ ចំណុចពិសេសត្រង់ថា ក្នុងហោប៉ៅ​របស់​​បុគ្គលិក​​ទាំង​​នេះ​តែង​តែ​មានប្រាក់ ១ ម៉ឺន​យ៉េន។ ក្នុងនោះមានក្រដាសប្រាក់ ៥.០០០ យ៉េនមួយសន្លឹក និងក្រដាសប្រាក់ ១.០០០ យ៉េនប្រាំសន្លឹក ក្រដាស​ប្រាក់​ទាំង​អស់​សុទ្ធ​តែជាក្រដាសប្រាក់ថ្មី មិនមានស្នាមបត់នោះទេ។ គោល​បំណង​គឺ​ដើម្បីអាចប្តូរប្រាក់បានភ្លាមៗក្នុងករណីភ្ញៀវជិះតាក់ស៊ីមកកាន់សណ្ឋាគារតែមិនមានប្រាក់​រាយ។

ក្រៅពីនេះ យ៉ាងហោចណាស់មានបុគ្គលិកម្នាក់តែងតែយកតាមឧបករណ៍សង្គ្រោះបន្ទាន់ (mouthpiece) ដោយ​ប្រើ​ក្នុង​ស្ថាន​ភាព​មាន​អាសន្ន​។

ផ្កាកូលាបក្រពុំក្នុងជណ្តើរយន្ត

មិនត្រឹមតែបម្រើដល់ការធ្វើដំណើរឡើងចុះប៉ុណ្ណោះទេ ជណ្តើរយន្តនៅក្នុងសណ្ឋាគារក៏សំខាន់ណាស់​ដែរ ហើយថែមទាំងត្រូវបានចាត់ទុកដូចជាបន្ទប់តូចសម្រាប់បម្រើភ្ញៀវ ដូច្នេះតែងតែត្រូវបាន​រក្សា​អនាម័យ និង​តុប​តែង​លម្អ​ដោយ​ផ្កាកុលាប​ស្រស់​ជា​និច្ច។

ដោយមិនប្រើផ្កាកូលាបដែលរីកនោះទេ នៅទីនេះប្រើតែផ្កាក្រពុំប៉ុណ្ណោះ ដើម្បីជៀស​វាង​ត្របក​ផ្កាធ្លាក់ ហើយលំអងផ្កាជាប់សម្លៀកបំពាក់ និងអីវ៉ាន់របស់ភ្ញៀវប្រសិនបើប៉ះត្រូវ។

ផ្កានឹងត្រូវបានប្តូរថ្មីក្នុងរយៈពេល ៣ ថ្ងៃម្តង មុនពេលដែលផ្ការីក។

ការសម្អាតយ៉ាងល្អឥតខ្ចោះ

ការសម្អាតត្រូវបានធ្វើឡើងជាក្រុមមានមនុស្សពីរនាក់​ ដែលមានជាង ២០០ ចំណុច​ត្រូវ​ត្រួតពិនិត្យ។

គ្រប់កន្លែងទាំងអស់ត្រូវបានសម្អាតយ៉ាងហ្មត់ចត់ ដោយធានាថាមិនមានធូលីដី មិនថានៅក្រោមគ្រែ គ្រឿងសង្ហារឹម ឬនៅពីក្រោយវាំងនននោះទេ។ សំឡេងទូរទស្សន៍ក៏ត្រូវបានពិនិត្យផងដែរ ដើម្បីធានាថាវាស្ថិតក្នុងកម្រិតសមស្រប។

ក្នុងករណីមានបញ្ហាដូចជាលេចធ្លាយទឹក ឬអគ្គិសនីមានបញ្ហា ក្នុងសណ្ឋាគារមានក្រុមជំនាញដោះស្រាយបញ្ហាភ្លាមៗ ដើម្បីជៀសវាងបញ្ហារំខានដល់ភ្ញៀវ។

ប្រសិនបើគ្រែ ឬគ្រឿងសង្ហារឹមមានស្នាមឆ្កូតនឹងត្រូវបានជួសជុលភ្លាមៗ។ ដោយមិនទុកឲ្យភ្ញៀវប្រើ​បន្ទប់ក្នុងស្ថានភាពមាន​ស្នាម​ឆ្កូតនោះទេ។

ក្រៅពីនេះ ក្នុងសណ្ឋាគារទាំងមូលមានអំពូលភ្លើងជាង ១០០ ប្រភេទ ដែលមានចំនួនសរុបជាង ៥០.០០០ អំពូល។ ទាំងអស់នេះត្រូវបានត្រួតពិនិត្យជារៀងរាល់ថ្ងៃ។

រក្សាទុកសំរាមដែលភ្ញៀវបោះចោល

ប្រហែលជាដើម្បីជៀសវាងស្ថានភាពបោះចោលរបស់របររបស់ភ្ញៀវច្រឡំ សូម្បីតែរបស់ដែលចោលក្នុងធុងសំរាមក៏ត្រូវបានរក្សាទុកក្នុងរយៈពេលកំណត់ផងដែរ។

ដូច្នេះហើយ សូម្បីតែឯកសារដែលច្រឡំបោះចោលក្នុងធុងសំរាមក៏អាចរកមកវិញបានដែរ។

កន្លែងទុកដាក់ និងក្រុមការងារដែលគ្រប់គ្រងខាងផ្នែកនេះក៏ចំណាយច្រើនណាស់ដែរ។

មិនពិបាកនោះទេប្រសិនបើយើងចង់ស្វែងយល់អំពីប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម ជាពិសេស​ក្នុង​ខ្លឹម​សារ​អត្តបទ​ថ្ងៃ​នេះ​យើង​និយាយ​ពី​សណ្ឋាគារ។

យ៉ាងណាមិញ ក្រៅពីវិធីសាស្រ្តដំណើរការ និងការថែទាំអតិថិជន សម្រាប់វិស័យសេវាកម្ម និងសណ្ឋាគារ ស្មារតី​រួស​រាយ​រាក់​ទាក់ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​គឺជាកត្តាដែលសំខាន់មិន​មែន​កន្លែង​ណា​ក៏​អាច​ធ្វើ​បាន​ល្អ​នោះ​ទេ។

ដោយសារតែរក្សាបានស្មារតីនេះទើបសណ្ឋាគារ Imperial មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដំណើរការអស់​រយៈ​ពេល ១៣០ ឆ្នាំ និងនៅតែនាំមុខដដែល ទាំងដែលនៅសណ្ឋាគារជាច្រើនមានគ្រឿងបរិក្ខារទំនើបៗ។

JAPO ជឿជាក់ថា ការស្នាក់នៅសណ្ឋាគារដែលមានស្មារតីសេវាកម្មល្អបំផុតនៅក្នុងប្រទេសជប៉ុន គឺ​ជា​បទពិសោធន៍​ដ៏អស្ចារ្យ​ដែលយើងគួរតែសាកល្បងក្នុងអំឡុងពេលដំណើរកម្សាន្តទៅកាន់ប្រទេស​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: