យុទ្ធសាស្រ្តរបស់អាជីវកម្ម និងអ្នកគាំទ្រ Gundam ដើម្បីទប់ស្កាត់សកម្មភាពលក់បន្តរបស់បុគ្គលមួយចំនួន
យុទ្ធសាស្រ្តរបស់អាជីវកម្ម និងអ្នកគាំទ្រ Gundam ដើម្បីទប់ស្កាត់សកម្មភាពលក់បន្តរបស់បុគ្គលមួយចំនួន។
ក្នុងអាជីវកម្ម “អ្នកលក់បន្ត” គឺជាក្រុមហ៊ុន ឬបុគ្គលដែលទិញទំនិញ ឬសេវាកម្មដើម្បីលក់បន្តទៅឲ្យអ្នកដទៃ ដោយមិនប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួននោះទេ។ ជាទូទៅពួកគេស្វែងរកប្រាក់ចំណេញតាមរយៈតម្លៃទិញចូល និងលក់ចេញ។
អាជីវកម្មជប៉ុននៅតែបន្តផលិតផលិតផលដែលពេញនិយមនៅលើពិភពលោក។ ទោះជាយ៉ាងណា មានមនុស្សមួយចំនួនបានទិញផលិតផលទាំងនេះ ដែលបណ្តាលឲ្យទំនិញខ្វះខាត ហើយលក់បន្តក្នុងតម្លៃខ្ពស់នៅលើហាងលក់ទំនិញអនឡាញ។
ដោយមិនយល់ស្របនឹងសកម្មភាពកេងចំណេញបែបនេះ អ្នកប្រើបណ្តាញសង្គមជប៉ុនបានចូលដៃគ្នាបញ្ឆោតបុគ្គលដែលឆក់ឪកាសពេលទំនិញឡើងថ្លៃ។
តើលទ្ធផលរវាងការប្រកួតប្រជែងគ្នានេះនឹងទៅជាយ៉ាងណា? សូមតាមដានទាំងអស់គ្នា។
ប្រសិនបើលោកអ្នកចូលចិត្តរឿងគំនូរជីវចល Anime អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ឈ្មោះ “Gundam” ដែលជាបណ្តាញផ្សព្វផ្សាយបែបវិទ្យាសាស្ត្រប្រឌិតដ៏ពេញនិយមបំផុតទាំងនៅក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោក។
ទម្រង់មនុស្សយន្តជ័រ Gundam មានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់ថ្នាក់នៅពេលខ្លះការផលិតមិនអាចបំពេញតម្រូវការ។
ហើយនេះជាឳកាសសម្រាប់បុគ្គលដែលឆក់ឪកាសពេលទំនិញឡើងថ្លៃ។
នៅឆ្នាំ ២០២០ តុក្កតាជ័រដែលមានឈ្មោះថា Tristan ត្រូវបានដាក់លក់នៅលើទីផ្សារ ប៉ុន្តែផលិតផលនេះបែរជាមិនមានប្រជាប្រិយភាពទៅវិញ។ ហាងលក់ទំនិញប្រឈមនឹងស្ថានភាពលំបាកដោយសារផលិតផលមិនអាចលក់ចេញ។
ប្រសិនបើជាអ្នកគាំទ្រ Gundam ដ៏ស្មោះត្រង់ម្នាក់ ភាគច្រើនអ្នកទាំងអស់គ្នានឹងដឹងពីស្ថានភាពនេះ ប៉ុន្តែដើម្បីយកឈ្នះបុគ្គលដែលឆក់ឳកាសពេលទំនិញឡើងថ្លៃ ព័ត៌មានក្លែងក្លាយមួយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយនិយាយថា៖
“Tristan គឺជាផលិតផលដ៏អស្ចារ្យបំផុត! ប្រសិនបើមិនទិញឥឡូវនេះ ប្រហែលជាអ្នកគ្មានឳកាសទិញនោះទេ” ។
អ្នកដែលគាំទ្រមួយចំនួនទៀត បន្ទាប់ពីបានឃើញការបង្ហោះនេះ សុទ្ធតែយល់ពីអត្តន័យបង្កប់ពីក្រោយ និងគោលបំណងរបស់អ្នកដែលបង្ហោះអត្តបទ ដូច្នេះពួកគេបានឆ្លើយតបយ៉ាងសកម្ម ដោយបង្ហោះសារគាំទ្រស្រដៀងគ្នាដូចជា៖ “ខ្ញុំក៏ទិញវាដែរ” ឬ “ប្រញាប់ទិញមុនពេលដែលទំនិញអស់ពីស្តុក” ជាដើម។
បន្ទាប់ពីព័ត៌មានក្លែងក្លាយត្រូវបានបង្ហោះស្រាប់តែទទួលបានប្រសិទ្ធភាពភ្លាមៗ ហើយបុគ្គលដែលមើលឃើញថា នេះជាឳកាសសម្រាប់រកប្រាក់ចំណេញ ដូច្នេះពួកគេចាប់ផ្តើមទិញទំនិញនៅទូទាំងប្រទេសជប៉ុន។ យុទ្ធសាស្ត្ររបស់បុគ្គលទាំងនេះគឺទិញទំនិញដែលកំពុងតែពេញនិយម ហើយបន្ទាប់មកលក់បន្តទៅឲ្យអតិថិជនក្នុងតម្លៃខ្ពស់ ខ្ពស់ជាងតម្លៃលក់។
យ៉ាងណាមិញ លើកនេះមិនដូចគ្នានោះទេ។ ផលិតផលដែលពួកគេបានទិញនៅលើបណ្តាញសង្គមទុកសម្រាប់ពេលឡើងថ្លៃលើកនេះ ជាក់ស្តែងមិនមែនជាផលិតផលដែលពេញនិយមនោះទេ ដូច្នេះការលក់បន្តគឺមិនអាចទៅរួចឡើយ។
ផ្ទុយទៅវិញ ហាងលក់ផលិតផលទាំងនេះបែរជាកំពុងសប្បាយចិត្ត ព្រោះស្រាប់តែមានអ្នកជួយទិញទំនិញដែលនៅសល់ក្នុងស្តុកលក់មិនចេញ។
យុទ្ធសាស្រ្តបរាជ័យ ភាគីអ្នកឆក់ឪកាសពេលទំនិញឡើងថ្លៃត្រូវបង្ខំចិត្តបញ្ចុះតម្លៃ លក់ខាតក៏នៅតែលក់មិនអស់ទំនិញ ហើយលទ្ធផលត្រូវខាតប្រាក់មួយចំនួនធំ និងបរិមាណទំនិញយ៉ាងច្រើនដែលលក់មិនចេញ។
អ្នកគាំទ្របានសហការគ្នា “ប្រើល្បិចបញ្ឆោត” ដើម្បីយកឈ្នះបុគ្គលដែលឆក់ឳកាសពេលទំនិញឡើងថ្លៃ។
ទន្ទឹមនឹងនោះ ភាគីក្រុមហ៊ុនផលិតក៏បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីការពារសកម្មភាពរបស់បុគ្គលដែលឆក់ឳកាសពេលទំនិញឡើងថ្លៃផងដែរ។
នៅពេលដែលផលិតផល Hi-ν Gundam ត្រូវបានដាក់ចេញលើទីផ្សារបានក្លាយជាគោលដៅរបស់បុគ្គលដែលឆក់ឳកាសពេលទំនិញឡើងថ្លៃ ប៉ុន្តែហាងមួយចំនួនបានកំណត់ច្បាប់ថា ពួកគេនឹងមិនលក់ផលិតផលដល់អ្នកដែលមិនអាចអានឈ្មោះផលិតផលត្រូវនោះទេ។ ក្នុងភាសាជប៉ុនរបៀបអានឈ្មោះរបស់ផលិតផលមានភាពខុសគ្នាបន្តិចបើប្រៀបនឹងរបៀបសរសេរ ដូច្នេះមានតែអ្នកគាំទ្រប៉ុណ្ណោះដែលអាចអានបាន។
ដើម្បីទិញផលិតផលឲ្យបានច្រើនបំផុត អ្នកលក់រាយថែមទាំងបានជួលមនុស្សជាច្រើនឲ្យឈរតម្រង់មុខហាងតាំងពីព្រឹកដើម្បីដណ្តើមទិញ ប៉ុន្តែលទ្ធផលមិនត្រឹមតែមិនអាចទិញផលិតផលព្រោះតែមិនអាចអានឈ្មោះផលិតផលត្រូវប៉ុណ្ណោះទេ ថែមទាំងខាតប្រាក់ជួលមនុស្សឲ្យឈរតម្រង់ជួរដណ្តើមទំនិញទៀតផង។
ស្រដៀងនឹងផលិតផល Nintendo Switch 2 ជាប្រភេទម៉ាសុីនលេងហ្គេមដែលដាក់លក់កាលពីខែមិថុនាឆ្នាំ ២០២៥ ។ ដើម្បីទប់ស្កាត់បញ្ហាទិញស្តុកទុក ក្រុមហ៊ុន Nintendo បានប្រកាសថា ពួកគេនឹងចេញប័ណ្ណធានាសម្រាប់ផលិតផល Switch 2 នោះទេ ប៉ុន្តែនឹងជួសជុលផលិតផល ប្រសិនបើអតិថិជនមានវិក្កយបត្រទិញទំនិញ។ អ្នកលក់បន្តច្រើនតែទិញក្នុងបរិមាណច្រើន ដូច្នេះហើយ ពួកគេមិនមានវិក្កយបត្រដោយឡែក សម្រាប់បំពេញតម្រូវការជួសជុល និងការធានាពីក្រុមហ៊ុននោះទេ។
ផលិតផលដែលទិញពីកន្លែងលក់បន្តមិនមានការធានា ឬជួសជុលនោះទេ ដូច្នេះនេះជាចំណុចដែលធ្វើឲ្យអ្នកទិញគួរពិចារណា។
ដោយសារការខិតខំប្រឹងប្រែងរវាងអាជីវកម្ម និងអ្នកប្រើប្រាស់ យុទ្ធសាស្ត្រមួយត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុន ដើម្បីលុបបំបាត់ទាំងស្រុងកន្លែងលក់បន្តដែលមានគោលបំណងស្តុកទុកទំនិញ។ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទិញទំនិញដែលខ្លួនចូលចិត្តដោយសេរី ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហានេះតទៅទៀតឡើយ។
បច្ចុប្បន្ននេះ នៅប្រទេសជប៉ុនមានភាពតឹងរ៉ឹងយ៉ាងខ្លាំង ត្រួតពិនិត្យគ្រប់ផលិតផលទាំងអស់ មិនថាទំនិញដែលមានតម្លៃថោក ឬទំនិញប្រណីតនោះទេ។ ចំណុចនេះបញ្ជាក់ពីសាមគ្គីភាព និងផលប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុនផលិតផលិតផល និងអ្នកប្រើប្រាស់។
Abe Kengo