ភាពខុសគ្នារវាងការ​ដាក់​​ទណ្ឌកម្ម​​ចំពោះ​​សកម្មភាព​​ចោរ​លួច​នៅ​ពេល​ថ្ងៃ និង​យប់

ភាពខុសគ្នារវាងការដាក់ទណ្ឌកម្មចំពោះ​សកម្មភាពចោរលួចនៅពេលថ្ងៃ និងយប់។

សព្វថ្ងៃនេះ ជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសដែលមានអត្រាបទល្មើសទាប ប៉ុន្តែ​កាល​ពី​មុនមិន​មែន​ដូច្នេះ​នោះ​ទេ។ ជា​ពិសេស​នៅ​សម័យ Edo ​ជា​សម័យ​កាល​សាមូរ៉ៃ ការប្រព្រឹត្តបទល្មើសកើត​ឡើង​ច្រើន។ ការ​ផ្តន្ទាទោស​អ្នកដែល​ប្រព្រឹត្ត​បទ​ល្មើស​ក៏​មាន​កម្រិតធ្ងន់ជាងសព្វថ្ងៃនេះ ហើយ​ក៏​ធ្លាប់​មាន​បទ​ប្បញ្ញត្តិ​ចម្លែកៗ​ផង​ដែរ។

សុទ្ធតែជាករណីលួចដូចគ្នា ប៉ុន្តែករណីលួចនៅពេលថ្ងៃ និងពេលយប់បែរជាទទួលការដាក់ទណ្ឌកម្ម​ខុស​គ្នា។

សរុបទៅតើរឿងនេះយ៉ាងម៉េចវិញ? សូមតាមដានខ្លឹមសារអត្តបទនេះទាំងអស់គ្នា។

ក្នុងផ្ទះរបស់ប្រជាជនធម្មតាគ្មានប្រាក់នោះទេ

នៅសម័យនោះ Edo ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ក្នុង​សម័យ​នោះ ផ្ទះសម្បែងត្រូវបានធ្វើឡើងពីឈើ ផ្ទះឈើនៅជិតៗគ្នាដែលបណ្តាលឲ្យអគ្គិភ័យកើតឡើងញឹកញាប់ ហើយ​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវភ្លើងឆាបឆេះខ្ទេចខ្ទី។ ដូច្នេះ​ហើយ​ បាន​ជា​ប្រជាពលរដ្ឋ​មិនទុកទ្រព្យ​​សម្បត្តិ​​នៅ​​ផ្ទះ​​នោះ​ឡើយ។

នៅ​សម័យ​នោះ ប្រាក់​ឈ្នួល​ត្រូវ​បាន​បើក​ឲ្យ​កម្មករ​ជារៀងរាល់ថ្ងៃ។ នៅពេលដែលទទួលបានប្រាក់ឈ្នួល ពួក​គេ​នឹង​ចាយ​ទាំង​អស់ ដោយ​មិន​សន្សំ​ទុក ឬត្រៀមសម្រាប់ថ្ងៃអនាគតនោះទេ។

ថ្វីត្បិតតែ មិនដូចជាប្រជាជនជប៉ុនសព្វថ្ងៃនេះក៏ដោយ ហើយ​ទោះបីជាពួកគេគិតថា ចំណាយប្រាក់​ទាំង​អស់​ប្រសើរ​ជាង​បាត់​ដោយ​សារ​អគ្គិភ័យ​ក៏​ជារឿងធម្មតាដែរ។

ផ្ទះរបស់ប្រជាជនធម្មតាហាក់បីដូចជាគ្មានប្រាក់នោះទេ ដូច្នេះកម្រកើតមានករណីលួចខ្លាំងណាស់ ព្រោះគ្មាន​អ្វី​ត្រូវ​យក។ ទ្វារ​ក៏​មិន​ចាំបាច់​ចាក់​សោ​នោះ​ដែរ នៅពេលដែលក្រឡេកមើលទៅយើង​នឹង​គិត​ថា​នេះ​ជាសម័យកាលសន្តិភាព ប៉ុន្តែមិនប្រាកដឡើយ។

ផ្ទះរបស់អ្នកមាននៃវណ្ណៈពាណិជ្ជករ

នៅសម័យ Edo ពាណិជ្ជករជាវណ្ណៈអ្នកមានរកប្រាក់បានយ៉ាងច្រើន។ មិនដូចជាប្រជាជនធម្មតានោះទេ ពួកគេត្រូវ​សន្សំ​ប្រាក់ និង​រៀប​ចំ​គម្រោង​ដើម្បី​បន្ត​អាជីវកម្ម។ មនុស្ស​មួយ​ចំនួន​ថែមទាំងឲ្យខ្ចីប្រាក់ ចំណុចនេះមានន័យថា ពួកគេទុកដាក់ប្រាក់មួយចំនួនធំក្នុងផ្ទះ។ ចំនួន​​ប្រាក់​ដែល​​ពួក​​គេ​​រក​​បាន​​ក្នុង​​មួយ​​ថ្ងៃ​ច្រើនជាងប្រាក់ដែលពួកគេចាយវាយ។

ដូច្នេះហើយ ប្រសិនបើនិយាយពីរឿងលួចប្រាក់នៅ​សម័យ Edo ប្រាកដជាគ្មានកន្លែងណាក្រៅពីផ្ទះរបស់អ្នកមាននោះទេ ចោរ​ច្បាស់​ជា​លួច​ចូល​ផ្ទះរបស់ពាណិជ្ជករជាមិនខាន។

ដើម្បីទប់ស្កាត់ករណីលួច ពាណិជ្ជករមួយចំនួនបានជួលអ្នកយាម ដើម្បីការពារផ្ទះ និងទ្រព្យសម្បត្តិ​របស់​ពួក​គេ ប៉ុន្តែ​ពេល​ខ្លះ​បញ្ហាជួលអ្នកយាមប្រៀបដូចជានាំខ្លាចូលផ្ទះ។ ជួនកាលអ្នក​យាម និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​គឺ​ជា​អ្នក​ចូល​ដៃ​ជួយ​ពួក​ចោរ។

អ្នកបម្រើមួយចំនួននៅក្នុងផ្ទះរាប់ឆ្នាំគ្រាន់តែដើម្បីយល់ពីការរៀបចំផ្ទះ និងទទួលបានការជឿទុកចិត្តពីម្ចាស់ផ្ទះ ពួកគេដឹងពីសកម្មភាពប្រចាំថ្ងៃ ពេលណាម្ចាស់ផ្ទះមិននៅ កន្លែងទុកដាក់​សោរ និងទ្រព្យសម្បតិ្តមានតម្លៃជាដើម។ បន្ទាប់ពីបានកំណត់ច្បាស់ពីទីតាំង ជនបង្កប់នឹងប្រាប់​អ្នក​សម​គំនិត​បញ្ជូន​ដំណឹង​ដល់​ពួក​ចោរ​នៅ​ខាង​ក្រៅ។

នៅពេលថ្ងៃ បញ្ហាការពារទ្រព្យសម្បត្តិគឺជាតួនាទីរបស់ម្ចាស់ទ្រព្យសម្បត្តិ

ត្រឡប់ទៅរកប្រធានបទសំខាន់ ចោរនៅតែជាចោរ ប៉ុន្តែការដាក់ទណ្ឌកម្មចោរបែរមានភាព​ខុស​គ្នា​អាស្រ័យ​លើ​ពេល​នោះ​ជា​ពេល​ថ្ងៃ ឬ​ពេល​យប់។

នៅពេលថ្ងៃ ម្ចាស់ទ្រព្យសម្បត្តិមានតួនាទីការពារទ្រព្យសម្បត្តិរបស់ខ្លួន។ ចំណែកឯពេលយប់គឺជាពេលដែលគ្រប់គ្នាគេង ដូច្នេះ​មិន​អាច​បន្ទោស​បាន​ទេ​ថា ម្ចាស់ផ្ទះ​ធ្វេសប្រហែស មិនចេះការពារទ្រព្យ​សម្បត្តិ​របស់​​ខ្លួន។ ដូច្នេះ​កំហុស​ធ្ងន់​បំផុត​ស្ថិត​លើ​ចោរ នេះជាច្បាប់នៅសម័យនោះ។

ដូច្នេះហើយ ករណីលួចនៅពេលថ្ងៃនឹងទទួលទណ្ឌកម្មស្រាលជាងពេលយប់ ព្រោះគេយល់ថា តួនាទីមួយ​ផ្នែក​ស្ថិត​លើ​ភាគី​ម្ចាស់​ទ្រព្យ​សម្បត្តិ។

ដោយសារមូលហេតុនេះ ពួកចោរនឹងធ្វើ “សកម្មភាព” នៅពេលថ្ងៃ ហើយប្រសិនបើត្រូវគេចាប់បាន ការ​ដាក់​ទណ្ឌកម្ម​មាន​កម្រិត​ស្រាល​ជាង។

ប៉ុន្តែនៅពេលព្រឹក មនុស្សម្នាដើរទៅមកច្រើន ដូច្នេះករណីលួចងាយនឹងត្រូវគេប្រទះឃើញ។

នៅពេលថ្ងៃ ទោះបីជាការដាក់ទណ្ឌកម្មស្រាល ប៉ុន្តែងាយនឹងត្រូវគេប្រទះឃើញ ហើយនៅពេល​យប់ ទោះបីជាចាប់បាននឹងទទួលទណ្ឌកម្មធ្ងន់ជាង ប៉ុន្តែ​អាច​ទៅ​រួច តើ​អ្នក​ទាំង​អស់​គ្នា​គិតថាពេល​ណា​ជា​ពេល​ដែល​អំណោយ​ផល​ជាង?

ឆ្លងកាត់រយៈពេលច្រើនជំនាន់មកហើយ ច្បាប់នេះលែងមានក្នុងសម័យសព្វថ្ងៃទៀតហើយ ប៉ុន្តែពេលក្រឡេកមើលឡើងវិញក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរ។

ម្យ៉ាងវិញទៀត ខ្ញុំសូមចែករំលែកបន្ថែមផងដែរថា ទណ្ឌកម្មមួយក្នុងចំណោមនោះដែលគេប្រើសម្រាប់​ដាក់​ទោស​ចោរនៅសម័យ Edo គឺសាក់នៅលើខ្លួន។ រូបសាក់ទាំងនោះនឹងជាប់នៅលើស្បែក ដើម្បីឲ្យអ្នកដទៃដឹងថា ពួកគេធ្លាប់ប្រព្រឹត្តបទល្មើស។ នេះជាមូលហេតុដែល​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅប្រទេសជប៉ុនមានមនុស្សជាច្រើន​រើសអើងរូបសាក់។ ទន្ទឹមនឹងនេះ នៅប្រទេស​ជប៉ុន​អ្នក​ដែល​មាន​រូប​សាក់​នៅ​លើខ្លួនច្រើនតែត្រូវហាមមិនឲ្យចូលកន្លែងដូចជា កន្លែងត្រាំ​ជ្រោះ​ទឹកក្តៅ ឬអាងហែលទឹកជាដើម។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកដទៃគឺជាទង្វើអាក្រក់ ដែលយើងទាំងអស់គ្នាមិនគួរយកតម្រាប់តាមនោះទេ ទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ។ ដើម្បីរកប្រាក់បានច្រើន បង្កើនទ្រព្យសម្បត្តិ គេត្រូវចំណាយពេលវេលា កម្លាំងញើសឈាម និងទឹកភ្នែកទើបអាចទទួលបានតម្លៃតបស្នង។ ការ​សប្បាយ​រីករាយ​លើ​ទុក្ខ​របស់​អ្នក​ដទៃ ជា​អំពើ​អមនុស្សធម៌​ ដែល​ត្រូវ​តែ​ដាក់​ទោស និង​​បំបាត់​​ចេ​សង្គម។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: