កំពូលបុគ្គលដ៏អស្ចារ្យ Oyama Masutatsu ជាស្ថាបនិកនៃក្បាច់គុន Kyokushin Kaikan
កំពូលបុគ្គលដ៏អស្ចារ្យ Oyama Masutatsu ជាស្ថាបនិកនៃក្បាច់គុន Kyokushin Kaikan ។
លោក Oyama Masutatsu ដែលគេតែងតែហៅកាត់ថា Mas Oyama គឺជាស្ថាបនិកក្បាច់គុន Kyokushin ជាផ្នែកមួយនៃការ៉ាតេដែលមិនត្រឹមតែមានឥទ្ធិពល ថែមទាំងអាចអនុវត្តជាក់ស្តែង ហើយនៅភាគខាងលិចគេហៅថា Full Contact Karate ។ ដោយមិនត្រឹមតែត្រូវបានគេចាត់ទុកជាបុគ្គលដែលពូកែក្នុងពិភពក្បាច់គុនជប៉ុន ដៃទទេសម្លាប់គោជល់ប៉ុណ្ណោះទេ លោក Oyama ក៏ល្បីថា ជាមនុស្សដែលមិនធ្លាប់បដិសេធការប្រកួតណាមួយឡើយ។
លោក Oyama កើតឆ្នាំ ១៩២៣ នៅ Gimje ខេត្ត Jeollabuk-do (North Jeolla) កូរ៉េខាងត្បូង ក្នុងកំឡុងពេលដែលតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពជប៉ុន។ លោកជាបុគ្គលដែលមានដើមកំណើតកូរ៉េ ប៉ុន្តែក្នុងនាមជាពលរដ្ឋជប៉ុន ក្រោយមកបានក្លាយជាពលរដ្ឋកូរ៉េ ហើយត្រឡប់ទៅសញ្ជាតិជប៉ុនវិញ។
កាលពីមុន អ្នកហាត់ការ៉ាតេនឹងអនុវត្តគោលការណ៍ “sundome” (寸止め) ដែលជាគោលការណ៍សំខាន់មួយ។ គោលការណ៍នេះតម្រូវអ្នកហាត់ត្រូវរក្សាគម្លាតជាក់លាក់នៅពេលដែលបញ្ចេញក្បាច់ មិនអនុញ្ញាតឲ្យប៉ះ ឬគ្រាន់តែប៉ះគូប្រកួតបន្តិចពេលប្រកួត ឬហ្វឹកហាត់នោះទេ ម្យ៉ាងវិញទៀត ត្រូវគ្រប់គ្រងកម្លាំងវាយប្រហារក្នុងកម្រិតសមល្មម មិនប្រើកម្លាំងទាំងអស់ដូចក្បាច់គុនផ្សេងទៀតឡើយ។ ទោះជាយ៉ាងណា ក្បាច់គុន Kyokushin Kaikan ដែលលោក Oyama ផ្តួចផ្តើមបែរជាតម្រូវឲ្យអ្នកហាត់ប្រើកម្លាំងទាំងអស់។
លោក Oyama បានបង្កើតក្បាច់គុនថ្មី ជាមួយនឹងក្បាច់ប្រយុទ្ធយ៉ាងសាហាវ និងខ្លាំងក្លា កែលម្អការវាយប្រហារតាមរយៈការប្រើកណ្តាប់ដៃ និងជើងមកលើគូប្រកួតផ្ទាល់។
នៅលើភ្នំរយៈពេល ១៨ ខែ
នៅឆ្នាំ ១៩៤៦ ដោយមិនខ្វល់ពីពាក្យសម្តីរបស់សាច់ញាតិ និងមិត្តភក្តិ លោក Oyama បានសម្រេចចិត្តឡើងទៅកាន់ភ្នំ Minobu ក្នុងខេត្ត Chiba ដើម្បីហ្វឹកហាត់។
នៅលើកំពូលភ្នំខ្ពស់គ្មានស្រមោលមនុស្សម្នាក់ ហើយក៏មិនមានការឧបត្ថម្ភធនណាមួយដែរ លោក Oyama ត្រូវពឹងលើខ្លួនឯង គេនិយាយថា លោកបានប្រយុទ្ធជាមួយនឹងសត្វព្រៃនៅលើភ្នំដើម្បីស្វែងរកអាហារ។ ក្រោយរយៈពេល ១៨ ខែហ្វឹកហាត់ទាំងផ្លូវកាយ និងស្មារតី លោក Oyama បានចុះពីភ្នំ ហើយបន្សល់ទុកនូវកំពូលរឿងរ៉ាវដល់មនុស្សជំនាន់ក្រោយ។
អព្ភូតហេតុសម្លាប់គោដោយដៃទទេ
នៅឆ្នាំ ១៩៥០ លោក Oyama បានចុះពីលើភ្នំ ហើយប្រយុទ្ធស្លាប់រស់ជាមួយនឹងគោជល់មួយក្បាលទម្ងន់ ៤៥០ គីឡូក្រាមដោយដៃទទេ។ ដំបូងស្តាប់ទៅដូចជាសត្វកណ្តូបប្រយុទ្ធនឹងសត្វដែលធំជាង ប៉ុន្តែជាក់ស្តែងគឺផ្ទុយទៅវិញ។ មិនត្រឹមតែអាចទប់ទល់នឹងការវាយប្រហាររបស់គោជល់ដ៏ខ្លាំងមួយក្បាលប៉ុណ្ណោះទេ លោក Oyama ថែមទាំងកាច់បាក់ស្នែងរបស់វា ហើយទទួលបានជ័យជំនះដ៏អស្ចារ្យ។
ហើយចាប់តាំងពីពេលនោះ លោក Oyama បានក្លាយជាកំពូលបុរសដ៏អស្ចារ្យ សម្លាប់គោជល់ចំនួន ៤៧ ក្បាលដោយដៃទទេ ក្នុងចំណោមនោះមាន ៤ ក្បាលស្លាប់ភ្លាមៗ ហើយប៉ុន្មានក្បាលផ្សេងទៀតបាក់ស្នែងដោយសារកណ្តាប់ដៃ។
ពិតជាគួរឲ្យអាណិតគោជល់ដែលសំណាងអាក្រក់ទាំងអស់នោះណាស់។
ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នៅសហរដ្ឋអាមេរិក
នៅឆ្នាំ ១៩៥២ លោក Oyama Masutatsu បានធ្វើដំណើរទៅកាន់អាមេរិក ហើយទទួលយកការប្រយុទ្ធបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ចំនួន ៧ ការប្រកួត ដោយបានយកឈ្នះទាំងស្រុង ដោយមិនខ្វល់ពីមាឌធំរបស់គូប្រកួតនោះទេ។
ពត់កោងប្រាក់កាក់ ១០ យ៉េន
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់មើលឃើញប្រាក់កាក់ ប៉ុន្តែតើប្រិយមិត្តធ្លាប់ឃើញគេប្រើដៃពត់កោងប្រាក់កាក់ដែរទេ? ប្រាក់កាក់ត្រូវបានធ្វើឡើងពីទង់ដែកមានលក្ខណៈរឹង ម្យ៉ាងវិញទៀត មានទំហំតូច ដូច្នេះប្រសិនបើចង់ប្រើកម្លាំងពត់កោងប្រាក់កាក់ ត្រឹមតែអាចប្រើម្រាមដៃប៉ុណ្ណោះ។ ស្តាប់ទៅដូចជាមិនសមហេតុផល ប៉ុន្តែលោក Oyama ពិតជាបានធ្វើរឿងនេះ។
ធម្មតាកម្លាំងក្តាប់របស់បុរសពេញវ័យម្នាក់ប្រហែល ៥០ គីឡូក្រាម ប៉ុន្តែសម្រាប់លោក Oyama មានទម្ងន់ជាង ១២០ គីឡូក្រាម។
ខ្ញុំជឿថា មានមនុស្សមិនច្រើនទេដែលអាចធ្វើបានដូចជាលោក Oyama ប៉ុន្តែមិនថាមានសមត្ថភាពនោះពិតឬអត់ទេ សកម្មភាពពត់កោងប្រាក់កាក់ជាទង្វើបង្ខូចទ្រង់ទ្រាយរូបិយប័ណ្ណ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមិនធ្វើតាមនោះទេ។
កាត់ដបស្រាបៀរដោយប្រើដៃ
បន្ទាប់ពីសម្តែងក្បាច់ shuto កាត់ដបស្រាបៀរ និងស្រាវីស្គីដែលតម្រៀបបញ្ឈរ ដោយផ្នែកខាងក្រោមដបមិនធ្លាក់ លោក Oyama ត្រូវបានសាធារណៈជនអាមេរិកដាក់រហស្សនាថា “god hand” (កំពូលកណ្តាប់ដៃ) ។
មិនមែនធ្វើឲ្យបែកនោះទេ ប៉ុន្តែលោក Oyama បានប្រើកម្លាំងដៃ ពោលគឺម្រាមដៃ ហើយកាត់ផ្តាច់ដបកែវរឹងជាពីរ។
នេះជាអ្វីដែលអ្នកដទៃមិនអាចធ្វើបាន។
លោតឆ្លងកាត់រថយន្ត
សម្រាប់លោក Oyama ការហ្វឹកហ្វឺនមិនត្រឹមតែផ្តោតលើកម្លាំងប៉ុណ្ណោះទេ ទន្ទឹមនឹងនោះ ល្បឿនក៏សំខាន់ណាស់ដែរ ហើយលោកបានប្រើរថយន្តធ្វើជាវត្ថុហ្វឹកហាត់របស់ខ្លួន។ លោកបានរត់ឆ្ពោះទៅកាន់រថយន្តដែលកំពុងចត ហើយលោតឆ្លងកាត់រថយន្ត។
រថយន្តមានច្រើនទំហំ ប៉ុន្តែរថយន្តធម្មតានៅពេលនោះមានប្រវែងជាង ៤ ម៉ែត្រ និងកម្ពស់ជាង ១,៥ ម៉ែត្រ ជាមួយនឹងរថយន្តដែលមានកម្ពស់បែបនេះ សូម្បីតែកីឡាករលោតចម្ងាយអូឡាំពិកក៏ពិបាកលោតផុតដែរ។
លោក Oyama ជាអ្នកដែលបានចូលរួមចំណែកយ៉ាងធំធេងចំពោះការបង្កើតក្បាច់គុន Kyokushin Kaikan ។ បន្ទាប់ពីបានបង្កើតសាលាក្បាច់គុន សាលាក្បាច់គុននេះបានទាក់ទាញសិស្សជាង ១២ លាននាក់មកពី ១២០ ប្រទេសជុំវិញពិភពលោក។ ភាគច្រើនអ្នកដែលតាមហាត់ក្បាច់គុននេះសុទ្ធតែប្រាថ្នាចង់បន្សល់ទុកនូវស្នាដៃដូចជាគ្រូរបស់ខ្លួនលោក Mas Oyama ។
នៅលើពិភពលោកមានក្បាច់គុនជាច្រើន ក្បាច់គុននីមួយៗមានចំណុចខ្លាំងដោយឡែក ជាមួយនឹងបុគ្គលល្បីឈ្មោះមួយចំនួន នៅពេលដែលរំលឹកដល់បុគ្គលដែលល្បីឈ្មោះទាំងនោះ យើងប្រាកដជានឹកឃើញស្នាដៃដែលពួកគេបន្សល់ទុក។ ដូចជារំលឹកដល់ Kyokushin Kaikan យើងនឹកឃើញភ្លាមដល់លោក Oyama Masutatsu ។
Abe Kengo