ស្វែងយល់ពីអត្តន័យពិសេស​ដែល​បង្កប់​ក្នុង​សេចក្តី​ប្រកាស​​ឯករាជ្យ​​នៃ​ប្រទេស​ឥណ្ឌូនេស៊ី

ស្វែងយល់ពីអត្តន័យពិសេសដែលបង្កប់ក្នុងសេចក្តី​ប្រកាស​ឯករាជ្យ​​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ប្រហែលជា សព្វថ្ងៃនេះយើងលែងឃើញគេប្រើពាក្យ “រជ្ជកាល” ទៀតហើយ។

ដើម្បីឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ ពាក្យ “រជ្ជកាល” ជាសម័យកាលដែលត្រូវបានស្តេច​ចិន និង​បណ្តា​ប្រទេស​ដែល​ទទួល​រងឥទ្ធិពលពីវប្បធម៌ចិនដូចជា វៀតណាម កូរ៉េ និងជប៉ុនប្រើប្រាស់។ ជា​ទូទៅ​ស្តេច​នីមួយៗ​មាន​រជ្ជកាល​មួយ ឬ​ច្រើន​ដោយ​ឡែក​ពី​គ្នា ក្រៅពីរជ្ជកាលគឺជាចំនួនឆ្នាំ។ រជ្ជកាល​ផ្តើម​ចេញ​ពី​ពាក្យ​ស្លោក ឬ​​បាវចនា​​របស់​​ស្តេច​​អង្គ​នោះ។

នៅលើពិភពលោក ប្រតិទិន Gregory ឬ​គេ​ហៅ​ថា​ប្រតិទិន​សុរិយគតិ បច្ចុប្បន្ន​យោង​ទៅ​​តាម​ប្រតិទិន​សុរិយគតិ​គឺ​ជា​ឆ្នាំ ២០២៥ ។ ទោះ​ជា​យ៉ាង​ណា នៅ​ប្រទស​ជប៉ុន ក្រៅ​​ពី​ប្រតិទិនសុរិយគតិ នៅ​មាន​ប្រព័ន្ធ​រាប់​ឆ្នាំ​ពីរ​ផ្សេង​ទៀត។

ក្នុងចំណោមនោះមានដូចជាប្រតិទិនអធិរាជ ឬគេហៅថាប្រតិទិនរាជវង្ស (皇暦 – Koreki) ដោយ​ចាប់​ផ្តើមតាំងពីពេលដែលប្រទេសជប៉ុនត្រូវបានបង្កើតឡើង។ ហើយប្រសិនបើគិតតាម​ប្រតិទិន​​នេះ​បច្ចុប្បន្ន​គឺ​ជា​ឆ្នាំ ២៦៨១ ។

កាលពីមុនធ្លាប់មានយន្តហោះចម្បាំងមួយប្រភេទហៅថា 零戦 (ឈ្មោះជាភាសាអង់គ្លេសហៅថា Zero Fighter) ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២៦០០ យោង​ទៅ​តាម​ប្រតិទិនអធិរាជ ឈ្មោះ​នេះ​ផ្តើម​ចេញ​ពី​លេខ ០០ ដែល​ស្ថិត​ក្នុង​លេខ​ឆ្នាំ ២៦០០ ។

ថ្វីត្បិតតែ សព្វថ្ងៃនេះយើងលែងមើលឃើញយន្តហោះប្រភេទនេះទៀតក៏ដោយ ប៉ុន្តែនេះជាប្រភពដើម​​នៃ​​ឈ្មោះ​របស់​វា។

ក្រៅ​ពី​ប្រតិទិន​អធិរាជ នៅប្រទេសជប៉ុនពេលវេលាថែមទាំងត្រូវបានគណនាដោយផ្អែកលើរជ្ជកាល​ផង​ដែរ។

នៅប្រទេសជប៉ុនសព្វថ្ងៃនេះគឺជារជ្ជកាល (令和 – Reiwa) រីឯរជ្ជកាលមុននោះគឺ (平成 – Heisei) ហើយរជ្ជកាលមុននោះទៅទៀតគឺ (昭和 – Showa) ។ ទោះបីជារជ្ជកាលនៅតែត្រូវបានគេ​ប្រើ​រហូត​មក​ដល់​សព្វ​ថ្ងៃ ប៉ុន្តែគេ​ប្រើ​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា មានឯកសារក្រៅប្រទេសដ៏សំខាន់មួយដែលគេប្រើវិធីសាស្រ្តរាប់ឆ្នាំរបស់ជប៉ុនសម្រាប់កត់សម្គាល់​ពេល​វេលា។ ហើយឯកសារនោះត្រូវបានកំណត់ថា ជាសេចក្តីប្រកាសឯករាជ្យនៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ដូច្នេះហេតុអ្វី​បាន​ជា​វិធីសាស្រ្តរាប់ឆ្នាំរបស់ជប៉ុនបែរជាត្រូវបានយកទៅប្រើ​ក្នុង​ឯកសារ​សំខាន់​ដែល​​បញ្ជាក់​​ពី​​ការ​​បង្កើត​​ប្រជាជាតិ​​មួយ​ទៅ​វិញ?

