ភាពខុសគ្នារវាងមនុស្សមានទេពកោសល្យ និងមនុស្សចម្លែក

ភាព​ខុស​គ្នា​រវាង​មនុស្ស​មាន​ទេពកោសល្យ និង​មនុស្ស​ចម្លែក។

នៅតាមសាកលវិទ្យាល័យសិល្បៈតែងតែមានមនុស្សដែលមានបុគ្គលិកលក្ខណៈចម្លែក ទោះបីជាចំណុច​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ក៏​ដោយ ប៉ុន្តែសាលាដែលខ្ញុំលើកមកនិយាយលើកនេះមានលក្ខណៈពិសេសជាង។ ទាំងសាស្ត្រាចារ្យ និងនិស្សិតនៅទីនោះសុទ្ធតែមានបុគ្គលិកលក្ខណៈចម្លែក។

តើពួកគេអាចនឹងក្លាយជាបុគ្គលដ៏អស្ចារ្យផ្លាស់ប្តូរពិភពសិល្បៈជប៉ុនដែរទេ?

សាកល​វិទ្យា​ល័​យដែលនឹងលើកមកនិយាយគឺសាកលវិទ្យាល័យសិល្បៈតូក្យូ។

ដើម្បីប្រឡងចូលសាកលវិទ្យាល័យនេះ និស្សិតនៅទីនេះត្រូវឆ្លងកាត់ការប្រឡងយ៉ាងតឹងរ៉ឹង សម្រាប់​​មុខ​​វិជ្ជា​ដែល​មាន​ការ​ប្រកួត​​ប្រជែង​​ខ្ពស់​​មាន​​អត្រា ១ ទល់​នឹង ៣០ ។

ចូរយើងក្រឡេកមកមើលវិញ្ញាសាប្រឡងមួយចំនួនរបស់សាកលវិទ្យាល័យនេះ។

វិញ្ញាសាប្រឡងមានដូចខាងក្រោម៖

“ធ្វើអ្វីដែលអ្នកចង់បានដោយប្រើខ្មៅដៃ ជ័រលុប និងក្រដាសនេះ!”

តើអ្នកទាំងអស់គ្នាគិតថាខ្លួននឹងធ្វើអ្វីប្រសិនបើទទួលបានវិញ្ញាសានេះ?

ចូរយើងពិនិត្យមើលថា តើវិធីសាស្រ្តដែលអ្នកទាំងអស់គ្នាកំពុងគិតស្របនឹងនិស្សិតដែលបានប្រឡង​ជាប់​វិញ្ញាសានេះ​ដែរ​ទេ។

នៅពេលដែលទទួលបានវិញ្ញាសានេះ និស្សិតម្នាក់បានកិនបណ្តូលខ្មៅដៃទៅជាម្សៅ ហើយរោយកម្ទេច​បណ្តូល​ខ្មៅ​ដៃ​លើ​ក្រដាស បន្ទាប់​មក​ផ្កាប់​មុខ​លើ​ក្រដាស​នោះ។

ការប៉ះទង្គិចគ្នារវាងទម្រង់មុខ និងផ្ទៃក្រដាសដែលមានកម្ទេចម្សៅ​ខ្មៅ​ដៃ បង្កើត​បាន​ជា​រូបគំនូរ​​របស់​​និស្សិត​​ម្នាក់​​នោះ។ និស្សិត​ម្នាក់​នោះ​បានបំពេញវិញ្ញាសាប្រឡងបែបនេះ ហើយប្រគល់​​ជូន​សាលា​​វិញ។

វិញ្ញាសាប្រឡងមានលក្ខណៈពិសេស ចំណែកឯដំណោះ​ស្រាយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នាមាន​ការ​ភ្ញាក់​ផ្អើល​​ផង​​ដែរ។

ម្យ៉ាងវិញទៀត សាកលវិទ្យាល័យនេះត្រូវបានបែងចែកជាមហាវិទ្យាល័យតន្ត្រី និងមហាវិទ្យាល័យសិល្បៈ មហាវិទ្យាល័យទាំងពីរត្រូវបានបែងចែកដោយផ្លូវមួយ។

ភាគច្រើននិស្សិតនៅមហាវិទ្យាល័យតន្ត្រីស្លៀកពាក់ស្អាតបាត ប៉ុន្តែសម្រាប់និស្សិតនៅ​មហា​វិទ្យា​ល័យ​សិល្បៈ​វិញ របៀប​ស្លៀក​ពាក់​របស់​ពួក​គេ​មើល​ទៅមិនស្អាតប៉ុន្មានទេ។

ជាទូទៅម៉ូដសក់ដែលនិស្សិតប្រុសនិយមគឺម៉ូដ Mohawk ហើយសម្លៀកបំពាក់ប្រចាំថ្ងៃក៏ជាម៉ូដដែលចម្លែកដែរ ដែលធ្វើឲ្យអ្នកមើលឆ្ងល់ថា ត្រូវ​រក​ទិញ​សម្លៀក​បំពាក់​ប្លែកៗ​ទាំង​នេះ​នៅកន្លែង​ណា។

កាន់តែចម្លែកជាងនេះទៅទៀតនោះ មានទាំងនិស្សិតស្រីប្រើអាវទ្រនាប់ធ្វើជាម៉ាសមុខ បិទបាំង​ក្បាលសុដន់របស់ខ្លួនដោយប្រើស្ទីគ័ររាងបេះដូង ហើយដើរទៅមកគ្រប់កន្លែងដោយមិនខ្លាច​អ្វី​ទាំង​អស់។

ទាំងនេះគឺជារឿងពិត ប៉ុន្តែដោយសារចំណុចនេះអាចនឹងបំពានស្តង់ដារសហគមន៍ ដូច្នេះខ្ញុំមិនអាច​ដាក់​បង្ហាញ​រូបភាព​ធ្វើ​ជា​ភស្តុ​តាង​បាន​ទេ។

ទោះជាយ៉ាងណា សាកលវិទ្យាល័យនេះក៏ជាសាកលវិទ្យាល័យជប៉ុន ដូច្នេះរឿងដែលកើតឡើងក៏មិនចម្លែក​អ្វី​ដែរ។

នៅជាប់សាកលវិទ្យាល័យនេះមានសួនសត្វដ៏ធំមួយដែលមានឈ្មោះថា Ueno ដូចជាមាននិស្សិតម្នាក់​បាន​ទុក​សាក​សព​សត្វ​ភេន​ឃ្វីន​ដែល​គេចិញ្ចឹមក្នុងសួនសត្វក្នុងទូទឹកកករបស់សាលា។

ទោះបីជាមិនដឹងច្បាស់ថា សត្វភេនឃ្វីនមួយក្បាលនោះធ្លាក់ក្នុងដៃរបស់និស្សិតម្នាក់នេះយ៉ាង​ណា​​ក៏​​ដោយ ប៉ុន្តែហេតុការណ៍នេះហាក់បីដូចជាបានធ្វើឲ្យបែកបាក់ទំនាក់ទំនងរវាងសាលា និង​សួន​សត្វ។

នាយក​សាកលវិទ្យាល័យ​ក៏ធ្លាប់ធ្វើសេចក្តីថ្លែង​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ជាក់ស្តែងលោកបាន​ប្រកាស​ថា៖

សាកលវិទ្យាល័យរបស់យើងគឺជាកន្លែងដែលត្រូវបានរចនាឡើងសម្រាប់បណ្តុះបណ្តាលអ្នកដែលមាន​ទេព​កោសល្យ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ” ។

អាចនិយាយម្យ៉ាងទៀតថា ភាគច្រើននិស្សិតគ្រាន់តែត្រូវបានចាត់ទុកដូចជាមូលដ្ឋានសម្រាប់ស្វែង​រក​អ្នក​ដែល​មាន​ទេពកោសល្យ​ម្នាក់​ប៉ុណ្ណោះ។

នេះជាសេចក្តីប្រកាសដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និងមិននឹកស្មានដល់របស់ភាគីសាលា។

ហើយ​អ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើល​ជាង​នេះ​ទៅ​ទៀត​គឺ អត្រាអ្នកដែលមានការងារធ្វើបន្ទាប់​ពីបញ្ចប់​ការ​​សិក្សា​​នៅ​សាកលវិទ្យា​ល័យ​នេះ​មាន​​កម្រិត​​ទាប​​ខ្លាំង​​ណាស់។

និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះមានសមត្ថភាពខ្ពស់ ដូច្នេះក្រុមហ៊ុនភាគច្រើន​សុទ្ធតែមានបំណងជ្រើសរើសពួកគេ ប៉ុន្តែ​បញ្ហា​ត្រង់​ថា… ទោះ​បី​ជា​ឱកាស​កំពុង​រង់​ចាំ​តែនិស្សិត​ទាំង​នោះ​បែរ​ជា​មិនចង់ធ្វើ។

ប្រសិនបើអត្រានិស្សិតស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាធម្មតាមានប្រមាណ ២០% នោះ​ចំនួន​និស្សិត​ដែល​ចង់​ធ្វើ​ការ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅសាកលវិទ្យាល័យនេះគ្រាន់តែស្មើនឹង​ចំនួន​​នេះ​​ប៉ុណ្ណោះ។

ជាទូទៅនៅពេលដែលឮថាមិត្តរួមថ្នាក់របស់ពួកគេរកបានការងារធ្វើ និស្សិតផ្សេងទៀតនឹងអបអរសាទរមិត្ត​រួម​ថ្នាក់​ម្នាក់នោះ ប៉ុន្តែនៅសាកលវិទ្យានេះបែរជាឮពាក្យដូចជា៖ “អីយ៉ា ដូច្នេះអ្នកជិតក្លាយ​ជា​សសរ​ទ្រូង​គ្រួសារ​ហើយ…” ហាក់បីដូចជាកំពុងសោកស្តាយអ្វីម្យ៉ាង។

គេ​និយាយ​ថា ប្រមាណជាពាក់កណ្តាលនិស្សិតដែលបញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យនេះបានចាកចេញ​យ៉ាង​ស្ងៀម​ស្ងាត់​ដោយ​គ្មាន​បន្សល់ដាន។ តើពួកគេបានចេញដំណើរទៅស្វែងរកក្តីស្រមៃ​សិល្បៈ​របស់់​ខ្លួន​ហើយ​មែន​ទេ?

នៅសាកលវិទ្យាល័យនេះធ្លាប់មាននិស្សិតម្នាក់បាច​ដី​​ពេញ​ថ្នាក់​រៀន បន្ទាប់មកដាំស្មៅ ហើយដាក់​ឈ្មោះ​ថា “ស្នាដៃ​សិល្បៈ” ។ ហើយបន្ទាប់មកត្រូវចំណាយពេលដល់ទៅ ៣ ថ្ងៃទើបអាចសម្អាត “ស្នាដៃ​សិល្បៈ” ទាំង​នោះ។

អន្តេវាសិកដ្ឋានជាកន្លែងដែលមានភាពរញ៉េរញ៉ៃជាងនេះទៅទៀត ព្រោះប្រមូលផ្តុំទៅដោយនិស្សិត​ដែល​ចម្លែក។ អ្នក​ខ្លះ​ដេក​លើ​ស្លឹក​ឈើស្ងួត មាន​មនុស្ស​ជា​ច្រើនរស់នៅប្រៀប​បី​ដូច​ជា​ជនអនាថា។

ទោះបីជាសាកលវិទ្យាល័យចម្លែកបែបនេះក៏ដោយ ប៉ុន្តែបើចង់ប្រឡងចូល ការប្រឡងម្តងហើយម្តងទៀតរយៈពេល ៨ ទៅ ៩ ឆ្នាំគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ហើយអាយុរបស់និស្សិតក៏មានភាព​ខុស​គ្នា​ផង​ដែរ។

សាកលវិទ្យាល័យនេះបង្ហាញពីលក្ខណៈមួយខុសប្លែកពីរូបភាពរបស់ប្រជាជនជប៉ុនដែលអ្នកទាំងអស់​គ្នា​តែង​តែ​ស្រមៃ​គិត។

ជារៀងរាល់ឆ្នាំនៅទីនេះមានប្រារព្ធកម្មវិធីសាលា ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចរៀប​ចំពេល​វេលា​របស់​ខ្លួនដើម្បី​ទៅ​លេង​ប្រទេស​ជប៉ុន។

ក្នុងបរិវេណសាលាមានកន្លែងលក់ស្នាដៃសិល្បៈរបស់និស្សិត ប្រហែលជានៅថ្ងៃណាមួយ ស្នាដៃទាំងនេះ​នឹង​ក្លាយ​ជា​ស្នាដៃ​សិល្បៈ ដោយ​នាំ​មក​នូវ​តម្លៃ​ដែល​មិន​នឹក​ស្មាន​ដល់។

ដូច្នេះឃើញថា គម្លាតរវាងមនុស្សមានទេពកោសល្យ និងមនុស្សចម្លែកមិនខុសគ្នាប៉ុន្មានទេ ហើយ​ពេល​ខ្លះមុននឹងក្លាយមនុស្សដែលមាន​ទេព​កោ​សល្យ បុគ្គល​​ទាំង​​នោះ​​ធ្លាប់​​ត្រូវ​គេ​ចាត់ទុក​ជា​មនុស្ស​ឆ្កួត។

ទោះជាយ៉ាងណា សូមបន្តឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួន ទោះ​បី​ជា​ឆ្កួត​បន្តិច​ក៏​មិន​អីដែរ។ នៅ​ពេលដែល​ជោគជ័យ គ្មាន​នរណា​ហ៊ាន​ចាត់​ទុក​អ្នក​ជា​មនុស្ស​ឆ្កួត​ទៀត​ឡើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: