ស្គាល់អំពីម្ហូបពិសេសឆ្ងាញ់តាមតំបន់របស់ប្រជាជនជប៉ុន
ខ្ញុំធ្លាប់បាក់មុខម្តងពេលលើកដំបូងទៅដល់ប្រទេសជប៉ុននិយាយថាចូលចិត្តញ៉ាំម្ហូបពិសេសខុសតំបន់ប្រាប់អ្នកស្រុកជប៉ុន។ ខណៈពេលអ្នកស្រុក Iwate សួរ “ម្ហូបជប៉ុនដែលអ្នកចូលចិត្តជាម្ហូបអ្វី?” ខ្ញុំឆ្លើយទាំងភាពជឿជាក់ថា “Takoyaki desu” ប៉ុន្តែអ្នកស្រុកបែរជាយល់ថា “អូនេះជាម្ហូបក្នុងតំបន់ Kansai”។ តាមការពិតគ្មានអ្វីសំខាន់ទេ ប៉ុន្តែខ្ញុំគិតថាវាល្អជាងបើខ្ញុំអាចនិយាយពីម្ហូបក្នុងស្រុកត្រូវពេលមានគេសួរ។
មានពាក្យគេនិយាយថា “ម្ហូបជាស្ពាននៃទំនាក់ទំនង” គន្លឹះខាងក្រោមនេះនឹងជួយអោយអ្នកអាចទំនាក់ទំនងបានល្អជាមួយនឹងជនជាតិជប៉ុន។
ពេលនិយាយពីម្ហូបជប៉ុនប្រហែលជាអ្នកនឹងគិតអំពី Sushi, Sashimi -ល-។ ទោះជាយ៉ាងណាតំបន់នីមួយៗមានម្ហូបពិសេសដោយឡែករបស់ខ្លួន ហើយអ្នកស្រុកតែងតែមានមោទនៈភាពជាមួយនឹងម្ហូបពិសេសក្នុងស្រុកកំណើត។ អ្វីទាំងនេះបង្ហាញក្នុងវប្បធម៌ Omiyage ពេលដើរកំសាន្តទៅដល់ណា ជនជាតិជប៉ុនសុទ្ធតែទិញអាហារទីនោះធ្វើជាកាដូ។
តើកន្លែងណានៅប្រទេសជប៉ុនមានអាហារឆ្ងាញ់បំផុត? ប្រសិនបើអ្នកចង់បរិភោគគួរទៅណាដើម្បីញ៉ាំ? ខាងក្រោមនេះជាយោបល់មួយចំនួនសម្រាប់អ្នក។
១. ទៅ Kyoto ញ៉ាំ Yudofu
រូបភាព Bon Appetit
Kyoto គឺជារដ្ឋធានីបុរាណនៃប្រទេសជប៉ុន ដូច្នេះប្រសិនបើអ្នកចង់ពិសារម្ហូបបែបប្រពៃណីបំផុតអ្នកពិតជាមិនអាចរំលងកន្លែងនេះបានទេ។ ម្ហូបដែលត្រូវគេរំលឹកច្រើនបំផុតពេលទៅដល់ Kyoto គឺ Kaiseki ryori ឈុតអាហារបែបជប៉ុនតាមរដូវភាគច្រើនមាននៅតាមហាង។ ប៉ុន្តែឈុតអាហារបែបនេះភាគច្រើនមានតម្លៃថ្លៃ ប្រសិនចង់ភ្លក់ម្ហូបសាមញ្ញ និងតម្លៃសមរម្យកុំភ្លេច Yudofu (សុ៊បតៅហ៊ូក្តៅ) និង nishin soba (មី Soba ញ៉ាំជាមួយត្រីសាឌីន)។
កុំភ្លេចទុកក្រពះរបស់អ្នកសម្រាប់បង្អែមព្រោះអ្នកមិនគួររំលងផ្លូវ Uji កន្លែងនេះត្រូវបានស្គាល់ថាជាឋានសួគ៌តែបៃតងនៅប្រទេសជប៉ុន។ នៅទីនេះអ្នកអាចរីករាយជាមួយនឹងនំប្រពៃណីបែបជប៉ុនជាច្រើនប្រភេទ។
២. ទៅ Niigata ផឹកស្រា Sake
រូបភាព Japan Info
គេតែងនិយាយថា Niigata គ្មានម្ហូបណាពិសេសធ្វើអោយចងចាំ ទោះបីជា Hegi saba ក៏ត្រូវបានចាត់ទុកថាជាម្ហូបពិសេសក្នុងតំបន់នេះដែរ។
ប៉ុន្តែមានចំនុចមួយពិសេសនៅ Niigata គឺអង្ករ។ អង្ករ Koshihikari ត្រូវបានដាំនៅ Niigata គឺជាប្រភេទអង្ករដែលឆ្ងាញ់បំផុតប្រទេសជប៉ុន ហើយត្រូវបានប្រើសម្រាប់ចម្អិនម្ហូបជប៉ុនជាច្រើនប្រភេទ។
ជាមួយនឹងអង្ករឆ្ងាញ់ខេត្តនេះថែមទាំងមានប្រភពទឹកស្អាត មានគ្រប់លក្ខខណ្ឌដើម្បីផលិតចេញជាស្រា Sake ពិសេស។ មួយកែវនឹងធ្វើអោយអ្នកកក់ក្តៅនៅក្នុងអាកាសធាតុត្រជាក់ តើនៅមានអ្វីអាចនឹងប្រៀបបានទៀត?
៣. ទៅ Osaka ញ៉ាំ Takoyaki
រូបភាព Osakatakoyaki.com
ដូចដែលបានរៀបរាប់ខាងលើ Takoyaki ជាម្ហូបពិសេសក្នុងតំបន់ Kansai ទីក្រុង Osaka។ ជាមួយនឹង Takoyaki នៅមានម្ហូបល្បីមួយទៀតគឺ Okonomiyaki – បាញ់ឆេវបែបជប៉ុនត្រូវបានធ្វើពីម្សៅ ស្ពៃក្តោប សាច់ជ្រូក -ល-។
ម្ហូបពិសេសក្នុងតំបន់នេះមិនត្រឹមតែល្បីនៅក្នុងស្រុកថែមទាំងល្បីលើពិភពលោកផងដែរ។
៤. ទៅ Fukuoka ញ៉ាំ Ramen
រូបភាព glebe kitchen
Fukuoka គឺជាទីក្រុងធំបំផុតនៅភាគនិរតីនៃកោះ Kyushu ល្បីជាមួយនឹង Ramen។ ចំពោះអ្នកដែលចូលចិត្ត Ramen នេះជាកន្លែងល្អសម្រាប់ភ្លក់ Tonkontsu Ramen។ Ramen នៅ Fukuoka មានសរសៃរមីស្តើងតែស្វិតស្រដៀងនៅប្រទេសចិន។ មានម្ហូបផ្សេងទៀតគឺ Hitokuchi Gyoza កៀវសាច់ជ្រូក។ ប្រសិនអ្នកចង់សាកល្បងខ្លួនឯងម្តងអ្នកគួរភ្លក់ Mentaiko ពងត្រីហឹលមិនសូវមានអ្នកញ៉ាំទេ ប៉ុន្តែប្រសិនញ៉ាំឆ្ងាញ់នេះប្រាកដជាម្ហូបពិសេសញ៉ាំជាមួយបាយ។
៥. ទៅ Hokkaido ញ៉ាំអាហារសមុទ្រ
រូបភាព WOW! Japan
ប្រទេសជប៉ុនជាប្រទេសកោះដូច្នេះវាមិនចម្លែកទេប្រសិនបើប្រជាជនជប៉ុនចូលចិត្តញ៉ាំអាហារសមុទ្រ។ ពេលនិយាយពីអាហារសមុទ្រមិនអាចមិននិយាយអំពីឈ្មោះតំបន់ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុនគឺ Hokkaido ហ៊ុំព័ទ្ធដោយសមុទ្រត្រជាក់ និងអាកាសធាតុរដូវរងាខ្លាំង ប៉ុន្តែនេះគឺជាបរិយាកាសល្អសម្រាប់សត្វរស់នៅក្នុងសមុទ្រ។ ល្បីបំផុតនៅ Hokkaido គឺក្តាមធំ ត្រីសាម៉ុង និង Uni (urchin សមុទ្រ)។
លាសសមុទ្រ Hokkaido និង Ikura (ពងត្រីសាម៉ុង) ត្រូវបានវាយតម្លៃខ្ពស់ហើយក៏មានតម្លៃថ្លៃដែរ។ ប៉ុន្តែប្រជាជន Hokkaido មិនត្រឹមតែមានមោទនៈភាពចំពោះប្រភពអាហារសមុទ្រ ហើយក៏អោយតម្លៃផលិតចេញពីកសិដ្ឋានដែរ។
ពេលអានដល់កន្លែងនេះ តើមាននរណាចង់ធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីភ្លក់ម្ហូបទាំងនេះដែរឬទេ?
ប្រភព Headlines Yahoo
Sacchan