ចូរយើងទាំងអស់គ្នាស្វែងយល់តាមរយៈខ្លឹមសារអត្តបទខាងក្រោម។

កាលពីមុន ប្រទេសឥណ្ឌូនេស៊ីធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ហូឡង់អស់រយៈពេល ៣៥០ ឆ្នាំ។

ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ គោលបំណងចង់យកឈ្នះហូឡង់ ហើយដណ្តើមយកការគ្រប់គ្រង​ឥណ្ឌូនេស៊ី​របស់​ជប៉ុន​បាន​បរាជ័យ។ ហូឡង់បានត្រលប់មកវិញ រួមជាមួយនឹងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត បាន​ធ្វើ​ឲ្យ​ប្រទេសឥណ្ឌូនេស៊ីស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេម្តងទៀត។

កាលពីមុន ដោយធ្លាប់សន្យាថានឹងគាំទ្រឯករាជ្យភាពរបស់ឥណ្ឌូនេស៊ី ប៉ុន្តែក្រោយពេលបរាជ័យជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​រំសាយ​អាវុធ ហើយមិនអាចជួយដល់ឥណ្ឌូនេស៊ីទៀតឡើយ។

រដ្ឋាភិបាល​ជប៉ុន​ស្ថិត​ក្រោម​ស្ថាន​ភាព​មិន​​អាច​​​គោរព​​​តាម​​​ពាក្យ​សន្យា​ជួយ​​ឥណ្ឌូនេស៊ីដណ្តើម​យក​ឯករាជ្យ​ភាព។

ក្នុងស្ថានភាពនោះ ទាហានជប៉ុនប្រហែល ២០០០ នាក់បាន “ប្រឆាំង” នឹងបញ្ជារបស់រដ្ឋាភិបាលជប៉ុន ចាកចេញពីជួរកងទ័ព មិនត្រឡប់ទៅប្រទេសវិញ បែរជាសម្រេចចិត្តនៅប្រយុទ្ធជាមួយប្រជាជន​ឥណ្ឌូនេស៊ី។ ពួកគេបានបង្រៀនចំណេះដឹងផ្នែកយោធា បច្ចេកវិទ្យាទំនើប និងយុទ្ធសាស្ត្រ​ដល់​កង​ទ័ព​បដិវត្ត​ឥណ្ឌូនេស៊ី។ ដោយមានការជួយជ្រោមជ្រែងពីអតីតយុទ្ធជនទាំងនោះ កង​កម្លាំង​ឥណ្ឌូណេស៊ី​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង។

សង្គ្រាមដណ្តើមយកឯករាជ្យអូសបន្លាយអស់រយៈពេល ៤ ឆ្នាំ ហើយនៅទីបំផុតហូឡង់ត្រូវបង្ខំចិត្តទទួលស្គាល់ឥណ្ឌូនេស៊ីជាប្រទេសឯករាជ្យ។ ក្នុងអំឡុងពេលនោះ ទាហានជប៉ុនប្រហែល ១០០០ នាក់​បាន​ស្លាប់នៅលើសមរភូមិ។ មនុស្សជាច្រើនក្នុងចំណោមនោះត្រូវ​បាន​បញ្ចុះ​នៅកន្លែងបញ្ចុះ​សព​​វីរបុរស​​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី។

ពួក​គេ​បានសម្រេចចិត្តលះបង់ការត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីរក្សាសន្យានាំមកនូវអនាគត​​ដ៏​ភ្លឺ​ស្វាង​​ដល់​​ប្រទេស​​ឥណ្ឌូនេស៊ី។

ចំណុចដ៏សំខាន់មួយស្ថិតនៅក្នុងសេចក្តីប្រកាសឯករាជ្យនៃ​ប្រទេសឥណ្ឌូនេស៊ី ដែលប្រហែលជាមាន​មនុស្ស​តិច​ណាស់​ដឹង​ថា កាលបរិច្ឆេទឯករាជ្យភាពរបស់ឥណ្ឌូនេស៊ីមិនត្រូវបានកត់ត្រាដោយ​ប្រតិទិន​សុរិយគតិ​នោះទេ។ ដោយមិនបាន​កត់​ត្រាឆ្នាំ ១៩៤៥ ទេ ប្រទេសនេះបែរជាប្រើ​លេខ “០៥” ដែល​​តំណាង​​ឲ្យ​ឆ្នាំ ២៦០៥ យោង​តាម​ប្រតិទិន​អធិរាជ​ជប៉ុន។

នេះមិនមែនជារឿងចៃដន្យនោះទេ ដែលខ្ញុំជឿថា នេះជាវិធីសាស្រ្តដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីចង់បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទាហានជប៉ុន ដែលបានលះបង់គ្រប់យ៉ាង ប្រទេសជាតិ គ្រួសារ និង​អនាគត ដើម្បីរួមគ្នាប្រយុទ្ធជាមួយនឹងប្រជាជនឥណ្ឌូនេស៊ី ដណ្តើមយកឯករាជ្យភាព​ពិត​ប្រាកដ។

រដ្ឋាភិបាល​ជប៉ុន​នៅ​ពេល​នោះ​ត្រូវ​បង្ខំ​ចិត្ត​ចេញបញ្ជារំសាយ​កងទ័ព និងកោះហៅ​ទាហានត្រឡប់​មក​ប្រទេស​វិញ ដោយ​មិន​អាច​បំពេញ​តាម​ពាក្យសន្យារបស់ខ្លួន។ ប៉ុន្តែទាហានចំនួន ២០០០ នាក់​នោះ​បានប្រឆាំងនឹងបញ្ជារបស់ថ្នាក់លើ បាន​គោរព​ពាក្យ​សន្យា​ដែល​ប្រទេស​របស់​ពួក​គេមិន​អាច​​ធ្វើ​​បាន។

ពួកគេប្រកាន់ខ្ជាប់ទំនួលខុសត្រូវ ឈរលើគោលជំហរយុត្តិធម៌ និង​អនាគតរបស់ប្រទេសមួយផ្សេង​ទៀត។ ទោះ​បី​ជា​ត្រូវ​លះ​បង់​ខ្លួន​ឯង នៅ​តែគោរពតាមពាក្យសន្យាដោយ​ស្មារតី​ខ្ជាប់ខ្ជួន។

ស្មារតីប្រកាន់ខ្ជាប់ទំនួលខុសត្រូវរបស់ពួកគេជាអ្វីដែលពិបាករកបានក្នុងសង្គមសព្វថ្ងៃនេះ។

សង្គ្រាមមិនមែនជារឿងល្អនោះទេ ព្រោះមនុស្សសម្លាប់គ្នាទៅវិញទៅមក ដោយបង្កឲ្យមានការឈឺចាប់ និងការបាត់បង់ជាច្រើន។ ទោះជាយ៉ាងនេះក្តី មិនអាចបដិសេធបានទេថា ក្នុងរឿងដែលខ្ញុំទើបតែរៀបរាប់ខាងលើ ប្រសិនបើយើងមិនបន្តប្រយុទ្ធ ប្រហែលជាឥណ្ឌូណេស៊ីមិនអាច​ដណ្តើម​យក​ឯករាជ្យ​ដូច​សព្វ​ថ្ងៃ​នោះ​ទេ។

ខ្លឹមសារដែលខ្ញុំបានចែករំលែកគ្មានបំណងលើកតម្កើង ឬគាំទ្រសង្រ្គាមនោះទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​​រំលែក​រឿង​រ៉ាវ​និយាយ​ពី​ស្មារតី​ទទួលខុសត្រូវ ជាទស្សនៈដែលកំពុងតែបាត់បង់បន្តិចម្តងៗ​ក្នុង​​សង្គម​​បច្ចុប្បន្ន។

ទំនួលខុសត្រូវមានច្រើនប្រភេទ ទំនួលខុសត្រូវក្នុងពាក្យសម្ដី សកម្មភាព ទំនួលខុសត្រូវចំពោះខ្លួន​ឯង គ្រួសារ និង​សង្គម​ជា​ដើម។

យើងប្រហែលជាមិនអាចធ្វើរឿងដ៏អស្ចារ្យដូចជាទាហានដែលបានលះបង់ដើម្បីសម្រេចនូវឧត្តម​គតិ​​របស់​​ពួក​​គេ​​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​នៅ​តែ​អាច​គោរព​ពាក្យ​សន្យា​ចំពោះសាច់ញាតិ មិត្តភ័ក្តិ មិត្ត​រួម​ការ​ងារ​ជា​ដើម។ រស់​នៅ​ដោយ​គោរព​តាម​គោល​ការណ៍ មាន​ទំនួល​ខុសត្រូវ​ចំពោះ​ខ្លួន​ឯង និង​​អង្គភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: