គ្រឿងបរិក្ខារក្នុង “ឡានបោះជំរុំ” នៅប្រទេសជប៉ុន
គ្រឿងបរិក្ខារក្នុង “ឡានបោះជំរុំ” នៅប្រទេសជប៉ុន។
អំឡុងពេល ៣០ ឆ្នាំមកហើយ ប្រទេសជប៉ុនបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច។ រហូតមកដល់ពេលនេះនៅតែមើលមិនឃើញលទ្ធផល ហើយមិនដឹងថាអនាគតប្រទេសនេះនឹងទៅជាយ៉ាងណា។
ដោយសារឥទ្ធិពលសេដ្ឋកិច្ច សម្រាប់មនុស្សជាច្រើន ការធ្វើដំណើរកម្សាន្តបានក្លាយជាក្តីស្រមៃដែលមិនអាចសម្រេចបាន។ ក្នុងស្ថានភាពនេះ ប្រភេទមធ្យោបាយធ្វើដំណើរថ្មីត្រូវបានបង្កើតឡើង និងកាន់តែពេញនិយម។ ដែលធ្វើឲ្យក្តីស្រមៃធ្វើដំណើរកម្សាន្តរបស់មនុស្សជាច្រើនក្លាយជាការពិត។
យានជំនិះប្រភេទនេះមានឈ្មោះហៅច្រើន ដូចជារថយន្តបោះជំរុំ ឡានធ្វើដំណើរកម្សាន្ត ក្នុងភាសាអង់គ្លេសហៅថា camping car, mobihome ឬរថយន្ត RV (Recreational Vehicle) ។ នេះជាប្រភេទយានជំនិះដែលត្រូវបានរចនាឡើងដូចជាផ្ទះចល័ត ដែលរួមបញ្ចូលកន្លែងរស់នៅ និងគ្រឿងបរិក្ខារផ្សេងៗ។
ប្រសិនបើអ្នកទាំងអស់គ្នាមិនធ្លាប់ប្រើយានជំនិះប្រភេទនេះ ខ្ញុំប្រាកដថា គ្រឿងបរិក្ខារក្នុងរថយន្តអាចនឹងច្រើនជាងអ្វីដែលអ្នកកំពុងស្រមៃគិតទៅទៀត។
នៅខាងក្នុងរថយន្តត្រូវបានបំពាក់ដោយតុ និងកៅអី ដូច្នេះអ្នកដំណើរអាចប្រើធ្វើជាតុសម្រាប់បរិភោគអាហារ។ នៅប្រទេសជប៉ុន សូម្បីតែនៅតំបន់ជនបទក៏មានម៉ាតលក់ទំនិញផងដែរ អ្នកដំណើរអាចឈានចូលហាងទិញទំនិញ ហើយអាចបរិភោគអាហារនៅលើឡានគ្រប់ពេល ជាមួយនឹងម៉ាសុីនត្រជាក់នៅក្នុងឡាន។
សម្រាប់យានជំនិះប្រភេទធំថែមទាំងមានផ្ទះបាយទៀតផង ប្រសិនបើអ្នកបារម្ភថា មិនទម្លាប់នឹងម្ហូបអាហារនៅកន្លែងដែលខ្លួនទៅដល់នោះ អ្នកដំណើរអាចចម្អិនអាហារដោយសេរីនៅលើឡាន អាចធានាពីតម្រូវការ និងរសជាតិ។
សម្រាប់ម៉ូដែលរថយន្តជាច្រើនផ្សេងទៀត តុកៅអីអាចបត់បាន ឬពង្រីកធំដើម្បីធ្វើជាក្រែគេង។ ចំណុចនេះធានាថា អ្នកដំណើរអាចគេងដាក់ជើងត្រង់បានយ៉ាងស្រួល ដោយបំបាត់គំនិតដែលថាត្រូវគេងពត់ជើងនៅលើរថយន្ត។
អំឡុងពេលគេង ម៉ាស៊ីនត្រជាក់ក្នុងរថយន្តនៅតែអាចបើកបាន ប៉ុន្តែត្រូវបើកដំណើរការម៉ាសុីនរបស់រថយន្តជានិច្ច (មិនអាចបិទម៉ាស៊ីនរថយន្ត) ដូចនឹងរថយន្តធម្មតាផ្សេងទៀតដែរ។ ទោះជាយ៉ាងណា គុណវិបត្តិត្រង់ថា មានមនុស្សមួយចំនួនមិនចូលចិត្តសំឡេងរំខានដែលចេញពីម៉ាសុីនរបស់រថយន្ត ដូច្នេះទើបនៅលើរថយន្តមួយចំនួន គេបំពាក់ម៉ាស៊ីនត្រជាក់ និងទូទឹកកកដែលប្រើថ្មបម្រុង។ បរិយាកាសនៅខាងក្នុងរថយន្តតូចចង្អៀត ដូច្នេះឧបករណ៍ទាំងនេះល្មមអាចធ្វើឲ្យត្រជាក់បាន។
គ្រឿងអេឡិចត្រូនិចផ្សេងទៀតដូចជា មីក្រូវ៉េវ ទូរទស្សន៍ ឧបករណ៍សាកថ្មទូរស័ព្ទ និង WiFi សុទ្ធតែប្រើថ្មបម្រុងទាំងអស់ ដូច្នេះនៅលើរថយន្តមានឧបករណ៍គ្រប់យ៉ាងប្រៀបដូចជាបន្ទប់សណ្ឋាគារតូចមួយ។
ប្រសិនបើអ្នកចង់បានភាពឯកជន មិនចង់ឲ្យនរណាម្នាក់មើលឃើញផ្នែកខាងក្នុងរថយន្ត គ្រាន់តែដាក់បន្ថែមវាំងននទៅបានហើយ។
អាស្រ័យលើតម្រូវការរបស់អ្នកដំណើរ រថយន្តមួយចំនួនត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើប។
យ៉ាងណាមិញ ទោះបីជាមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ប៉ុន្តែមានចំណុចមួយចំនួនត្រូវកត់សម្គាល់ទាក់ទងនឹងបង្គន់ និងបន្ទប់ទឹក។
ចំពោះយានជំនិះប្រភេទធំមានបំពាក់បង្គន់ និងកន្លែងងូតទឹកគ្រប់គ្រាន់ ទោះបីជាមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ប៉ុន្តែតម្លៃក៏ថ្លៃណាស់ដែរ ហើយការជូតសម្អាតបន្ទាប់ពីប្រើប្រាស់ក៏ហត់ណាស់ដែរ។
នៅពេលដែលប្រឈមនឹងស្ថានភាពបែបនេះ អ្នកប្រើប្រាស់រថយន្តបោះជំរុំនៅជប៉ុនបានជ្រើសយកមធ្យោបាយដែលងាយស្រួលជាង នោះគឺងូតទឹកនៅបន្ទប់ទឹកសាធារណៈ ឬកន្លែងត្រាំជ្រោះទឹកក្តៅ។ បើប្រៀបនឹងការងូតទឹកនៅលើរថយន្ត ប្រហែលជាការងូតទឹកនៅកន្លែងសាធារណៈជាជម្រើសដែលងាយស្រួលជាង។
បញ្ហាមួយផ្សេងទៀតគឺបង្គន់ ភាគច្រើនឧទ្យានធំៗនៅជប៉ុនសុទ្ធតែមានបង្គន់សាធារណៈដែលអាចប្រើប្រាស់បានដោយសេរី ហើយកន្លែងទាំងនោះភាគច្រើនមានអនាម័យល្អ។ ក្រៅពីប្រើបង្គន់នៅតាមសួនច្បារ អ្នកក៏អាចប្រើបង្គន់នៅតាមម៉ាតផងដែរ។ អ្នកអាចឈានចូលទិញអាហារ ឬភេសជ្ជៈមួយចំនួន ហើយឆ្លៀតសុំប្រើបង្គន់។ ហើយជាការពិតណាស់ បង្គន់នៅកន្លែងទាំងនេះក៏មានអនាម័យណាស់ដែរ។
យើងអាចមើលឃើញថា បន្ទាប់ពីរកឃើញដំណោះស្រាយមួយចំនួនទាក់ទងនឹងបញ្ហាអនាម័យផ្ទាល់ខ្លួន ការប្រើប្រាស់រថយន្តបោះជំរុំសម្រាប់ធ្វើដំណើរមានលក្ខណៈងាយស្រួលជាង។ ម្យ៉ាងវិញទៀត ទាក់ទងនឹងបញ្ហាសុវត្ថិភាពនៅប្រទេសជប៉ុន គឺមិនចាំបាច់ព្រួយបារម្ភក្នុងអំឡុងពេលធ្វើដំណើរផ្សងព្រេងឡើយ។
ទោះបីជាដំបូងត្រូវចំណាយប្រាក់ជួលរថយន្ត ប៉ុន្តែបន្ទាប់មកអាចសន្សំសំចៃបានយ៉ាងច្រើន។
តើប្រិយមិត្តចង់ផ្លាស់ប្តូរការធ្វើដំណើររបស់ខ្លួនតាមរយៈការជ្រើសយករថយន្តបោះជំរុំបែបនេះដែរទេ?
សព្វថ្ងៃនេះ នៅប្រទេសជប៉ុនមានកន្លែងជួលរថយន្តបោះជំរុំច្រើនណាស់។ ដូច្នេះមិនពិបាកនោះទេ អ្នកទាំងអស់គ្នាអាចទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ពិសេស ដោយនាំមកនូវបរិយាកាសថ្មី។ ប៉ុន្តែត្រូវចាំថា យ៉ាងហោចណាស់ត្រូវមានមនុស្សម្នាក់ចេះបើកបរ និងមានប័ណ្ណបើកបររួមដំណើរជាមួយនឹងអ្នកទាំងអស់គ្នា។
Abe Kengo