ការ​ងារ​រក​ប្រាក់​ដ៏ចម្លែក​មួយ​ចំនួន​នៅ​ជប៉ុន​កាល​ពី​សម័យ​បុរាណ

ការងារ​រក​ប្រាក់​ដ៏​ចម្លែក​មួយ​ចំនួន​នៅ​ជប៉ុន​កាល​ពី​សម័យ​បុរាណ។

នៅប្រទេសនីមួយៗមានមូលដ្ឋានវប្បធម៌ និងលក្ខណៈពិសេសដោយឡែក ហើយក៏មានអាថ៌កំបាំង​ជា​ច្រើន​ដែល​សព្វ​ថ្ងៃ​យើង​មិន​នឹក​ស្មាន​ដល់។ 

ក្នុងអត្តបទថ្ងៃនេះ JAPO នឹងលាតត្រដាងប្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នានូវការងារចម្លែក​ៗ​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ពិត​នៅ​ជប៉ុន​កាលពីសម័យបុរាណ។

ការងារទទួលស្គាល់ថាផោម

នៅពេលខ្លះបើសិនជាយើងហ៊ានលះបង់ភាពអាម៉ាសរបស់ខ្លួន ដូច្នេះអាចរកប្រាក់បានយ៉ាងស្រួល ហើយ​ចំណុចនេះជាឧទាហរណ៍មួយក្នុងរឿងនេះ។

យើងទាំងអស់គ្នាដឹងហើយថា ផោមគឺជាបាតុភូតសរីរវិទ្យាធម្មតារបស់រាងកាយ ជួយកម្ចាត់បរិមាណ​ខ្យល់ដែលផលិតក្នុងអំឡុងពេលរំលាយអាហារ ឬនៅពេលដែលបរិភោគអាហារ និយាយស្តី។ ទោះបីជាយើងដឹងថានេះជាបាតុភូតធម្មតាក៏ដោយ ប៉ុន្តែក្លិនមិនល្អ និងការបញ្ចេញសំឡេងតែងតែធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ខ្មាសអៀន។ ជាពិសេសនៅសម័យបុរាណ ជាសម័យកាលដែលស្រ្តីចាត់ទុកសុជីវធម៌ជាអាទិភាពចម្បង ការដែលផោមនៅចំពោះមុខអ្នកដទៃគឺជារឿងដែល​មិនសមរម្យបំផុត។

ដូច្នេះហើយ នៅពេលដែលរឿងនេះកើតឡើង នឹងមានអ្នកក្រោកឈរ ហើយទទួលស្គាល់ថាខ្លួនជាអ្នកផោម ដើម្បីការពារកិត្តិយសរបស់ស្រ្តីទាំងនោះ ហើយការងារដែលទទួលស្គាល់ថាខ្លួនជាអ្នក​ផោម​នេះ​ក្នុង​ភាសា​ជប៉ុន​គេ​ហៅថា “heoibikuni” ។

Hitori Sumo – ស៊ូម៉ូម្នាក់ឯង

ដូចដែលអ្នកបានដឹងហើយថា Sumo គឺជាទម្រង់នៃកីឡាចំបាប់ ដែលមានកីឡាករចំបាប់ចំនួនពីរនាក់។ ក្នុងអំឡុងពេលប្រកួត អ្នកចំបាប់ទាំងពីរនឹងខំប្រឹងបង្ខំឲ្យគូប្រកួតចេញពីរង្វង់មូល ឬ​ធ្វើឲ្យផ្នែកណាមួយនៅលើរាងកាយរបស់គូប្រកួតក្រៅពីបាតជើងប៉ះដី។

ប៉ុន្តែកាលពីមុន នៅប្រទេសជប៉ុនធ្លាប់មានការប្រកួត Sumo ម្នាក់ឯង។

តាមពិតទៅការប្រកួត Sumo ម្នាក់ឯង គ្រាន់តែជាការសម្តែង ឬពិធី ដោយមិនមែនជាការប្រកួត Sumo ផ្លូវការនោះទេ។

ក្នុងអំឡុងពេលសម្តែង អ្នកចំបាប់នឹងបង្ហាញបច្ចេកទេស Sumo ដល់ទស្សនិកជន តាមទម្រង់កំប្លែង និងគួរឲ្យអស់សំណើច។ តាមរយៈការយកតម្រាប់តាមស្ទីលរបស់កីឡាករចំបាប់ Sumo ដទៃទៀត ដោយនាំមកនូវសំណើចដល់ទស្សនិកជន ពួកគេអាចរកប្រាក់ចំណូលតាមរយៈការងារនេះ។ កាន់តែកំប្លែងធ្វើឲ្យទស្សនិកជនសើចច្រើន កាន់តែរកប្រាក់បានច្រើន។

Oyakoko – កតញូចំពោះឪពុកម្តាយ

ប្រសិនបើក្នុងវប្បធម៌ប្រពៃណីកម្ពុជា កតញូចំពោះឪពុកម្តាយត្រូវបានចាត់ទុកជាចំណុចដែល​សំខាន់​បំផុត ប៉ុន្តែនៅជប៉ុនកាលពីសម័យមុន កតញូចំពោះឪពុកម្តាយធ្លាប់ជាឧបករណ៍​ជួយ​មនុស្ស​រក​ប្រាក់។

មនុស្សមួយចំនួនអៀវឪពុក​ម្ដាយ​ចាស់​ជរា​លើ​ខ្នង ហើយដើរជុំវិញផ្លូវ។ មនុស្សដែលនៅជុំវិញមើលឃើញសកម្មភាពនេះនឹងមានចិត្តអាណិត ហើយឲ្យពួកគេប្រាក់ដើម្បីចិញ្ចឹមជីវិត។

គួរឲ្យស្តាយទាំងនេះគ្រាន់តែជាការបោកបញ្ឆោតចិត្តអាណិតអាសូររបស់មនុស្សដែលនៅជុំវិញប៉ុណ្ណោះ។

ក្នុងករណីមួយចំនួន គ្មានទំនាក់ទំនងឪពុកម្តាយ និងកូននោះទេ គ្រាន់តែជាមនុស្សចាស់ជរា និងមនុស្សវ័យក្មេងដែល​មិន​ស្គាល់​គ្នា បានចាប់ដៃគ្នាសម្តែងដើម្បីទទួលបានចិត្តអាណិតអាសូរ​ពី​អ្នក​ដទៃ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ពេល​ខ្លះ​អ្នក​ដែលអៀវនៅលើខ្នងមិន​មែន​ជា​មនុស្ស​ចាស់​ជរា​នោះ​ទេ គ្រាន់​តែ​ជា​ទីងមោង​ដែល​មាន​​រូប​រាង​​ដូច​​មនុស្ស។

ប្រហែលជាអ្នកទាំងអស់គ្នាកំពុងតែស្រមៃគិតដល់ទិដ្ឋភាពទីងមោងដែលអៀវលើខ្នងនោះ ហើយឆ្ងល់ថាហេតុអ្វីបានជាគេនៅតែឲ្យប្រាក់ពួកគេទាំងដែលដឹងថានោះគ្រាន់តែជាទីងមោង។

ព្រោះតែជនបោកប្រាស់ទាំងនេះបានប្រើល្បិច ពួកគេអៀវទីងមោងដើរជុំវិញហើយស្រែកខ្លាំង​ៗ​ថា ពួក​គេកំពុងព្យាយាមសងគុណឪពុកម្តាយ។ ដោយសារការសម្តែងដ៏ប៉ិនប្រសប់នេះ អភិជនដែល​ឈរ​នៅ​ក្បែរ​នោះ​ត្រូវបង្ខំចិត្តយកប្រាក់ចេញពីកាបូបឲ្យពួកគេ ដើម្បីរក្សាមុខមាត់ និងទទួល​បាន​ការ​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន។

នេះជាការងារដែលរកបានប្រាក់ងាយស្រួលបំផុត បន្ទាប់ពីការងារទទួលស្គាល់ថាខ្លួនជាអ្នក​ផោម​ដែល​ខ្ញុំ​បាន​ណែ​នាំ​ដំបូង។

ប្រមូលទិញលាមកបក្សី

ផ្នែកខាងក្រោមសំបុក​បក្សី​ច្រើន​តែ​ជា​កន្លែង​ដែល​មានលាមកបក្សីច្រើន។ នៅពេលនោះមានមនុស្ស​ដើរទៅមកប្រមូលយក និងទិញលាមកទាំងនេះ។ គេជឿថា សារធាតុមួយចំនួនដែលមានក្នុង​លាមក​បក្សី​មាន​តម្លៃ ហើយអាចលក់​ដើម្បី​យកទៅប្រើក្នុងវេជ្ជសាស្ត្រ និងការថែសម្រស់។ ហើយប្រហែលជា​ដោយ​សារ​ទស្សនៈ​នេះ មាន​មនុស្ស​មួយ​ចំនួន​ថែមទាំងលាបលាមកបក្សី​លើ​មុខ​ដោយ​​សង្ឃឹម​​ថា​ ​នឹង​មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត។

ដោះប្រស្នា

ការងាររកប្រាក់នេះចាប់ផ្តើមតាមរយៈអ្នកដាក់ចេញសំណួរ ហើយបោះចូលផ្ទះរបស់មនុស្សជាច្រើន។

នៅពេលដែលម្ចាស់ផ្ទះទទួលបានក្រដាសសំណួរនឹងគិត​រកនឹកចម្លើយ។ ហើយនៅពេលដែលរកចម្លើយ​មិន​បាន ពួក​គេនឹង​​ចាប់​ផ្តើម​ងឿង​ឆ្ងល់។

អ្នកដែលចេញសំណួរនឹង​នៅ​ក្បែរ​នោះ ហើយពិនិត្យមើលសកម្មភាពរបស់ម្ចាស់ផ្ទះ។ ដោយ​កត់​សម្គាល់​ឃើញ​ការ​ងឿង​ឆ្ងល់​របស់​ភាគី ពួកគេនឹងចូលទៅជិត ហើយជួយដោះប្រស្នា ដោយគ្រាន់តែឲ្យ​ពួក​គេ​ប្រាក់​រង្វាន់​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ការដែលត្រូវអ្នកដទៃទារប្រាក់ពិតជារំខានខ្លាំងណាស់ យ៉ាងណាមិញ សម្រាប់អ្នកដែលចាប់អារម្មណ៍​ចង់​ដឹង​ភ្លាមៗ ប្រាកដ​ជាព្រមចំណាយប្រាក់ដើម្បីស្តាប់ចម្លើយ។

ពិតជាមិនគួរឲ្យជឿទាល់តែសោះដែលរឿងឆ្កួតៗបែបនេះបែរជារកបានប្រាក់? ប៉ុន្តែរឿងទាំងនេះបែរជាធ្លាប់កើតឡើងនៅប្រទេសជប៉ុន។

មនុស្សនៅជំនាន់មុនធ្លាប់គិតរកមធ្យោបាយចម្លែកៗជាច្រើនដើម្បីរកប្រាក់។ ក្នុងនាមជាមនុស្ស​ដែល​កើត និងធំដឹងក្តីក្នុងសម័យសព្វថ្ងៃ តើអ្នកទាំងអស់គ្នាបានគិតពីទម្រង់អាជីវកម្ម ឬ​មធ្យោបាយ​រកប្រាក់​ដែល​អាច​អនុវត្ត​បាន​ដែរ​ទេ? សូម​ចែក​រំលែក​ប្រាប់ JAPO ផង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: