បច្ចេកវិទ្យាផលិតបង្គន់របស់ជប៉ុនដែលក្រុមហ៊ុនចិនមិនអាចចម្លងបាន
បច្ចេកវិទ្យាផលិតបង្គន់របស់ជប៉ុនដែលក្រុមហ៊ុនចិនមិនអាចចម្លងបាន។
តើអ្នកទាំងអស់គ្នាធ្លាប់ប្រើ Shower toilet – ជាប្រភេទបង្គន់បែបជប៉ុនដែរទេ?
ជាមួយនឹងបច្ចេកវិទ្យានេះ គ្រាន់តែចុចប៊ូតុង អ្នកប្រើប្រាស់នឹងទទួលបានការលាងសម្អាតដោយទឹកក្តៅឧណ្ហៗស្វ័យប្រវត្តិ។
ដំបូងប្រហែលជាមិនទម្លាប់ ប៉ុន្តែនៅពេលដែលប្រើយូរៗទៅ អ្នកទាំងអស់គ្នានឹងចូលចិត្តភាពងាយស្រួលនេះ។
ក្រុមហ៊ុនផលិតរបស់ចិនបានព្យាយាមយ៉ាងខ្លាំងដើម្បីចម្លងផលិតផលនេះ យ៉ាងណាមិញ ផលិតផលហាក់បីដូចជាមិនទទួលបានគុណភាពដូចផលិតផលជប៉ុននោះទេ។
តើប្រជាជនជប៉ុនបានបង្កើតផលិតផលនេះដោយរបៀបណា? នៅថ្ងៃនេះ JAPO នឹងបង្ហើបអាថ៌កំបាំងនេះដល់អ្នកទាំងអស់គ្នា។
ចំនួនដែលលក់បាននៅលើពិភពលោក
TOTO គឺជាក្រុមហ៊ុនដំបូងគេដែលអភិវឌ្ឍ Shower toilet នៅប្រទេសជប៉ុន។
ការលក់បានចាប់ផ្តើមនៅឆ្នាំ ១៩៨០ ហើយការលក់បឋមត្រូវបានគេប៉ាន់ប្រមាណថាលើសពី ៥០ លានផលិតផល។
ក្នុងចំណោមក្រុមហ៊ុនផលិតដែលផលិតផលិតផលដូចគ្នា TOTO នៅតែមានមោទនភាពចំពោះការលក់ដ៏ឆ្នើមរបស់ខ្លួន។
ប្រសិនបើលោកអ្នកសាកល្បងប្រើម្តង អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ដឹងកាន់តែច្បាស់ពីភាពខុសគ្នារបស់ផលិតផលនេះ។ ជាផលិតផលដែលត្រូវបានបង្កើតឡើងដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។
កំណត់ទីតាំងរន្ធគូថ
ដើម្បីសម្អាតបានត្រឹមត្រូវ ក្បាលម៉ាស៊ីនទឹកស្វ័យប្រវត្តិត្រូវបាញ់ទឹកឲ្យចំទីតាំងរន្ធគូថ។ ទោះជាយ៉ាងណា នៅពេលដែលអភិវឌ្ឍដំបូង TOTO មិនមានទិន្នន័យទាក់ទងនឹងទីតាំងរន្ធគូថនោះទេ។
ដូច្នេះហើយ បន្ទប់វាស់ស្ទង់មួយត្រូវបានបង្កើតឡើងនៅខាងក្នុងក្រុមហ៊ុន ដើម្បីវាស់ស្ទង់ទីតាំងរន្ធគូថរបស់មនុស្សជាង ៣០០ នាក់ រួមទាំងបុគ្គលិកក្រុមហ៊ុន និងសមាជិកគ្រួសាររបស់ពួកគេ។
អ្នកដែលត្រូវគេវាស់ស្ទង់ប្រាកដជាមានអារម្មណ៍ពិបាកទ្រាំ ចំណែកឯអ្នកវាស់… ស្តាប់ទៅដូចជាឆ្កួតណាស់មែនទេ?
ហើយជាចុងក្រោយ ហាក់បីដូចជាទីតាំងក្បាលម៉ាសុីនទឹកត្រូវបានកំណត់យ៉ាងត្រឹមត្រូវ។
សីតុណ្ហភាពសមល្មម មិនក្តៅពេក ឬត្រជាក់ពេកនោះទេ
ផលិតផល TOTO នាំមកនូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងទឹកក្តៅឧណ្ហៗ។ ការពិសោធន៍ជាច្រើនត្រូវបានធ្វើឡើងទើបអាចទទួលបានលទ្ធផលនេះ។
សីតុណ្ហភាពត្រូវបានកែតម្រូវក្នុងកម្រិតកើន 0.1°C ដើម្បីស្វែងរកសីតុណ្ហភាពដែលល្អបំផុត។
ទន្ទឹមនឹងនេះ បញ្ហាមួយចំនួនទាក់ទងនឹងការកែតម្រូវសីតុណ្ហភាពខ្យល់សម្រាប់សម្ងួតក្រោយពេលលាងសម្អាតក៏កើតមានផងដែរ។ មិនអាចត្រជាក់ពេក ហើយក៏មិនអាចក្តៅពេកដែរ ម្យ៉ាងវិញទៀត មិនអាចសម្ងួតបានល្អនោះទេ ប្រសិនបើមិនកំណត់បរិមាណខ្យល់គ្រប់ល្មម។ នោះហើយជាមូលហេតុដែលពួកគេធ្វើការស្រាវជ្រាវហ្មត់ចត់ និងធ្វើការពិសោធម្តងហើយម្តងទៀត ដើម្បីកំណត់សីតុណ្ហភាព។
តើអ្នកដែលធ្លាប់ប្រើ Shower toilet មានអារម្មណ៍ថា មានភាពងាយស្រួល និងផាសុកភាពដូចដែលបានរៀបរាប់ខាងលើដែរទេ? បើមិនអញ្ចឹងទេ ខ្ញុំគិតថា បង្គន់ដែលអ្នកប្រើមិនមែនជាផលិតផលរបស់ TOTO នោះទេ។
ថ្វីត្បិតតែ TOTO មានតម្លៃថ្លៃ ប៉ុន្តែនាំមកនូវអារម្មណ៍ល្អ និងភាពងាយស្រួលខ្ពស់។
ប្រសិនបើមើលឃើញផលិតផលនេះមានបំពាក់នៅសណ្ឋាគារ ឬហាងទំនិញ ទោះបីជាមិនដូចនឹងការរំពឹងទុក អ្នកទាំងអស់គ្នាអាចប្រើសាកល្បងមើល។ ខ្ញុំជឿថា អ្នកទាំងអស់គ្នានឹងទទួលបានបទពិសោធល្អបំផុតជាមួយផលិតផលនេះ។
នៅពេលខ្លះការប្រើបង្គន់ដែលមានផាសុកភាពអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន ដែលរួមចំណែកកាត់បន្ថយសកម្មភាពអវិជ្ជមានដូចជាជម្លោះក្នុងជីវិត។
តើខ្ញុំអាចចាត់ទុកថាបង្គន់ជប៉ុនជាផលិតផលបង្កប់អត្តន័យសន្តិភាពដែរទេ?
Abe Kengo