ភាសាជប៉ុនធ្លាប់​ប្រឈម​នឹង​ “ការវិនាស” តើ​បទ​ចម្រៀង​ដ៏​អស្ចារ្យ​មួយ​ណា​ដែល​បាន​ស្រោច​ស្រង់​ភាសា​នេះ?

តើអ្នកដឹងទេថាភាសាជប៉ុន ជាភាសាដែលកំពុងត្រូវបានប្រើសព្វថ្ងៃនៅជប៉ុន តាមពិតទៅធ្លាប់ប្រឈមនឹងការវិនាសដែរទេ?

ហើយគេនិយាយថា មូលហេតុ​អាចបណ្តាលមកពីបទចម្រៀងល្បីមួយបទគឺ៖ Haru no Ogawa” (ទឹកជ្រោះនៃនិទាឃរដូវ​) ។

ដូច្នេះហើយ តើ​វិបត្តិ​នៃភាសាជប៉ុនដែលសូម្បីតែប្រជាជនជប៉ុនក៏មិនដឹងនោះជាអ្វី?

រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​មាន​បំណង​លុប​បំបាត់​ភាសា​ជប៉ុន

ក្នុងកំឡុងសម័យ Meiji ក្រោយសម័យសាមូរ៉ៃ នៅពេលដែលជប៉ុនឈានចូលដំណើរការទំនើបភាវូបនីយកម្ម គោល​ដៅ​របស់​ប្រទេស​គឺ​ចង់​ក្លាយ​ទៅ​ជា​មហា​អំណោច​ស្មើ​នឹង​ប្រទេស​លោក​ខាង​លិច។

ដើម្បីសម្រេចបាននូវគោលដៅនោះ រដ្ឋាភិបាលបានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការលុបចោលភាសា​ជប៉ុន ហើយ​ជំនួស​ដោយ​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវ​ការ។

ក្នុង​អំឡុង​ពេល​ដំណើរ​ការ​ទំនើបកម្ម ជប៉ុន​បាន​ពិចារណា​ជំនួស​ភាសា​ជប៉ុន​ដោយភាសាអង់គ្លេស។ 

មូលហេតុ​ចម្បងដែលឈានទៅដល់ការសម្រេចចិត្តនេះគឺភាពខុសគ្នានៃភាសា​នៅ​តាម​តំបន់​ក្នុង​ប្រទេស​ជប៉ុន។

ដោយសារប្រវត្តិសាស្ត្របែងចែកទឹកដី និងកម្រទំនាក់ទំនងរវាងតំបន់តូចៗ តំបន់នីមួយៗបានអភិវឌ្ឍភាសាតាម​​តំបន់​ដោយ​ឡែក ដែល​ធ្វើ​ឲ្យ​ការ​បង្រួប​បង្រួម​ភាសា​ទូទាំង​ប្រទេស​មាន​ការ​លំបាក។

កាលពីតូចខ្ញុំនៅចាំថា ស្រុកកំណើតរបស់ឪពុកខ្ញុំនៅទីក្រុងមួយក្នុងខេត្ត Iwate តំបន់ Tohoku ។ ឪពុករបស់ខ្ញុំមិន​យល់​ពី​ភាសា​តំបន់​របស់​​យាយខ្ញុំនោះទេ ដូច្នេះ​ទើបអ្នកទាំងពីរមិនអាចជជែកគ្នាបាន។ 

មិនត្រឹមតែជាការបញ្ចេញសំឡេងប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរប្រើ​ពាក្យ​ខុស​គ្នា​ទាំង​ស្រុង។

មុននឹងនិយាយពីអន្តរភាវូបនីយកម្ម នៅក្នុងប្រទេសការបង្រួបបង្រួមភាសាជាចំណុចដែលសំខាន់ ដើម្បីជួយឲ្យគ្រប់​គ្នា​មាន​សាម្គីភាព ហើយ​ធ្វើ​ការ​ជា​មួយ​គ្នា​បាន។

“Haru no Ogawa” (ទឹកជ្រោះនៃនិទាឃរដូវ​) – បទចម្រៀងដែលបានជួយស្រោចស្រង់ភាសាជប៉ុន

នៅឆ្នាំ ១៩១២ រដ្ឋាភិបាលជប៉ុនបានប្រគល់ភារកិច្ចផ្សព្វផ្សាយបទចម្រៀងមួយតាមសាលារៀន។ ដោយមានចំណងជើង​ថា (ទឹកជ្រោះនៃនិទាឃរដូវ​) បទចម្រៀងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងបង្រួបបង្រួមភាសា​ជប៉ុន។ ចូរ​យើង​ក្រឡេក​មើល​ទំនុក​​ច្រៀង​ទាំងអស់គ្នា។

Haru no ogawa hasarasara nagaru

Kishi no sumireya rengeno hana ni

Nioimedetaku iro utsukushiku

Sakeyo sakeyoto sasayakugotoku

ប្រែថា៖

ទឹកជ្រោះនៃនិទាឃរដូវអើយ សូរទឹកហូរ

នៅលើច្រាំងផ្កាវីយូឡែត ផ្កាឈូកពណ៌ផ្កាឈូក

ក្លិនក្រអូប ពណ៌ស្រស់ស្អាត

ដូចជាខ្សឹបថា៖ “សូមឲ្យផ្ការីក សូមឲ្យផ្ការីក” 

