អតីតកំពូលអ្នកចំបាប់ជប៉ុន និងការខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សដ៏គួរឲ្យសរសើរ
អតីតកំពូលអ្នកចំបាប់ជប៉ុន និងការខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សដ៏គួរឲ្យសរសើរ។
ប្រសិនបើប្រិយមិត្តមិនទាន់បានដឹងទេថា “កីឡាចំបាប់អាជីព” ឬក្នុងភាសាអង់គ្លេសយើងហៅថា “professional wrestling” គឺជាទម្រង់នៃការសម្តែងកីឡា កត្តាប្រយុទ្ធប្រកួតប្រជែងគ្នា និងសាច់រឿង។ ការប្រកួតត្រូវបានរៀបចំឡើងដោយប្រើក្បាច់ប្រយុទ្ធជាច្រើន ស្ថានភាពមិនដឹងមុន និងសាច់រឿងដើម្បីទាក់ទាញទស្សនិកជន ទាំងដែលលទ្ធផលត្រូវបានកំណត់មុនក៏ដោយ។
មិនដូចជាការប្រកួតកីឡាផ្សេងទៀតនោះទេ កីឡានេះផ្តោតសំខាន់លើរបៀបបង្កើតការប្រកួតដែលមានភាពទាក់ទាញ ដោយមិនផ្តោតលើរឿងឈ្នះ ឬចាញ់ឡើយ។
កាលពីក្មេង ខ្ញុំធ្លាប់ស្គាល់អ្នកចំបាប់ដែលមានស្មារតីរឹងមាំម្នាក់មានឈ្មោះថា Antonio Inoki ។
មិនត្រឹមតែប្រកួតនៅលើសង្វៀនប៉ុណ្ណោះទេ លោកថែមទាំងបានប្រឡូកក្នុងឆាកនយោបាយ និងបន្សល់ទុករឿងដ៏អស្ចារ្យមួយ ដោយបានជួយសង្គ្រោះជីវិតប្រជាជនជប៉ុនចំនួន ៣៦ នាក់។
សូមក្រឡេកមកមើលរឿងដ៏អស្ចារ្យរបស់លោក ជារឿងដែលអ្នកនយោបាយធម្មតាមិនអាចធ្វើបាន។
ពីអ្នកចំបាប់ក្លាយជាតំណាងរដ្ឋសភា
Inoki ជាអ្នកចំបាប់ដ៏ល្បីឈ្មោះម្នាក់ក្នុងពិភពកីឡាចំបាប់អាជីពរបស់ជប៉ុន។ លោកតែងតែបង្ហាញខ្លួននៅលើសារព័ត៌មាន និងក្លាយជាប្រធានបទដែលមនុស្សជាច្រើនរំលឹកដល់ រួមទាំងការប្រកួតក្បាច់គុនចម្រុះជាមួយម្ចាស់ជើងឯកប្រដាល់កម្រិតធ្ងន់នៅលើពិភពលោកមានឈ្មោះថា Muhammad Ali ។ ហើយបន្ទាប់ពីចូលនិវត្តន៍ពីកីឡាចំបាប់ លោកបានផ្លាស់ទៅសភាក្នុងនាមជាសមាជិកសភា។
ករណីចាប់ចំណាប់ខ្មាំងជនជាតិជប៉ុនកើតឡើងនៅអុីរ៉ាក់
នៅមុនពេលដែលសង្រ្គាមរវាងអុីរ៉ាក់ សហរដ្ឋអាមេរិក និងមហាអំណាចសម្ព័ន្ធមិត្តបានផ្ទុះឡើង អុីរ៉ាក់បានហាមឃាត់ជនបរទេសមិនឲ្យចាកចេញពីប្រទេសអុីរ៉ាក់ ហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំងដើម្បីការពារមិនឲ្យប្រទេសផ្សេងទៀតឈ្លានពាន។
ក្នុងស្ថានភាពនេះ មានបុគ្គលចំនួនពីរនាក់បានធ្វើសកម្មភាព។
ម្នាក់ជាអតីតនាយករដ្ឋមន្ត្រីលោក Nakasone Yasuhiro ។ លោកទទួលបានជោគជ័យក្នុងការចរចារដោះលែងចំណាប់ខ្មាំងប្រហែលមួយភាគបី ប៉ុន្តែមនុស្សជាច្រើននៅតែជាប់នៅប្រទេសអុីរ៉ាក់។
បន្ទាប់មកទៀតលោក Antonio Inoki បានធ្វើអន្តរាគមន៍។ ព្រោះតែបារម្ភមិនដឹងថាសង្គ្រាមនឹងផ្ទុះឡើងនៅពេលណា លោក Inoki បានទៅកាន់ប្រទេសអុីរ៉ាក់ ដោយមិនខ្វល់ពីការព្រមានរបស់រដ្ឋាភិបាលជប៉ុន។ ក្រោយមក លោកបានរៀបចំការប្រកួតកីឡាចំបាប់អាជីពនៅប្រទេសអុីរ៉ាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនង។ ទោះជាយ៉ាងណា ចំណាប់ខ្មាំងមិនទាន់ត្រូវបានដោះលែងនោះទេ។
នៅពេលដែលលោក Inoki ព្យាយាមបន្តការចរចា គាត់បានគិតឃើញគំនិតមួយ។ ដោយគិតថា គាត់នឹងមិនអាចរកឃើញដំណោះស្រាយនោះទេ ប្រសិនបើមិនយល់ពីគំនិតរបស់ភាគីម្ខាងទៀត គាត់ក៏បានប្តូរទៅសាសនាអុីស្លាម។ នៅទីបំផុត លោកទទួលបានជោគជ័យក្នុងការទំនាក់ទំនងជាមួយពួកគេ និងរំដោះចំណាប់ខ្មាំងទាំងអស់។
នៅពេលនោះ រដ្ឋាភិបាលជប៉ុនបានប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក Inoki ព្រោះប្រទេសជិតនឹងកើតមានសង្គ្រាម។
ខណៈពេលដែលត្រូវគេចំអកថា គ្រាន់តែជាអតីតកីឡាករចំបាប់ និងអ្នកនយោបាយធម្មតាម្នាក់ប៉ុណ្ណោះ អាចធ្វើអ្វីបាន លោកបានធ្វើអន្តរាគមន៍ម្នាក់ឯង ហើយនៅទីបំផុតរំដោះបានចំណាប់ខ្មាំងទាំងអស់។
ស្រដៀងគ្នាដែលនៅកូរ៉េខាងជើង
នៅពេលនោះ ទំនាក់ទំនងរវាងកូរ៉េ និងជប៉ុនមិនសូវល្អប៉ុន្មានទេ។ រដ្ឋាភិបាលជប៉ុនសង្ស័យថា ជនជាតិជប៉ុនជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយប្រើធ្វើចារកម្មសម្រាប់ប្រទេសកូរ៉េខាងជើង។
គោលបំណងរបស់លោក Inoki គឺកែលម្អទំនាក់ទំនងដ៏អាក្រក់នេះ។
លោក Inoki បានទៅកាន់ប្រទេសកូរ៉េខាងជើងជាច្រើនដង និងជួបជាមួយមន្ត្រីរដ្ឋាភិបាល។ នៅទីនោះ លោកក៏បានធ្វើទំនាក់ទំនងការទូតតាមរយៈការប្រកួតកីឡាចំបាប់អាជីពផងដែរ។ គោលបំណងរបស់លោកគឺបង្កើតលក្ខខណ្ឌសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរជួបគ្នា។
នៅទីបំផុត ប្រទេសកូរ៉េខាងជើងបានសារភាពករណីចាប់ខ្លួន និងបានរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់។ ជនរងគ្រោះមួយចំនួន ទោះបីជាមិនទាំងអស់ក្ដី ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសជប៉ុនវិញ។
តាមរយៈកីឡា និងការតាំងចិត្តដែលគាត់មានដោយសារកីឡា លោក Inoki សម្រេចបានទំនាក់ទំនងការទូតដែលអ្នកដទៃមិនអាចធ្វើបាន។
ជាអកុសល លោកបានទទួលមរណភាពក្នុងឆ្នាំ ២០២២ ។
បុរសម្នាក់ដែលមិនដែលបោះបង់ មិនចេះអួតអាង និងហានលះបង់ខ្លួនខំប្រឹងតស៊ូ ជួយសង្គ្រោះជីវិតមនុស្សដែលមិនមែនជាសាច់ញាតិ។ រឿងរ៉ាវរបស់លោកពិតជាអស្ចារ្យណាស់ ជារឿងដែលយើងគួរតែចងចាំ ហើយចាត់ទុកដូចជាគំរូ ដោយសារតែភាពក្លាហាន និងទឹកចិត្តរបស់លោក។
ខ្ញុំនឹងចងចាំជានិច្ច ហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព។
Abe Kengo