បច្ចេកវិទ្យាបង្គន់ជប៉ុនអាចបង្កើតអគ្គិសនីដោយផ្ទាល់
បច្ចេកវិទ្យាបង្គន់ជប៉ុនអាចបង្កើតអគ្គិសនីដោយផ្ទាល់។
ជនជាតិជប៉ុនផ្តោតសំខាន់ទៅលើអនាម័យ និងភាពងាយស្រួលនៅគ្រប់ទីកន្លែង រួមទាំងបន្ទប់ទឹកផងដែរ។ នៅពេលដែលនិយាយពីចំណុចនេះ ប្រហែលជាគ្រប់គ្នាស្គាល់បង្គន់ឆ្លាតវៃដែលមានមុខងារសម្អាតដោយស្វ័យប្រវត្តិដែលជប៉ុនផលិត។
ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹង ពួកគេថែមទាំងបង្កើតបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀតផងដែរ។ ឧទាហរណ៍ដូចជានៅជប៉ុនឧបករណ៍ក្នុងបង្គន់មួយចំនួនថែមទាំងអាចបង្កើតអគ្គិសនីដោយផ្ទាល់សម្រាប់ដំណើរការទៀងផង។
ជាដំបូងគឺការគ្រប់គ្រងម៉ាស៊ីនភ្លើងដោយស្វ័យប្រវត្តិ
កាលពីមុន សម្រាប់បង្គន់ដែលមានមុខងារបាញ់ទឹកលាងសម្អាត ឧបករណ៍បញ្ជានឹងភ្ជាប់ដោយផ្ទាល់នៅលើចានបង្គន់ ដែលផ្តល់ភាពងាយស្រួលនៅពេលដែលប្រើ។
បន្ទាប់មក ពួកគេបានប្តូរទៅប្រើឧបករណ៍បញ្ជាពីចម្ងាយ (remote) ប៉ុន្តែបែរជាមានបញ្ហាត្រង់ថាប្រើថ្ម។ ប្រសិនបើអស់ថ្ម មិនអាចប្រើបានទេ។
ដើម្បីដោះស្រាយបញ្ហានេះ វិស្វករបានបង្កើតឧបករណ៍បញ្ជាដែលអាចបង្កើតអគ្គិសនីដោយផ្ទាល់នៅពេលដែលប្រើប្រាស់។
នៅពេលដែលចុចប៊ូតុង កម្លាំងចុចនោះនឹងត្រូវបានបំប្លែងទៅជាថាមពលអគ្គិសនី ដើម្បីឲ្យឧបករណ៍ដំណើរការ។
ដូច្នេះហើយ ប៊ូតុងច្រើនតែរឹងបន្តិច ដែលតម្រូវឲ្យចុចខ្លាំងជាងនេះ។
នៅខាងក្នុងថែមទាំងមានយន្តការដែលធានាថាទោះបីជាចុចលឿន ឬយឺត ឧបករណ៍នៅតែអាចបង្កើតអគ្គិសនីគ្រប់គ្រាន់សម្រាប់ដំណើរការប្រកបដោយស្ថេរភាព។
ក្រៅពីនេះត្រូវបានបំពាក់សំឡេងសម្រាប់ផ្តល់សញ្ញា ប្រសិនបើសំឡេងបន្លឺឡើងនៅពេលដែលចុចប៊ូតុង ចំណុចនេះបង្ហាញថាយន្តការបានដំណើរការ។
បន្ទាប់មកគឺឧបករណ៍អនាម័យដែលប្រើកម្លាំងទឹក។
នៅតាមបន្ទប់ទឹកសាធារណៈជាច្រើននៅប្រទេសជប៉ុន អ្នកអាចនឹងមើលឃើញឧបករណ៍តូចមួយដែលមានរាងដូចជាប្រអប់ពណ៌ប្រាក់ដាក់នៅជាប់ចានបង្គន់។ ឧបករណ៍នេះមានមុខងារសម្អាត បំបាត់ក្លិន និងសម្លាប់មេរោគក្នុងបង្គន់។
ចំណុចដែលពិសេសត្រង់ថាវាមិនប្រើអគ្គិសនីខាងក្រៅនោះទេ។ ផ្ទុយទៅវិញ វាប្រើកម្លាំងទឹកនៅពេលដែលបញ្ចេញដើម្បីបង្កើតថាមពល (ដែលប្រៀបបីដូចជាប្រព័ន្ធវារីអគ្គិសនីខ្នាតតូច) ។
ដូច្នេះហើយ ឧបករណ៍អាចដំណើរទាន់ពេល – ជាទូទៅនៅពេលដែលទឹកជិតបញ្ចេញអស់ – ដើម្បីធានាថាទឹកសម្អាតដំណើរការប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្ហូរលឿនពេក។
ដូច្នេះជួយរក្សាឲ្យបង្គន់មានអនាម័យ សម្លាប់មេរោគកាន់តែមានប្រសិទ្ធភាព និងបង្ការភាពកខ្វក់ (ដូចជាកាកសំណល់ទឹកនោម) ដែលធ្វើឲ្យស្ទះបំពង់។
ការកែលម្អទាំងអស់នេះសុទ្ធតែមានគោលបំណងរក្សាអនាម័យល្អជាងមុន បង្កើនភាពងាយស្រួល កាត់បន្ថយការពឹងផ្អែកលើអគ្គិសនី និងកាត់បន្ថយការចំណាយលើការថែទាំ។
ក្នុងនាមខ្ញុំជាជនជាតិជប៉ុនម្នាក់ ខ្ញុំក៏មិនច្បាស់ដែរថា ហេតុអ្វីបានជាជនជាតិជប៉ុនចង់ឲ្យល្អឥតខ្ចោះបែបនេះ ប៉ុន្តែការអភិវឌ្ឍនៅតែបន្ត។
បច្ចេកវិទ្យាបង្គន់នៅប្រទេសជប៉ុនមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ និងភាពច្នៃប្រឌិតគ្រប់ចំណុច។
មិនថានោះជារបស់របរដែលប្រើប្រចាំថ្ងៃនោះទេ ពួកគេនៅតែបន្តកែលម្អជានិច្ច ដើម្បីសម្រេចបាននូវកម្រិតដែលល្អឥតខ្ចោះបំផុត។
នៅប្រទេសជប៉ុន ការរៀនក្បាច់ដាវត្រូវបានគេហៅថា Kendo (ក្បាច់ដាវ) រីឯហាត់អក្សរគេហៅថា Shodo (សិល្បៈនៃការសរសេរអក្សរជប៉ុន) ។
ក្នុងនោះអក្សរ (道) មានន័យថា ផ្លូវឆ្ពោះទៅរកភាពល្អឥតខ្ចោះ។
ដូច្នេះ តើខ្ញុំអាចហៅថា “ផ្លូវនៃបង្គន់” បានដែរទេ?
Abe Kengo

