“សួនវង្វេងក្រោមដី” ក្នុងទីក្រុង Tokyo

“សួនវង្វេងក្រោមដី” ក្នុងទីក្រុង Tokyo ។

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា Tokyo ជាទីក្រុងមួយក្នុងចំណោមទីក្រុងមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក្នុងទីក្រុងដែលមានចំនួនប្រជាជនច្រើនបែបនេះបែរជាមានផ្លូវក្រោមដីធំៗចំនួនពីរ។

ក្នុងអត្តបទថ្ងៃនេះ យើងខ្ញុំសូមណែនាំផ្លូវក្រោមដីធំៗចំនួនពីរដល់អ្នកទាំងអស់គ្នា ជាសំណង់ក្រោមដីដ៏ធំអស្ចារ្យដែលត្រូវបានចាត់ទុកជាថាមពល​អាថ៌កំបាំង​នៃ​ទីក្រុង Tokyo ។

ប្រឡាយ​បង្ហូរទឹក​ក្រោម​ដី​ក្រៅ​ទីក្រុង

首都圏外郭放水路 (Shuto-ken Gaikaku Hōsuiro) ដែលត្រូវបានគេហៅថាប្រឡាយ​បង្ហូរ​ទឹក​​ក្រោម​​ដី​​ក្រៅ​​ទី​ក្រុង ជា​ប្រព័ន្ធ​បង្ហូរ​ទឹក​ធំ​ក្រោម​ដី​ស្ថិត​នៅ​ជាយ​ក្រុង Tokyo ប្រទេសជប៉ុន។ ដោយ​ត្រូវ​បាន​​សាង​​សង់​​ឡើង​​ដើម្បីការពារតំបន់ទីប្រជុំជន Tokyo ពី​ការ​ជន់លិចតាមរយៈការប្រមូលផ្តុំ និងបង្ហូរ​ទឹក​ភ្លៀងដែល​លើស​ចូល​ទៅ​ក្នុង​ទន្លេ Edo នេះជា​ប្រព័ន្ធ​បង្ហូរទឹកក្រោមដីដ៏ធំបំផុតលើពិភព​លោក។

ដំបូងឡើយ នៅពេលដែលក្រឡេកមើលទៅគម្រោងនេះដូចជាផ្លូវខ្វាត់ខ្វែងក្រោមដីមានជម្រៅ ៥០ ម៉ែត្រ ប្រវែង​សរុប ៦,៣ គីឡូម៉ែត្រ និងចំណុះ ៦៧០.០០០ ម៉ែត្រគូប។

ខ្ញុំកើតនៅទីក្រុង Tokyo ជាតំបន់ដែលមានដីទាបជាងកម្រិតនីវ៉ូទឹកសមុទ្រ ហើយធ្លាប់ជា​តំបន់ដែល​រង​ការ​ខូច​ខាត​ច្រើន​ដោយសារទឹក​ជំនន់​ក្នុង​​ប្រវត្តិ​សាស្ត្រ​។ ប៉ុន្តែចាប់តាំងពីពេលដែលគម្រោង​​នេះត្រូវបានសាងសង់ឡើង ផលប៉ះពាល់ដែលបណ្តាលមកពីទឹកជំនន់ត្រូវបានកាត់បន្ថយ​​យ៉ាង​​ច្រើន។

គម្រោងនេះថែមទាំងត្រូវបានគេហៅថា “ប្រាសាទក្រោមដី” ឬ “វិមានក្រោមដី” ដោយ​បើកទ្វារអនុញ្ញាត​ឲ្យ​សាធារណៈ​ជន​ចូល​មើល​​ផង​ដែរ។

ថ្វីត្បិតតែ នេះជាប្រឡាយបង្ហូរ​ទឹក​បន្ទាន់ ប៉ុន្តែ​ប្រឡាយ​នេះត្រូវបានសម្អាត ហើយថែមទាំងអាចចូល​ទស្សនា​បាន​ផង​ដែរ នេះ​ប្រហែល​ជា​ចំណុចពិសេសនៃ​ប្រទេស​ជប៉ុន។

ទោះជាយ៉ាងណា អាស្រ័យលើទស្សនៈរបស់មនុស្សម្នាក់ៗ ដូច្នេះពេលខ្លះគម្រោងនេះក៏ត្រូវបានគេចាត់​ទុក​ថា​ពន្លើស​ពេក​ដែរ។

តំបន់ពាណិជ្ជកម្មដ៏ធំក្រោមដី

ទីក្រុង Tokyo ជាកន្លែងដែលមានប្រព័ន្ធរថភ្លើងក្រោមដីច្រើន ដែលមានចំនួនស្ថានីយ៍រថភ្លើង និងអ្នកដំណើរច្រើនជាងគេនៅលើពិភពលោក។ ក្នុងនោះមានចំនួន ១៣ ខ្សែរថភ្លើង និងស្ថានីយ​ចំនួន ៣០៤ កន្លែង ហើយជារៀងរាល់ថ្ងៃ អ្នកដំណើររាប់រយនាក់ប្រើប្រព័ន្ធនេះសម្រាប់ធ្វើដំណើរ។

ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អ្នកដំណើរដែលជិះរថភ្លើង តំបន់ផ្សារទំនើបក្រោមដីត្រូវបាន​​សាង​​សង់ និង​ដាក់​ឲ្យ​ដំណើរ​ការ ដោយ​លាត​សន្ធឹង​តាម​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី។ ក្នុងនោះមាន​ផ្សារ​​ទំនើប​ចំនួន​ពីរ​នៅ​ជិត​ស្ថានីយ​តូក្យូ និង​មួយ​ទៀត​នៅ​ជិត​ស្ថានីយ Shinjuku ។ ប្រសិន​បើគណនាផ្ទៃដីសរុបនៃតំបន់ផ្សារទំនើបក្រោមដីទាំងអស់ក្នុងទីក្រុងតូក្យូ ចំនួន​អាច​នឹង​ឡើងដល់​ទៅ ២២៦.០០០ ម៉ែត្រ​ការ៉េ។

មិនត្រឹមតែនៅទីក្រុងតូក្យូប៉ុណ្ណោះទេ ផ្សារទំនើបដែលមានទំហំប្រហាក់ប្រហែលគ្នាក៏កំពុងដាក់ឲ្យ​ដំណើរ​ការ​នៅ Osaka ផងដែរ ក៏ដូចជាទីក្រុងផ្សេងទៀតដូចជា Fukuoka និង Sendai ។

សូមក្រ​ឡេក​មក​មើល​ផែន​ទីផ្សារ​ទំនើប​ក្រោម​ដី​ជុំវិញ Otemachi ដែលជាតំបន់​ពាណិជ្ជកម្ម​នៅទីក្រុង​តូក្យូ។

នៅពេលដែលក្រឡេកមើលផែនទី យើងអាចឃើញថាតំបន់ពណ៌ខៀវទាំងអស់គឺជាផ្សារទំនើបក្រោម​ដី។ តំបន់ពាណិជ្ជកម្ម​ត្រូវ​បាន​តភ្ជាប់​ទៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ជា​ច្រើន ដែល​ពិបាក​នឹងកំណត់​ថា​នោះ​ជា​តំបន់​មួយ​ណា។

នៅទីនេះតំបន់ខាងលើ និងក្រោមដីត្រូវបានបែងចែកយ៉ាងច្បាស់ ខណៈដែលតំបន់នៅខាង​លើ​ភាគ​ច្រើន​ជា​ការិយាល័យ ដូច្នេះ​តំបន់​ក្រោម​ដី​ភាគ​ច្រើនជាភោជនីយដ្ឋាន ការ​បែង​ចែក​បែប​នេះ​ស្រដៀង​នឹង​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ធម្មតា។

ចំពោះផ្ទៃដីដែលមានទំហំតូច ខ្ញុំគិតថាអាចអនុវត្តតាមទម្រង់នេះ ដើម្បីប្រើប្រាស់ផ្ទៃដីទាំងអស់។

នៅពេលដែលដើរចូលតំបន់ពាណិជ្ជកម្មក្រោមដីនេះអាចនឹងធ្វើឲ្យយើងបាត់បង់ទិសដៅ ពេលខ្លះមិនដឹងថាខ្លួនកំពុងនៅឯណា ហើយសូម្បីតែប្រជាជនដែលរស់នៅក្នុងទីក្រុងតូក្យូក៏មិនច្បាស់ដែរ។ នេះជាមូលហេតុដែលខ្ញុំចាត់ទុកកន្លែងនេះប្រៀបដូចជាសួនវង្វេង។

យ៉ាងណាមិញ យើងអាចមើលឃើញពីភាពងាយស្រួលជាក់ស្តែង ដោយមិនត្រឹមតែអាចធ្វើដំណើរទៅដល់ទីតាំងប៉ុណ្ណោះទេ ថែមទាំងអាចដើរទិញអីវ៉ាន់ បរិភោគអាហារដោយមិនចាំបាច់បារម្ភពីអាកាស​ធាតុ មិន​ថា​រដូវក្តៅ ឬ​រដូវ​រងា មេឃ​ភ្លៀង ឬ​អាកាស​ធាតុ​ក្តៅ​ក៏​ដោយ។

ប្រហែលជាដើម្បីឲ្យកាន់តែច្បាស់ យើងអាចមើលផែនទីសម្រាប់ធ្វើដំណើរក្នុងគម្រោងដ៏ធំនេះ ប៉ុន្តែ GPS (ប្រព័ន្ធកំណត់ទីតាំងជាសកល) មិន​អាច​កំណត់​ច្បាស់​ទីតាំង​របស់អ្នកប្រើប្រាស់នោះទេ ព្រោះ​មិន​អាច​ចាប់​សញ្ញា​ពី​ផ្កាយរណប។

នោះហើយជាមូលហេតុដែលបច្ចុប្បន្ននេះកំពុងមានការស្រាវជ្រាវដើម្បីបង្កើតប្រព័ន្ធកំណត់ទីតាំង​ក្នុង​ផ្ទះ (Indoor positioning system ដែលហៅកាត់ថា IPS) ។

ប្រព័ន្ធកំណត់ទីតាំងក្នុងផ្ទះ (IPS) គឺជាបណ្តាញឧបករណ៍ដែលប្រើសម្រាប់កំណត់ទីតាំងមនុស្ស ឬវត្ថុ​នៅ​កន្លែង​ដែល GPS និងបច្ចេកវិទ្យាផ្កាយរណបផ្សេងទៀតមិនអាចកំណត់ទីតាំងបាន ឬមិនដំណើរ​ការ​ទាល់តែសោះ ដូចជានៅខាងក្នុងអគារច្រើនជាន់ ព្រលានយន្តហោះ ផ្លូវតូច ចំណតរថយន្ត និង​តំបន់​ក្រោម​ដី។

មិនត្រឹមតែអាចជួយកំណត់ទីតាំងច្បាស់ប៉ុណ្ណោះទេ ប្រព័ន្ធនេះថែមទាំងអាចកំណត់បានថា អ្នកប្រើកំពុងនៅជាន់ទីប៉ុន្មានក្រោមដីផងដែរ។ ដូច្នេះប្រសិនបើដាក់ឲ្យប្រើប្រាស់ជោគជ័យ យើងអាចដើរកម្សាន្ត​នៅ​ផ្លូវក្រោមដីនេះដោយមិនចាំបាច់បារម្ភថានឹងវង្វេងឡើយ ឬរកច្រកចេញមិនឃើញនោះទេ។

ថ្វីត្បិតតែទទួលបានការវាយតម្លៃថា សេដ្ឋកិច្ចកំពុងមានវិបត្តិ ហើយស្ថានភាពមិនសូវជាល្អ ទោះ​ជា​យ៉ាង​ណា ដោយ​មិន​ខ្វល់​ពី​ការ​វាយ​តម្លៃ និង​​ក្រសែ​​ភ្នែកជុំវិញ ជប៉ុននៅតែ​បន្ត​បញ្ចេញ​គំនិត​ពិសេស និង​​ធ្វើ​រឿង​​​ចម្លែកៗ​​ជា​​ច្រើន។

ខ្ញុំពិតជាសង្ឃឹមថា នៅពេលអនាគតប្រទេសកម្ពុជាអាចអភិវឌ្ឍតំបន់ពាណិជ្ជកម្មក្រោមដីស្រដៀង​គ្នា​នេះ។

ការអភិវឌ្ឍខ្សែរថភ្លើងក្រោមដី អាចជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍតំបន់ពាណិជ្ជកម្មក្រោមដី។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: