នៅសម័យ Edo ស្រ្តីដែល​មានចិត្ត​ទន់យក​ប្រាក់​ទៅ​ប្តូរ​យក​ស្នេហា​

នៅ​សម័យ Edo ស្រ្តីដែល​មានចិត្ត​ទន់យក​ប្រាក់​ទៅ​ប្តូរ​យក​ស្នេហា។

តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ឮពាក្យ “Host Club” ដែរទេ?

ប្រសិនបើសម្រាយពាក្យ Host Club យើងអាចយល់បានថាជា “ក្លឹមកម្សាន្តអ្នកកំដរប្រុស” ឃ្លានេះបង្ហាញពីទម្រង់អាជីវកម្មសេវាកម្មកម្សាន្ត ជាកន្លែងដែលបុរស (ហៅថា host) កំដរ និងជជែក​កម្សាន្ត​ជា​មួយ​នឹង​ភ្ញៀវ​ស្រី។

ប្រហែលជាយើងទាំងអស់គ្នាធ្លាប់ឃើញក្លឹបកម្សាន្តដែលមានស្រីស្អាតអង្គុយកំដរផឹកស្រា ប៉ុន្តែផ្ទុយទៅវិញ ក្លឹបកម្សាន្តដែលភ្ញៀវជាស្រ្តី និងអ្នកកំដរស្រាជាបុរសពិតជាកម្រណាស់។ ទោះជាយ៉ាង​ណា ក្លឹប​កម្សាន្ត​បែប​នេះ​បែរ​ជា​មាន​ច្រើន​នៅ​ជប៉ុន ថែមទាំងល្បី និងមានតម្លៃថ្លៃទៀតផង។

មិនត្រឹមតែសម័យនេះប៉ុណ្ណោះទេ ប៉ុន្តែប្រហែលជាតាំងពីសម័យ Edo ធ្លាប់មានស្រ្តីៗចំណាយប្រាក់សម្រាប់​បុរស។

ហេតុអ្វីបានជាស្រ្តីជប៉ុនបែរជាចូលចិត្តក្លឹបកម្សាន្តអ្នកកំដរប្រុសបែបនេះ ហើយថែមទាំងចំណាយ​​ប្រាក់​​យ៉ាង​​ច្រើន​ទាំង​ដែល​រឿង​នោះ​ប្រៀប​ដូច​ជា​កំពុង​បំផ្លាញ​ខ្លួន​ឯង?

តើសម័យ Edo មានក្លឹបកម្សាន្តអ្នកកំដរប្រុសដែរទេ?

នៅសម័យ Edo មិនមានក្លឹបកម្សាន្តអ្នកកំដរប្រុសដូចសព្វថ្ងៃនេះទេ ប៉ុន្តែគ្រាន់តែស្រដៀងគ្នាប៉ុណ្ណោះ។ ហាក់បីដូចជាមានស្ត្រីជាច្រើនបានចំណាយប្រាក់សម្រាប់បុរសៗដែលមានរូបរាងសង្ហា ភាគច្រើនបុរសទាំងនោះជាតារាសម្តែង។ មនុស្សស្រីដែលលង់នឹងរូបសម្បត្តិ​ស្រស់​សង្ហា​នៅ​​លើ​ឆាក​របស់​បុរស​ទាំង​នោះ ប្រាកដជាខិតខំប្រឹងរកប្រាក់ដើម្បីផ្គត់ផ្គង់​ពួក​គេ។ អ្នកខ្លះងប់ងល់រហូត​ដល់​ថ្នាក់​ព្រម​លក់ខ្លួនដើម្បីយកប្រាក់ទៅឲ្យមនុស្សដែលពួក​គេ​ស្រលាញ់។ នៅ​សម័យ​នោះមិន​មែន​ផឹក​ស្រា​ជា​មួយ​គ្នា​ទេ ពួក​​គេ​​នឹង​ធ្វើគ្រប់យ៉ាងដើម្បីនៅ​ជា​មួយ​បុរស​ដែល​ខ្លួន​លង់​ស្នេហ៍។

សកម្មភាពព្រមធ្វើគ្រប់យ៉ាងដូចនេះក៏ស្រដៀងនឹងស្រ្តីជប៉ុនមួយចំនួននាសម័យសព្វថ្ងៃដែរ។

សូម្បីតែសម័យសព្វថ្ងៃ នៅតែមានស្រ្តីជាច្រើនចំណាយប្រាក់ទាំងអស់លើក្លឹបកម្សាន្ត រហូតដល់ថ្នាក់​​​គ្មាន​​​សល់​​​អ្វី មិន​​ខុស​​ពី​​សម័យ​​មុន​​នោះ​​ទេ។

ហេតុអ្វីបានជាស្រ្តីព្រមផ្គត់ផ្គង់បុរសទាំងនោះ?

ការចំណាយនៅក្លឹបកម្សាន្តដែលមានអ្នកកំដរប្រុសមានតម្លៃថ្លៃជាងបើប្រៀបនឹងក្លឹបកម្សាន្ត Cabaret ដែលមានអ្នកកំដរស្រី។ ហើយភាគច្រើនស្រ្តីដែលតែងតែទៅលេងក្លឹបកម្សាន្តច្រើនតែធ្លាក់​​ក្នុង​​ស្ថាន​ភាព​ចាយ​អស់​ទ្រព្យ​សម្បត្តិ​។

ហេតុអ្វីបានជាដូច្នេះ?

មនុស្សគ្រប់គ្នាមានការគិតខុសៗគ្នា ដូច្នេះពិតជាពិបាកនិយាយខ្លាំងណាស់ ប៉ុន្តែគេយល់ថា ចំណុច​នេះ​ដោយ​សារ​ភាព​ខុស​គ្នា​រវាង​បុរស និង​ស្រី្ត​គិត​ចំពោះ​បុគ្គលដែលមានភេទខុសគ្នា។

បុរសអាចនឹងត្រូវទាក់ទាញ ហើយស្រលាញ់មនុស្សជាច្រើនក្នុងពេលតែមួយ។ ពួកគេមានភាពស្រពិច​ស្រពិល​ចំពោះ​មនុស្សស្រីទាំងអស់ដែលពួកគេចូលចិត្ត ឬចូលចិត្តពួកគេ ប្រសិនបើមិនមានម្នាក់នេះ ប្រាកដជាមានអ្នកផ្សេង ប្រៀបដូចជាបុគ្គលសម្រាប់បម្រុងទុក ជាជាងហត់នឿយតាម​ស្រលាញ់​​មនុស្ស​​ម្នាក់។ អាច​និយាយ​បាន​ថា ពួក​​គេ​​មិន​​ដាក់​​ចិត្ត​​ស្រលាញ់​​មនុស្ស​​ម្នាក់​​ច្រើន​ពេក​​​ឡើយ។

ម្យ៉ាងវិញទៀត នៅពេលដែលមនុស្សស្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ រឿងតែមួយគត់ដែលពួកគេមើលឃើញ​គឺ​បុរស​ម្នាក់​នោះ។ ដោយមិនខ្វល់ពីមូលហេតុដែល​មនុស្ស​ប្រុស​មក​រក​ខ្លួន មិនខ្វល់ពីឧបសគ្គ​​ទាំង​​​អស់​​​​ដែល​​​​នៅ​​​​ជុំវិញ ក្នុងភ្នែកពួកគេមើលឃើញតែបុរសម្នាក់នោះ។ ទោះបីជានៅជុំវិញមានមនុស្ស​​ជា​​ច្រើន​​ស្អាត​ជាង ឬល្អជាង ក៏ពួកគេមិនត្រូវការដែរ។ ពួកគេខិតខំប្រឹងប្រែងអស់ពីចិត្តដើម្បី​ស្រលាញ់​​មនុស្ស​​ម្នាក់ ហើយ​ប្រគល់​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន​ដល់​បុគ្គល​នោះ មិនថាជាស្នេហា ឬ​ប្រាក់​នោះ​ទេ គ្រាន់​តែដើម្បីផ្គាប់ចិត្តភាគីប៉ុណ្ណោះ។ អាច​និយាយ​បាន​ថា ភាព​រីករាយ​របស់​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់​គឺ​ជា​សុភមង្គល​របស់​ពួកគេ។

ស្រ្តីតែងតែផ្អែកលើក្តីស្រលាញ់របស់បុរស ហើយទំនោរនេះភាគច្រើនកើតឡើងចំពោះស្រី្តជប៉ុន។

ខ្ញុំគ្មានបំណងគាំទ្របុរសស្រលាញ់មនុស្សច្រើនក្នុងពេលតែមួយនោះទេ ប៉ុន្តែខ្ញុំបែរជាមានការបារម្ភចំពោះចិត្តស្មោះ​របស់​មនុស្ស​ស្រី។ ដោយសារពួកគេស្រលាញ់តែមនុស្សម្នាក់ ហើយនៅពេលដែលបាត់បង់មនុស្សម្នាក់នោះ ពួកគេនឹងបាត់បង់គ្រប់យ៉ាង គួរឲ្យស្តាយបើសិនជាលង់ខ្លួនប្រគល់​គ្រប់​យ៉ាង​ឲ្យ​បុរស​ម្នាក់​នោះ ប៉ុន្តែក្តីស្រលាញ់ដ៏ស្មោះត្រង់បែរជាទទួលមកវិញត្រឹមការកុហក។

ទោះជាយ៉ាងណា ចំណុចនេះមិនមានន័យថា បុរសទាំងអស់នៅលើពិភពលោកសុទ្ធតែអាក្រក់ និង​មិន​មាន​ចិត្ត​ស្មោះ​នោះ​ទេ។ ដូច្នេះសូមកុំបាត់បង់ជំនឿចិត្តចំពោះក្តីស្រលាញ់។

ចូរយើងយកចិត្តទុកដាក់ចំពោះខ្លួនឯង ខិតខំប្រឹងប្រែង​ធ្វើការងារ រៀនសូត្រ ដើម្បីពង្រឹងចំណេះ​ដឹង​បន្ថែម ផ្តោត​សំខាន់​លើ​ខ្លួន​ឯង។ នៅពេលដែលយើងអាចយល់ពីតម្លៃរបស់ខ្លួន និងបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ដូច្នេះយើងនឹងមិនងាយផ្អែកលើក្តីស្រលាញ់របស់មនុស្សប្រុសទៀតឡើយ។ ហើយ​បន្ទាប់​មក… សុភមង្គល​ពិត​នឹង​មក​ដល់​រក​យើង​នៅ​ពេល​ដែល​យើង​រៀន​ស្រលាញ់ខ្លួន​ឯង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: