ប្រភេទសាច់អាំងបែបជប៉ុនដែលអ្នកគួរតែដឹង
សាច់អាំងមិនមែនជាមុខម្ហូបប្លែកសម្រាប់យើងទាំងអស់គ្នាទេ។
ប៉ុន្តែនៅហាងលក់សាច់គោអាំងបែបជប៉ុនមួយចំនួនមានប្រភេទសាច់ជាច្រើនដែលអ្នកគួរតែដឹង។
តើត្រូវញ៉ាំសាច់គោប្រភេទណាដែលឆ្ងាញ់?
រូបភាព https://macaro-ni.jp/37286
ប្រភេទសាច់នៅផ្នែកណាមួយលើរាងកាយរបស់សត្វមានឈ្មោះដោយឡែករបស់វា។
Japo សូមណែនាំប្រភេទសាច់នីមួយៗដើម្បីដឹងថាប្រភេទសាច់ណាដែលអ្នកចូលចិត្ត។
តាមធម្មតាគេចែកជាពីរផ្នែកធំៗរួមមាន៖
赤身 (Akami) និង ホルモン(Horumon)។
Akami ជាផ្នែកសាច់ក្រហម។
Horumon ជាគ្រឿងក្នុងរបស់សត្វគោ។
រូបភាព
ជាដំបូងសូមស្វែងយល់អំពី Akami ទាំងអស់គ្នាណា!
カルビ(Karubi)
រូបភាព https://hitosara.com/
ពេលទៅញ៉ាំសាច់អាំងគួរតែហៅ Karubi នេះជាប្រភេទសាច់ដែលពេញនិយមបំផុតដោយសារតែបរិមាណសាច់ និងខ្លាញ់មានភាពស្មើគ្នាហើយឆ្ងាញ់។
ញ៉ាំ Karubi ជាមួយនឹងបាយស និងទឹកជ្រលក់ធ្វើអោយវាកាន់តែឆ្ងាញ់។
ロース(Rosu)
រូបភាព http://wattaina.com/products/73
Rosu មានពីរប្រភេទគឺសាច់ផ្នែកស្មារបស់គោ និងសាច់ឆ្អឹងជំនីគោ។ ប្រភេទសាច់នេះមានខ្លាញ់ច្រើន ហេតុនេះនរណាដែលមិនអាចញ៉ាំ Rosu អាចហៅ Karubi បាន។ ធម្មតាយុវជននឹងញ៉ាំ Karubi ចំណែកមនុស្សអាយុច្រើនចូលចិត្ត Rosu ជាង។
バラ肉 (Bara nikku)
រូបភាព http://shop.kuzumaki.jp/?pid=100624073
ប្រៀបជាមួយ Karubi និង Rosu សាច់ Bara nikku ចែកជាផ្នែកសាច់ និងខ្លាញ់ច្បាស់ជាង។ បើនិយាយអំពីតម្លៃវិញសាច់ Bara nikku ថោកជាងប្រភេទសាច់ទាំងពីរខាងលើ ហើយមានអ្នកញ៉ាំច្រើននៅក្នុងភោជនីយដ្ឋានសាច់អាំង។
ツラミ (Tsurami)
រូបភាព https://www.amazon.co.jp/
Tsurami ជាផ្នែកសាច់មុខរបស់គោ។ ដោយសារតែផ្នែកនេះគោធ្វើចលនាច្រើនហេតុនេះបរិមាណខ្លាញ់ក៏តិចដែរ។ តម្លៃសមរម្យ និងរសជាតិឆ្ងាញ់។
イチボ (Ichibo)
រូបភាព https://www.29-kanekichi.com/
មិនមែនភោជនីយដ្ឋានណាក៏មាន Ichibo ទេ។ នេះជាផ្នែកសាច់នៅចំកណ្តាលគូថ និងភ្លៅ សត្វគោនីមួយៗសាច់យកបានត្រឹមតែ ១.៥ គីឡូគ្រាមសាច់ Ichibo ប៉ុណ្ណោះ។ ផ្នែកសាច់នេះល្មមហូប ហើយមិនរឹងពេលអាំងទេ។ ប្រសិនបើបានញ៉ាំសាច់ Ichibo អ្នកប្រាកដជាចូលចិត្ត។
ミスジ (Misuji)
រូបភាព http://www.matsuzakaushi.com/
ដូចគ្នានឹង Ichibo សាច់ Misuji ក៏មិនមានច្រើនដែរ។ េនះជាផ្នែកសាច់ស្មារបស់គោក្នុងមួយក្បាលយកបានតែ ២ គីឡូគ្រាម។ ផ្នែកសាច់នេះភាគច្រើនគឺខ្លាញ់រួមជាមួយនឹងសរសៃសាច់ក្រហម។ សាច់ដែលអាំងរួចពេលញ៉ាំរលាយនៅក្នុងមាត់ពិតជាឆ្ងាញ់។ មនុស្សមួយចំនួនក៏ញ៉ាំ Misuji តាមបែប Sashimi (ញ៉ាំឆៅ) ថែមទៀត។
បន្តមកទៀតជាគ្រឿងក្នុងរបស់សត្វគោគឺ Horumon
タン (Tan)
រូបភាព http://main-dish.com/
ជាផ្នែកសាច់អណ្តាតគោដោយសារតែរសជាតិរបស់វាទើបជនជាតិជប៉ុនតែងញ៉ាំ Gyu-tan មុនម្ហូបដទៃទៀត។ ជាមួយនឹងអំបិលម្រេចឬទឹកក្រូចឆ្មាមានរសជាតិដែលមិនអាចបំភ្លេចបានពេលដែលញ៉ាំ Gyu-tan។
ミノ (Mino)
រូបភាព http://www.luchaswag.com/menu3-2.htm
ដូចដែលអ្នកបានដឹងសត្វគោជាសត្វទំពារមានក្រពះដល់ទៅ ៤ ហើយសាច់ Miso ជាក្រពះទី ១ របស់វា។ ពេលដែលអាំងស្រួយស្វិត សម្រាប់ក្លែមជាមួយនឹងស្រាបៀរ។
ハチノス(Hachinosu)
រូបភាព http://tanaka665.blog.fc2.com/blog-entry-65.html?sp
Hachinosu គឺជាក្រពះទី ២ ខាងក្រៅមើលទៅដូចជាសំបុកឃ្មុំទើបមានឈ្មោះថា Hachinosu។ ដោយសារតែរសជាតិសាបពិតជាសាកសមសម្រាប់អ្នកដែលចូលចិត្តវា។
センマイ(Senmai)
រូបភាព https://plaza.rakuten.co.jp/
Senmai គឺជាក្រពះទី ៣។ មើលលទៅហាក់ដូចជាមិនសូវឆ្ងាញ់ទេប៉ុន្តែពេលដែលញ៉ាំអ្នកមិនអាចបដិសេធពីរសជាតិរបស់វាបានទេ។ ទោះយ៉ាងណា Senmai ត្រូវគេជ្រលក់ក្នុងទឹកក្តៅមិនមែនអាំងដូចជាម្ហូបផ្សេងទៀត។
ギアラ (Giara)
រូបភាព http://www.jlogos.com/
ជាផ្នែកសាច់ក្រពះទី ៤ សាកសមសម្រាប់អ្នកចូលចិត្តញ៉ាំខ្លាញ់ គេតែងចំហុយវាជាមួយនឹងបន្លែមើមបន្ថែម។
ឬបន្ទាប់ពីអាំងអោយឆ្អិនអ្នកអាចញ៉ាំហើយវារលាយនៅក្នុងមាត់ពិតជាឆ្ងាញ់ណាស់។
ハツ (Hatsu)
រូបភាព https://www.tripadvisor.jp/
Hatsu ជាបេះដូងដូចឈ្មោះបែបជប៉ុននៃផ្នែកសាច់នេះ។
មិនត្រឹមតែអាំង ជនជាតិជប៉ុនជាច្រើនយល់ថានេះជាម្ហូបអាចញ៉ាំឆៅបាន។
ពិតជាពិបាកចាំប្រភេទសាច់អាំងទាំងអស់របស់ប្រជាជនជប៉ុនណាស់មែនទេ? មិនមែនមានតែត្រីឆៅទេ ជនជាតិជប៉ុនញ៉ាំទាំងសាច់ឆៅទៀត។ ជាការពិតណាស់នៅពេលដែលសាច់បំពេញតាមស្តង់ដារអនាម័យប្រជាជនទើបហ៊ានបរិភោគ។ ចំណែកខ្ញុំរាងខ្លាចបន្តិច។
មានចំនុចដែលគួរតែចាប់អារម្មណ៍ពេលដែលអាំងសាច់នោះគឺផ្នែកសាច់ពណ៌ក្រហមបើអាំងយូរនឹងស្ងួតហើយរឹង។
ហើយអ្វីដែលសំខាន់បំផុតគឺស្វែងរកហាងដែលមានអនាម័យ។
Kengo Abe