តើតួអង្គ Mario ដែលល្បីល្បាញនៅលើពិភពលោកមានឈ្មោះពិតអ្វី?
តើតួអង្គ Mario ដែលល្បីល្បាញនៅលើពិភពលោកមានឈ្មោះពិតអ្វី?
ខ្ញុំជឿថា ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់ឈ្មោះរបស់តួអង្គ Mario ជាតួអង្គប្រឌិតដែលបង្កើតឡើងដោយអ្នករចនាវីដេអូហ្គេមជនជាតិជប៉ុន Miyamoto Shigeru ។ ហើយនេះជាតួអង្គដែលតំណាងឲ្យយីហោវីដេអូហ្គេម Mario និងជាតួអង្គសំខាន់របស់ក្រុមហ៊ុនវីដេអូហ្គេមជប៉ុន Nintendo ។ តួអង្គ Mario បានបង្ហាញខ្លួនជាង ២០០ វីដេអូហ្គេមចាប់តាំងពីពេលដែលត្រូវបានបង្កើតឡើង។
ហ្គេមដែលពេញនិយមបំផុត Super Mario Brothers លក់បាន ៤០,២៤ លានច្បាប់នៅទូទាំងពិភពលោក ហើយស៊េរីហ្គេមមួយនេះបន្តអភិវឌ្ឍ ដែលលក់បានសរុប ៧៦០ លានច្បាប់ ហើយថែមទាំងត្រូវបានកែសម្រួលទៅជាខ្សែភាពយន្តទៀតផង។
ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នៅពេលនោះ អតីតនាយករដ្ឋមន្រ្តីលោក Abe Shinzo បានតុបតែងធ្វើជាតួអង្គ Mario ដើម្បីប្រគល់សិទ្ធិគ្រប់គ្រងកីឡាអូឡាំពិកទីក្រុងតូក្យូបន្ទាប់ ហើយចាប់តាំងពីពេលនោះតួអង្គ Mario បានក្លាយជានិមិត្តសញ្ញាពិសេស និងជាតួអង្គតំណាងឲ្យជប៉ុន។
ប្រហែលជាពិបាកនឹងរកបានតួអង្គប្រឌិតជាបុរសវ័យកណ្តាលម្នាក់ ហើយល្បីនៅលើពិភពលោកដូចជាតួអង្គ Mario ខ្លាំងណាស់។
ក្នុងនាមខ្ញុំបាទជាបុរសវ័យកណ្តាលម្នាក់ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់តួអង្គមួយនេះ។
ប៉ុន្តែមានចំណុចមួយដែលធ្វើឲ្យខ្ញុំឆ្ងល់ ដែលជាឈ្មោះរបស់តួអង្គ Mario Brothers ។
ក្នុង Mario តួអង្គដែលស្លៀកពាក់ពណ៌បៃតងគឺជាប្អូនប្រុសរបស់ Mario ដែលមានឈ្មោះថា Luigi ។
ឈ្មោះនេះមានប្រភពមកពីអក្សរជប៉ុន 類似 (ruigi) ដែលមានន័យថា “ដូចគ្នា” ហើយដោយសារតែពួកគេទាំងពីរជាបងប្អូនបង្កើត ដូច្នេះពួកគេត្រូវបានគេហៅថា Mario Brothers ។
ហើយនេះជាចំណុចដែលធ្វើឲ្យខ្ញុំងឿងឆ្ងល់។
ខ្ញុំមានឈ្មោះថា Abe Kengo ក្នុងនោះ Abe គឺជានាមត្រកូល ចំណែកឯ Kengo គឺជាឈ្មោះ។ ក្នុងវប្បធម៌ជប៉ុន យើងខ្ញុំត្រូវបានគេហៅនាមត្រកូល មិនមែនហៅឈ្មោះនោះទេ។ ដូច្នេះហើយ នៅពេលដែលរំលឹកដល់បងប្អូនគ្រួសារខ្ញុំគេនឹងហៅថា “Abe Brothers” ។
យោងតាមការបកស្រាយនេះ ប្រសិនបើហៅបងប្អូនគ្រួសារ Mario ថា Mario Brothers ដែលមានន័យថា Mario គឺជានាមត្រកូល។ ដូច្នេះហើយ Luigi ប្រើនាមត្រកូល Mario មានន័យថាឈ្មោះ និងនាមត្រកូលពេញគឺ Mario Luigi ។ ប្រសិនបើហៅតាមបែបជាភាសាអង់គ្លេស ឈ្មោះមុននាមត្រកូលក្រោយហៅថា Luigi Mario ។
ដូច្នេះចុះ Mario វិញ តើនាមត្រកូល និងឈ្មោះពេញរបស់បងប្រុសជាអ្វី?
នៅពេលដែលត្រូវបានកែសម្រួលទៅជាភាពយន្ត នេះជាសំណួរដែលក្រុមផលិតរឿង Mario ត្រូវប្រឈមមុខ។ ពិតជាយឺតពេលទៅហើយប្រសិនបើចង់ដាក់ឈ្មោះពេញឲ្យ Mario ។
នៅទីបំផុតពួកគេបានសន្និដ្ឋានហៅឈ្មោះពេញរបស់ Mario ថា Mario Mario ។
ស្តាប់ទៅដូចជាឆ្គងបន្តិចមែនទេអ្នកទាំងអស់គ្នា?
ទោះជាយ៉ាងណា Miyamoto Shigeru ដែលជាអ្នកបង្កើត Mario មិនបានទទួលស្គាល់ឈ្មោះនេះជាឈ្មោះពិតរបស់ Mario នោះទេ។
ដូច្នេះតើឈ្មោះពិតរបស់តួអង្គម្នាក់នេះជាអ្វី? ចំណុចនេះមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។
Mario ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នៅពេលដែលយើងមិនអាចទាយដឹងពីការនិយមចូលចិត្តរបស់អ្នកគាំទ្រ និងចំណុចដែលស្រដៀងគ្នា។
មានរឿងខ្លះកើតឡើងដោយមិននឹកស្មានដល់ ហើយមិនស្ថិតក្នុងការរំពឹងទុករបស់យើង ដូច្នេះមេរៀនដែលខ្ញុំទទួលបានគឺ នៅពេលបង្កើតផលិតផលណាមួយ យើងត្រូវរៀបចំឲ្យបានហ្មត់ចត់ និងពេញលេញ ដើម្បីត្រៀមប្រឈមនឹងស្ថានភាពវិជ្ជមាន ឬអវិជ្ជមានដែលអាចកើតឡើងនៅពេលណាមួយ។
Abe Kengo