ដូចដែលអ្នកមើលឃើញ បទចម្រៀងនេះប្រើព្យាង្គជាច្រើនដែលផ្តើមដោយព្យញ្ជនៈ s”: sa, shi, su, se, so ។ ទាំង​នេះ​ជា​ព្យាង្គ​ដែល​ងាយនឹងប្តូរសំឡេងក្នុងភាសាតាមតំបន់ ដែលធ្វើឲ្យគេពិបាកនឹងបញ្ចេញសំឡេងត្រូវ។

ការផ្សពផ្សាយបទចម្រៀងនេះនៅទូទាំងប្រទេសជប៉ុនបានជួយឲ្យប្រជាជនទម្លាប់ ហើយអនុវត្តការបញ្ចេញសំឡេងព្យាង្គ​ទាំង​នេះ​ឲ្យបានត្រឹមត្រូវ។

ដូច្នេះហើយ បានជាការប្រាស្រ័យទាក់ទងរវាងអ្នកដែលមកពីតំបន់ខុសគ្នាកាន់តែប្រសើរឡើង។

ដោយសារចំណុចនេះទើបគេយល់ឃើញថា ប្រសិនបើនៅតែរក្សាភាសាជប៉ុន ប្រជាជនជប៉ុននៅតែអាចប្រាស្រ័យទាក់​ទង​គ្នា​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ភាសា​ជប៉ុន​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

បទចម្រៀងនេះនៅតែត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលានាពេលបច្ចុប្បន្ន ហើយស្ទើរតែគ្រប់គ្នាដែលទទួល​ការ​អប់រំ​នៅ​ជប៉ុន​សុទ្ធ​តែ​ដឹង។

ទោះ​ជា​យ៉ាង​ណា ភាសាតាមតំបន់នៅតែមិនទាន់បាត់បង់ទាំងស្រុងនោះទេ។ នៅពេលដែលនឹកទៅ​ដល់រឿងឪពុករបស់​ខ្ញុំ​មិន​អាច​ប្រាស្រ័យ​ទាក់​នឹង​ជីដូន​របស់​ខ្ញុំ ខ្ញុំ​នៅតែឆ្ងល់ពីប្រសិទ្ធភាពរបស់បទចម្រៀងនេះឈានដល់កម្រិត​ណា។ ប្រហែល​ជា​កាល​ពី​មុន​ស្ថាន​ភាព​យ៉ាប់​ជាង​នេះ​ទៅ​ទៀត។

តើ (ទឹកជ្រោះនៃនិទាឃរដូវ​) ស្ថិតនៅកន្លែងណា?

ទឹកជ្រោះនៃនិទាឃរដូវ គឺជាបទចម្រៀងដ៏សំខាន់មួយដែលបានរួមចំណែកការពារភាសាជប៉ុន – ដែលត្រូវបានគេចាត់ទុកថាសរសេរនិយាយពីទឹកជ្រោះ Shibuya នៅ Shibuya ទីក្រុងតូក្យូ។

និយាយឲ្យកាន់តែច្បាស់គឺជ្រោះ Kohone ដែលជាផ្នែកមួយនៃជ្រោះ Shibuya ។ យ៉ាងណាមិញ អ្នកនឹងមិនអាចមើលឃើញជ្រោះ Shibuya ដូចដែលយើងបានដឹងនោះទេ។

សព្វថ្ងៃនេះ វាបានក្លាយជាទឹកជ្រោះក្រោមដីទៅហើយ។

ប្រសិនបើជប៉ុនក្លាយទៅជាប្រទេសដែលប្រើភាសាអង់គ្លេស ប្រហែលជារឿង manga និង anime ដែលគ្រប់គ្នាចូលចិត្តនឹងត្រូវបានផលិតដោយភាសាអង់គ្លេស ហើយដូច្នេះកាន់តែពេញនិយមនៅជុំវិញពិភពលោក។

យ៉ាងណាមិញ ចំណុចនេះមានន័យថា យើងនឹងបាត់បង់ការព័ណ៌នាពិសេសតាមបែបជប៉ុន។

បទចម្រៀងនេះត្រូវបាននិពន្ធឡើងក្នុងគោលបំណងកែលម្អរបៀបបញ្ចេញសំឡេងនៃភាសាជប៉ុន ជាពិសេសសំឡេង “sa, shi, su, se, so” ដែលច្រើនតែបង្កការលំបាកដល់ជនបរទេស។

ហេតុ​អ្វីបានជាអ្នកមិនសាកល្បងច្រៀងបទចម្រៀងនេះដើម្បីហាត់សមរបៀបបញ្ចេញសំឡេងជាភាសាជប៉ុន? ដែល​អាច​ជា​វិធីសាស្រ្ត​ដ៏​ល្អ​ក្នុង​ការ​រៀន និងបង្កើនជំនាញនិយាយភាសាជប៉ុនរបស់អ្នក។

ABE KENGO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: