រឿង​ព្រេង​និទាន “ម្តាយ​ខ្មោច​ទិញ​ស្ករ​គ្រាប់​ចិញ្ចឹម​កូន”

រឿងព្រេងនិទាន “ម្តាយខ្មោចទិញស្ករគ្រាប់ចិញ្ចឹមកូន” ។

នៅប្រទេសជប៉ុន មានរឿងអាថ៍កំបាំងខាងព្រលឹងវិញ្ញាណជាច្រើនដែលត្រូវបាននិយាយតៗគ្នាតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះស្តាប់ទៅគួរឲ្យខ្លាច ហើយក៏មានរឿងខ្លះធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍សោកសៅក្នុងចិត្តផងដែរ។

ក្នុងចំណោមនោះមានតំបន់ដាច់ស្រយាលមួយនៅទីក្រុង Kyoto ប្រទេសជប៉ុន មានរឿងចម្លែកមួយដែលត្រូវបានប្រជាជននិយាយតៗគ្នារហូតមក។

***

តំណាលរឿងនិយាយថា នៅសម័យនោះមានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ដោយអកុសល។ នៅ​ពេល​នោះទម្រង់នៃការ​បញ្ចុះ​សព​​មិនមែនបូជាដូច​សព្វ​ថ្ងៃ​នោះ​ទេ ប៉ុន្តែសាកសពត្រូវបានដាក់ក្នុងមឈូស បន្ទាប់មកកប់ក្រោមដី ដូច្នេះគេបានបញ្ជូនអ្នកស្លាប់ទៅកាន់ពិភពមួយផ្សេងទៀត។

គ្មាននរណានឹកស្មានដល់ថា នៅពេលដែលបញ្ចុះសពស្រ្តីនោះនាងកំពុងមានកូនក្នុងពោះឡើយ។ ហើយ​បន្ទាប់​មក រឿងអព្ភូតហេតុ​មួយ​បាន​កើត​ឡើង នៅពេលយប់ជុំវិញផ្នូរត្រជាក់យ៉ាងខ្លាំង ក្មេងម្នាក់បានចាប់កំណើត។ ប៉ុន្តែធ្វើយ៉ាងណាទារកដែលទើបនឹងកើត​អាច​រស់​នៅ​ក្រោមដី ដោយ​គ្មានពន្លឺ និង​​ភាព​កក់​ក្ដៅ​ទាល់តែសោះ។

ព្រោះតែស្រលាញ់កូន អ្នកម្តាយប្រែក្លាយទៅជាខ្មោច នៅពេលយប់ងើបចេញមកពីផ្នូរ ទៅទិញស្ករគ្រាប់ដើម្បីចិញ្ចឹមកូន។ ប្រភេទស្ករនោះហៅថា “ស្ករគ្រាប់ចិញ្ចឹមកូនរបស់ខ្មោច” មានរសជាតិស្រទន់ ថ្លា និងទន់ល្មើយដូចទឹកសន្សើម។

ជារៀងរាល់យប់ អ្នកម្តាយខ្មោចដើរទៅកាន់ហាងមួយ ហើយប្រគល់ប្រាក់កាក់តូចមួយទៅឲ្យម្ចាស់​ហាង​ដែល​ប្រហែល​ជា​ស្មើ​នឹង ៤០ យ៉េនសព្វថ្ងៃ។ ដោយធ្វើដូច្នេះអស់រយៈពេលប្រាំមួយយប់ជាប់គ្នា ស្រ្តីនោះទៅមកប្រៀបដូចជាស្រមោល។

រហូតដល់យប់ទីប្រាំពីរ អ្នកលក់មានការភ្ញាក់ផ្អើលនៅពេលដែលប្រាក់កាក់ក្នុងដៃរបស់​ខ្លួនស្រាប់​តែ​ប្រែ​ទៅ​ជា… ស្លឹក​ឈើ​ស្ងួត។ ដោយ​មាន​ការ​សង្ស័យ លោក​បាន​លួច​តាម​ដាន ហើយ​មើលឃើញ​ស្រ្តី​ម្នាក់​នោះ​ដើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​បញ្ចុះ​សព រលាយ​បាត់​ត្រង់​កន្លែង​ផ្នូរ។ នៅ​ថ្ងៃ​បន្ទាប់ គេជីកផ្នូរ ហើយឃើញរឿងចម្លែកមួយ ក្នុងប្រអប់ឈើមានទារកនៅរស់ម្នាក់ ទាំងដែលអ្នកម្តាយបាន​ស្លាប់កាលពី ៧ ថ្ងៃមុន​ទៅ​ហើយ។

គេនិយាយតៗគ្នាថា ជាទូទៅអ្នកស្លាប់ត្រូវកប់ជាមួយនឹងកាក់ចំនួនប្រាំមួយ ដែល​នោះ​ជា​ប្រាក់សម្រាប់ឆ្លងទៅកាន់ពិភពមួយផ្សេងទៀត ជាទន្លេដែលបំបែកពិភពលោក និង​សេចក្តី​ស្លាប់។ ប្រាំ​មួយ​យប់ស្មើនឹងប្រាំមួយកាក់ រហូតដល់យប់ទីប្រាំពីរ អ្នកម្តាយលែងមានប្រាក់​ទិញ​ស្ករ​គ្រាប់​ឲ្យកូន ទើប​ប្រើស្លឹកឈើស្ងួតប្រែទៅជាប្រាក់កាក់។

ក្រោយមកទារកម្នាក់នោះធំដឹងក្តី មានភាពវៃឆ្លាត និងស្រស់សង្ហា ហើយនៅទីបំផុតបានក្លាយជា​ព្រះ​សង្ឃ​ដ៏​គួរ​ឲ្យ​គោរព​មួយ​អង្គ​ក្នុង​វត្ត។

មនុស្សកាលពីសម័យនោះនិយាយតៗគ្នាដើម្បីដាស់តឿន​គ្នា​ថា​៖ ក្តី​ស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន មិន​​ថា​​នៅ​​រស់​ ឬ​​ស្លាប់ មិន​​ថា​​មនុស្ស ឬ​​ខ្មោច​ក៏​មិន​ប្រែ​ប្រួល​នោះ​ដែរ។

ទោះបីក្លាយជាខ្មោច អ្នកម្តាយម្នាក់នោះនៅតែត្រឡប់មកវិញចិញ្ចឹមកូនដោយប្រើគ្រប់យ៉ាងដែល​​ខ្លួន​​មាន។

រហូតមកដល់សព្វថ្ងៃ ស្ករគ្រាប់នេះនៅតែមានលក់នៅទីក្រុង Kyoto នៅហាងដែលមានឈ្មោះថា 幽霊子育飴本舗 (Minatoya – ស្ករ​គ្រាប់​ចិញ្ចឹម​កូន​របស់​ខ្មោច) ។

ប្រសិនបើថ្ងៃក្រោយ​អ្នក​មាន​ឱកាស​ទៅ​លេងទីនេះ អ្នកអាចឈានចូលហាងម្តង។ អ្នកប្រហែលជាអាច​យល់​​ពី​ក្តី​ស្រលាញ់​ដ៏​កក់​ក្តៅ​របស់​អ្នក​ម្តាយ​ម្នាក់ ជា​ក្តី​ស្រលាញ់​ដែល​លើសពី​សេចក្តី​ស្លាប់​ទៅ​ទៀត។

ខ្លឹមសារអត្តបទថ្ងៃនេះចែករំលែកអំពីរឿងព្រេងនិទានជប៉ុន និយាយពីក្តីស្រលាញ់របស់អ្នកម្តាយម្នាក់ ដោយ​គ្មាន​គោល​បំណង​ផ្សព្វ​ផ្សាយ និង​លើក​កម្ពស់​លើ​ជំនឿ​ឆ្វេង​ហួស​ហេតុ​ពេក​ទេ។

យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអានមិនផ្សព្វផ្សាយ និង​ចែក​រំលែក​ព័ត៌មាន​មិន​ពិតឡើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: