ទឹកចិត្តល្អរបស់ជប៉ុន! ផ្ដាំអរគុណពលរដ្ឋខ្មែរដែលបានជិះ ហើយសន្យានឹងផ្ដល់រថយន្តក្រុងបន្ថែមទៀត
រថយន្តក្រុងចំនួន ៤១គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី០១ ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី៩ ទៅ ១៣ ខ្សែរត់។ នេះបើតាមទំព័រហ្វេសប៊ុក Jica Cambodia Office។
ត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន ៣៩ គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន ៨០ គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
កម្មវិធីស្មាតហ្វូនសម្រាប់កំណត់ពីទីតាំងរថយន្តក្រុង និងការទូទាត់ងាយស្រួលដែលមានឈ្មោះថា “Weell” នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែមានភាពងាយស្រួល។ សូមប្រើប្រាស់រថយន្តក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
តម្លៃសំបុត្ររថយន្តក្រុងគឺ ១,៥០០រៀល។ អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ។
តំណាងឲ្យរដ្ឋាភិបាលជប៉ុនទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-កម្ពុជាសូមអរគុណសម្រាប់ការប្រើប្រាស់រថយន្ដក្រុងដែលជាជំនួយពីរដ្ឋាភិបាលជប៉ុន៕
ប្រភព: Sabay News