មូលហេតុដែលការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានបង្កើតឡើង
មូលហេតុដែលការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានបង្កើតឡើង។
សព្វថ្ងៃនេះ នៅប្រទេសជប៉ុននាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋ ពោលគឺជាមេដឹកនាំ ដែលតំណាងឲ្យប្រទេសជប៉ុនទាំងកិច្ចការក្នុងស្រុក និងក្រៅប្រទេស ហើយជាបុគ្គលដែលមានឋានៈខ្ពស់បំផុតក្នុងប្រព័ន្ធនយោបាយ។ ការិយាល័យនាយករដ្ឋមន្ត្រី (ឬគេហៅថាលំនៅឋានរបស់នាយករដ្ឋមន្ត្រី) ស្ថិតនៅកណ្តាលទីក្រុងតូក្យូ មើលទៅធំស្កឹមស្កៃ និងអស្ចារ្យណាស់។
ស្រដៀងទៅនឹងសេតវិមាន (White House) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទោះបីជាការិយាល័យនាយករដ្ឋមន្ត្រីនៅប្រទេសជប៉ុនមានឈ្មោះហៅខុសគ្នា ប៉ុន្តែមានមុខងារដូចនឹងសេតវិមាន។
មានមូលហេតុមួយចំនួនដែលនាយករដ្ឋមន្ត្រីរស់នៅក្នុងវិមាន ហើយមិននៅគេហដ្ឋានផ្ទាល់ខ្លួន ក្នុងចំណោមនោះមួយផ្នែកដោយសារការិយាល័យនាយករដ្ឋមន្ត្រីជាកន្លែងធ្វើការផ្លូវការរបស់នាយករដ្ឋមន្ត្រី នៅទីនោះ នាយករដ្ឋមន្ត្រីអាចចេញបញ្ជាបន្ទាន់ក្នុងករណីមានអាសន្ន។ ម្យ៉ាងវិញទៀត សន្តិសុខរបស់នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារក៏ត្រូវបានធានាក្នុងកម្រិតខ្ពស់បំផុតផងដែរ។
ការិយាល័យនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៅជប៉ុនត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០០២ ជាមួយនឹងរចនាសម្ព័ន្ធមានបន្ទប់ក្រោមដីមួយ និងប្រាំជាន់នៅខាងលើ។ ដោយមានសំណង់បេតុងអារម៉េ ទីកន្លែងនេះត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងរញ្ជួយដីនៅជប៉ុន។
ក្រៅពីនេះ ថែមទាំងមានកន្លែងសម្រាប់ចតឧទ្ធម្ភាគចក្រនៅលើដំបូល អាចនិយាយបានថា មានលក្ខខណ្ឌគ្រប់គ្រាន់អាចឆ្លើយតបនឹងស្ថានភាពអាសន្ន។
អ្វីដែលខ្ញុំទើបតែចែករំលែកខាងលើ ជាអ្វីដែលយើងទាំងអស់គ្នាបានដឹងអំពីការិយាល័យនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ នៅមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនដែលកម្រនឹងមានអ្នកដឹងណាស់ ដោយទាក់ទិននឹងមូលហេតុដែលគេសាងសង់ការិយាល័យនាយករដ្ឋមន្ត្រីដំបូង។
មូលហេតុដោយសារតែ៖
“នាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុនធ្លាប់ជាបុគ្គលដែលគ្មានផ្ទះសម្បែង” ។
លោក Ito Hirobumi ជានាយករដ្ឋមន្ត្រីដំបូងរបស់ជប៉ុន។ នាយករដ្ឋមន្ត្រីរូបនេះជាបុគ្គលដ៏ល្បីឈ្មោះម្នាក់ក្នុងប្រវត្តិសាស្ត្រជប៉ុន ហើយជាអ្នកដែលបានជម្រុញដំណើរការទំនើបកម្មនៅជប៉ុន។ ទោះជាយ៉ាងណា ក្រៅពីការរួមចំណែកនយោបាយ ក្នុងនាមជាមនុស្សសាមញ្ញម្នាក់ក្នុងសង្គម របៀបរស់នៅរបស់លោកត្រូវបានគេវាយតម្លៃថាមិនល្អប៉ុន្មានឡើយ។
ដោយដឹងថា លោក Ito Hirobumi ជាមនុស្សដែលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះស្ត្រី និងរឿងស្នេហា។ លោកមានគូរស្នេហ៍ជាង ១០០០ នាក់ ក្នុងចំណោមនោះមានទាំងក្មេងស្រីដែលមិនទាន់ពេញវ័យ។
ក្រោមស្ថានភាពបែបនេះ ព្រះចៅអធិរាជជប៉ុន (ពោលគឺស្តេចជប៉ុន) នាពេលនោះបានកោះហៅ និងស្តីបន្ទោសលោកម្តងហើយម្តងទៀត ប៉ុន្តែលោកនៅតែមិនផ្លាស់ប្តូរ។ ដូច្នេះហើយ លោកបានចំណាយប្រាក់លើការសប្បាយរបស់ខ្លួន រហូតដល់ថ្នាក់បាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែង។ នេះជារឿងដែលកម្រ ហើយប្រហែលជាជាករណីតែមួយគត់ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រជប៉ុន។
នៅពេលនោះ ព្រះចៅអធិរាជជាប្រមុខនៃប្រទេសជប៉ុន ហើយនាយករដ្ឋមន្ត្រីកាន់តំណែងខ្ពស់ទីពីរបន្ទាប់ពីអធិរាជ ដូច្នេះតម្លៃតបស្នងដែលលោកទទួលបានក៏មិនតិចនោះដែរ។ ប៉ុន្តែរហូតដល់ថ្នាក់ក្លាយជាបុគ្គលដែលគ្មានផ្ទះសម្បែង ពិតជាមិនយល់នោះទេ។
ដូចដែលគេនិយាយថា មនុស្សមានទេពកោសល្យប្រាកដជាមានចំណុចខ្វះខាត។ ទោះបីជាទទួលបានមតិរិះគន់ និងការស្តីបន្ទោសច្រើនទាក់ទងនឹងជីវិតផ្ទាល់ខ្លួន ប៉ុន្តែក្នុងការងារលោកនៅតែបំពេញតួនាទីបានយ៉ាងល្អ។
ក្នុងនាមជាអ្នកដឹកនាំប្រទេស មិនអាចទុកឲ្យគាត់រស់នៅដោយគ្មានផ្ទះសម្បែងបានទេ ប៉ុន្តែប្រសិនបើផ្តល់ឲ្យគាត់ផ្ទះថ្មីខ្លាចថា អាចនឹងរលាយបាត់បង់ដោយសារការសប្បាយរីករាយ។
ហាក់បីដូចជាបន្ទាប់ពីការពិចារណាជាច្រើនដង រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តសាងសង់កន្លែងមួយសម្រាប់លោក Ito Hirobumi រស់នៅ និងធ្វើការ។ ហើយនេះក៏ជាលើកទីមួយដែលការិយាល័យនាយករដ្ឋមន្ត្រីត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន។
នៅពេលដែលរំលឹកដល់នាយករដ្ឋមន្ត្រីរូបនេះ នៅមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ ឧទាហរណ៍ដូចជាកាលនៅក្មេង លោកទទួលបានថវិការបស់រដ្ឋាភិបាលដើម្បីទៅសិក្សានៅប្រទេសអង់គ្លេស ប៉ុន្តែលោកមិនបានខិតខំប្រឹងប្រែងរៀនសូត្រនោះទេ ផ្ទុយទៅវិញ លោកបានចំណាយប្រាក់ទាំងអស់ដែលខ្លួនទទួលបានទៅលើស្រ្តី និងការកម្សាន្តនៅក្រៅប្រទេស។
ប៉ុន្តែអ្វីដែលចម្លែក លោក Ito Hirobumi បែរជាត្រូវបានមនុស្សជុំវិញស្រលាញ់ចូលចិត្ត ហើយជួយដល់លោក។ សូម្បីតែព្រះចៅអធិរាជក៏ត្រូវគិតគូររឿងសាងសង់ការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យលោករស់នៅតែលតោលផងដែរ។
ជាអកុសលលោក Ito Hirobumi ត្រូវបានធ្វើឃាតដោយបដិវត្តន៍កូរ៉េខាងជើងម្នាក់នៅឆ្នាំ ១៩០៩ ។ ប៉ុន្តែប្រសិនបើការធ្វើឃាតមិនបានកើតឡើង មិនដឹងថានឹងមានអ្វីកើតឡើងចំពោះអតីតនាយករដ្ឋមន្ត្រីរូបនេះឡើយ។ តើលោកអាចនឹងត្រូវគេធ្វើឃាតដោយសារមនុស្សម្នាក់ក្នុងចំណោមអតីតគូស្នេហ៍របស់លោកដែរទេ?
Abe Kengo