កំណប់មានពិតមែន
កំណប់មានពិតមែន
រឿងគំនូរជីវចលដ៏ល្បី One Piece ចាប់ផ្តើមដោយសម្តីរបស់ស្តេចចោរសមុទ្រ “ខ្ញុំរំលងគ្រប់យ៉ាងនៅលើពិភពលោកនេះ” ។
ប្រសិនបើយើងយល់ថា Anime ជាមធ្យោបាយដែលគេប្រើសម្រាប់រៀបរាប់រឿងក្នុងក្តីស្រមៃ ឥឡូវនេះមានរឿងស្រដៀងគ្នាមួយ ដែលប្រៀបដូចជាក្នុងពិភពពិត ហើយថែមទាំងបានកើតឡើងនៅសម័យបច្ចុប្បន្នផងដែរ។
អ្នកដែលលាក់កំណប់នេះជាស្រ្តីជនជាតិជប៉ុនម្នាក់ហៅថា ព្រះនាង Tenko ។
ដូច្នេះហើយ តើតួអង្គម្នាក់នេះជានរណា ហើយរឿងរ៉ាវនិយាយពីកំណប់យ៉ាងម៉េចវិញ? យើងនឹងតាមដានទាំងអស់គ្នា។
តើព្រះនាង Tenko ជានរណា?
ព្រះនាង Tenko ឈ្មោះពិតហៅថា Mariko Itakura (板倉 満里子) គឺជាសិស្សរបស់លោក Hikita Tenko ដែលជាគ្រូវេទមន្តល្បីឈ្មោះនៅប្រទេសជប៉ុន និងបានប្រើឈ្មោះរបស់លោកដើម្បីក្លាយទៅជា Hikita Tenko ជំនាន់ទីពីរ បន្ទាប់មកបានបន្តអាជីពជាគ្រូវេទមន្ត និងសម្តែងយ៉ាងអស្ចារ្យ។
អ្នកស្រីកើតនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៥៩ ។
មុនពេលក្លាយជាគ្រូវេទមន្ត អ្នកស្រីធ្លាប់ធ្វើជាអ្នកចម្រៀងប៉ុបដោយប្រើឈ្មោះថា Mari Asakaze (朝風 まり) ។
ព្រះនាង Tenko ត្រូវបានគេចាត់ទុកជាមនុស្សដែលមានស្ទីលសម្តែងពិសេស ការសម្តែងវេទមន្តគ្រោះថ្នាក់ និងស្មុគស្មាញ។
អ្នកស្រីកាន់តែល្បីឈ្មោះនៅលើពិភពលោកដោយបានប្រើឈ្មោះជាភាសាអង់គ្លេសហៅថា “Princess Tenko” ។
រឿង Anime “Tenko” ត្រូវបានបំផុសគំនិតដោយអ្នកស្រី និងកាន់តែពេញនិយមយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ហើយជាក់ស្តែងលក់តុក្កតា Tenko បានចំនួន ៨ លានតុក្កតា។
អ្នកស្រីធ្លាប់ចាកចេញពីប្រទេសជប៉ុន និងធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក ហើយប្រហែលជាថ្មីៗនេះអ្នកស្រីកំពុងរស់នៅអុីតាលី។
អ្នកស្រីមិនមែនចិញ្ចឹមប្រភេទសត្វធម្មតាប៉ុណ្ណោះទេ ផ្ទុយទៅវិញ អ្នកស្រីចិញ្ចឹមខ្លាសមួយក្បាល។ ភាគច្រើនមិត្តភក្តិរបស់អ្នកស្រីសុទ្ធតែជាបុគ្គលដែលមានមុខមាត់នៅលើពិភពលោក ក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ីលោក Putin ។
ស្រ្តីម្នាក់នេះមានចំណុចពិសេសជាច្រើន ដោយដឹងថា ប្រហែលជាកាលពីមុនអ្នកស្រីធ្លាប់ទៅកាន់ប្រទេសកម្ពុជា។
កម្រិតប្រាក់ចំណូលខ្ពស់
អំឡុងពេលដែលអ្នកស្រីល្បីបំផុត ជាទូទៅអ្នកស្រីសម្តែងប្រហែល ៣០០ កម្មវិធីក្នុងមួយឆ្នាំ រកបានចំណូលពី ៥០ ទៅ ៨០ លានយ៉េនក្នុងមួយកម្មវិធី។
ដោយគ្រាន់តែគណនាអ្នកនឹងដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកស្រីបានប៉ុន្មាន។ ហើយបើទោះបីជាមិនបានគណនាតួលេខក៏ដោយ អ្នកនៅតែដឹងថាចំនួនប្រាក់ចំណូលនេះពិតជាច្រើនណាស់។
ល្បែងស្វែងរកកំណប់
ទ្រព្យសម្បត្តិដែលព្រះនាង Tenko រកបានច្រើនរហូតដល់ថ្នាក់អ្នកស្រីចាយមិនអស់នោះទេ អ្នកស្រីបានយកទ្រព្យសម្បត្តិទាំងនេះទៅលេងល្បែងដ៏គួរចាប់អារម្មណ៍មួយ។
ហាក់បីដូចជាអ្នកស្រីបានកប់កំណប់ចំនួន ៦ កន្លែងនៅក្នុងប្រទេសជប៉ុន។ ថ្វីត្បិតតែ មិនបានបញ្ជាក់ថាកំណប់នោះជាសាច់ប្រាក់ គ្រឿងអលង្ការ ឬឯកសារកម្មសិទ្ធិអ្វីម្យ៉ាងក៏ដោយ យ៉ាងណាមិញ អ្នកស្រីបាននិយាយថា ប្រសិនបើរកឃើញមួយក្នុងចំណោមនោះ អាចរស់នៅបានបីជំនាន់។
ហើយបើទោះបីជាកំណប់មិនត្រូវបានបញ្ជាក់ច្បាស់ក្នុងបទសម្ភាសន៍ក៏ដោយ ប៉ុន្តែកំណប់នីមួយប្រហែលជាជាង ២ ពាន់លានយ៉េន។ ច្រើនជិត ១០ ដងនៃប្រាក់ចំណូលជាមធ្យមពេញមួយជីវិតរបស់ប្រជាជនជប៉ុនម្នាក់ ដូច្នេះសរុបតម្លៃកំណប់មានចំនួនរហូតដល់ទៅ ១២ ពាន់លានយ៉េន។
ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺថា ភាគច្រើនគ្រប់គ្នាជឿថាកំណប់មានពិតមែន ដោយមិនមាននរណាគិតថា នោះជារឿងកុហក ឬល្បិចបោកបញ្ឆោតនោះទេ។
នេះមិនមែនជារឿងភាពយន្ត រឿង Anime នោះទេ ប៉ុន្តែនេះជារឿងដែលមានពិត។ ប្រហែលជាឥឡូវនេះកំណប់ត្រូវបានកប់ទៅហើយ។
ឥឡូវនេះ អ្វីដែលត្រូវធ្វើគឺយកប៉ែល ហើយទៅកាន់ប្រទេសជប៉ុន មែនទេអ្នកទាំងអស់គ្នា។
និយាយអញ្ជឹង ទឹកប្រាក់មានចំនួនច្រើនមិនអាចយកទៅវិញដោយសម្ងាត់នោះទេ ដូច្នេះយើងត្រូវរាយការណ៍។ ហើយជាការពិតណាស់ បើទោះជាយើងជាអ្នករកឃើញកំណប់ដ៏ធំនេះក៏ដោយ នៅតែត្រូវបំពេញកាតព្វកិច្ចពន្ធ ដូច្នេះសូមកុំភ្លេចចំណុចនេះ។
សូមអរគុណព្រះនាង Tenko ដែលបានជួយឲ្យយើងគ្រប់គ្នា និងប្រជាជនជប៉ុនទាំងអស់មានក្តីស្រមៃអាចផ្លាស់ប្តូរជីវិត ទាំងដែលគ្រប់យ៉ាងបានរលាយបាត់ព្រោះតែជីវិតជាក់ស្តែង។
Abe Kengo