រឿងពិតនៅពីក្រោយឈុត​ឆាកដែល​ធ្វើ​ឲ្យ “Dragon Ball” ក្លាយ​ជា​រឿង​ដ៏​វែង​អន្លាយ​បែប​នេះ

រឿងពិតនៅពីក្រោយឈុត​ឆាកដែលធ្វើឲ្យ “Dragon Ball” ក្លាយ​ជា​រឿង​ដ៏​វែង​អន្លាយ​បែប​នេះ។

“Dragon Ball” – ជារឿងគំនូរជីវចលដ៏ល្បីឈ្មោះ។

នេះជារឿងដ៏វែងអន្លាយមួយ ប៉ុន្តែមានរឿងពិតមួយដែលមិនមែននរណាក៏ដឹងនោះទេគឺថា តាមពិតទៅអ្នកនិពន្ធគ្មានបំណងចង់អូសបន្លាយរឿងវែងបែបនេះឡើយ។

ដូច្នេះហើយ ហេតុអ្វីបានជារឿងនេះអូសបន្លាយអស់រយៈពេលយូរយ៉ាងនេះ?

ចូរយើងស្វែងយល់ខ្លឹមសារអត្តបទខាងក្រោម ដូច្នេះយើងនឹងយល់កាន់តែច្បាស់អំពីវិស័យ manga – anime ជប៉ុន។

“Dragon Ball” គឺជារឿងរ៉ាវនិយាយពីដំណើរផ្សងព្រេងរបស់ក្មេងប្រុសម្នាក់មានឈ្មោះថា Son Goku ។

ដូចដែលចំណងជើងបានបង្ហាញ គោលដៅដំបូងគឺដើម្បីប្រមូលត្បូងនាគ ហើយរឿងនេះគ្រោងនឹងបញ្ចប់នៅពេលដែលត្បូងនាគទាំងអស់ត្រូវបានរកឃើញ។

ប៉ុន្តែ​អ្នក​កែសម្រួលនៃគ្រឹះស្ថានបោះពុម្ពផ្សាយ​មិន​អនុញ្ញាត​ឲ្យបញ្ចប់។

ដោយសារតែរឿងនេះត្រូវបានបោះពុម្ពផ្សាយនៅលើទស្សនាវដ្តីប្រចាំសប្តាហ៍ ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ប្រសិនបើបញ្ចប់ អ្នកដែលទិញទស្សនាវដ្តីជារៀងរាល់សប្តាហ៍ដើម្បីតាមដានរឿងនេះនឹងឈប់ទិញទៀត។

ព្រោះតែមូលហេតុនេះ ភាគីអ្នកបោះពុម្ពផ្សាយបានស្នើឲ្យអ្នកនិពន្ធបន្តសរសេររឿងនេះ។

ចំណុចបញ្ចប់បន្ទាប់ដែលអ្នកនិពន្ធបានស្រមៃគិតគឺ ក្រោយពេលដែលកម្ចាត់ស្តេចបិសាច Piccolo ។

ប៉ុន្តែជាការពិតណាស់ នៅតែមិនត្រូវបានអនុញ្ញាតឲ្យបញ្ចប់នោះទេ ហើយ Son Goku បន្តធំដឹង​ក្តី។

ក្រោយពេលដែលការប្រកួតក្បាច់គុនពិភពលោកបានបញ្ចប់ Son Goku រៀបការ គ្រប់យ៉ាងហាក់​បី​ដូច​ជា​ឈាន​ដល់​ភាគ​បញ្ចប់​ដោយ​បរិបូរណ៌​ទៅ​ហើយ។

ប៉ុន្តែនៅតែមិនទាន់អាចបញ្ចប់នៅឡើយទេ។

ក្នុងរឿង manga បរិយាកាសនៅពេលនោះបានបង្ហាញយ៉ាងច្បាស់ថានោះជាភាគបញ្ចប់ ប៉ុន្តែក្នុង​ទំព័រ​ចុង​ក្រោយ លោក Master Roshi បែរ​ជា​និយាយ​ថា៖

  • “មិនទាន់ដល់វគ្គបញ្ចប់នោះទេ នៅមានវគ្គបន្តបន្តិចទៀត!”

ច្បាស់ណាស់ឃើញថាអ្នកនិពន្ធចង់បញ្ចប់ប៉ុណ្ណា ប៉ុន្តែមិនអាចធ្វើបាន។ ទោះបីជាមានបំណងសរសេរត្រឹមរយៈពេលខ្លីទៀតប៉ុណ្ណោះ ហើយទីបំផុតមិនដឹងថាបានអូសបន្លាយអស់រយៈពេលប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

មិនត្រឹមតែប៉ុណ្ណឹង និយាយទៅរឿងនេះ​នៅ​តែ​បន្ត​​បន្ទាប់​ពី​អ្នក​និពន្ធ​បានទទួលមរណៈភាពហើយ​ក៏​ដោយ។

អ្នកនិពន្ធតែងតែរៀបចំវគ្គបញ្ចប់ដែលល្អបំផុត និងសង្ខេបសម្រាប់ផ្នែកនីមួយៗ។

បន្ទាប់ពីការប្រយុទ្ធនៅលើភព Namek បានបញ្ចប់ អ្នកនិពន្ធមានអារម្មណ៍អស់កម្លាំង ដោយយល់​ឃើញថាខ្លួនមិនអាចបង្កើត​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា​បន្ថែម​ទៀត​ឡើយ ប៉ុន្តែគាត់នៅតែមិនអាច​កញ្ចប់​បាន។

នៅពេលដែលមនុស្សយន្តជីវសាស្ត្របង្ហាញខ្លួន ដំបូងឡើយអ្នកនិពន្ធមានបំណងណែនាំមនុស្សយន្ត​លេខ ១៩ និង ២០ ប៉ុណ្ណោះ។ ប៉ុន្តែអ្នកកែសម្រួលបានត្អូញត្អែរថា ការរចនាមនុស្សយន្តទាំងពីរ​មាន​តែ​ធាត់ និង​ចាស់​ប៉ុណ្ណោះ។

ដូច្នេះអ្នកនិពន្ធត្រូវរចនាមនុស្សយន្តពីរបន្ថែមទៀត គឺក្មេងស្រីតូចម្នាក់ និងក្មេងប្រុសតូចម្នាក់។ ទោះបីជាពួកគេទាំងពីរស្រស់ស្អាត ប៉ុន្តែអ្នកកែសម្រួលនៅតែមិនយល់ស្រប ដោយយល់​ថា​តួអង្គ​ទាំង​ពីរ​គ្រាន់​តែ​ជា​ក្មេង​ប៉ុណ្ណោះ។

អ្នកនិពន្ធបានបន្តបង្កើតតួអង្គ Cell ប៉ុន្តែលើកនេះបែរជាត្រូវរិះគន់ថាអាក្រក់ ហើយទាមទារឲ្យមនុស្ស​យន្ត Cell ត្រូវ​តែ​ប្រែ​កាយ។

ការរចនារូបរាងបន្ទាប់ពីប្រែកាយក៏មិនទទួលបានការវាយតម្លៃខ្ពស់នោះដែរ ដូច្នេះត្រូវប្រែកាយច្រើនដង។ នៅទីបំផុត រហូតដល់ពេលដែល Cell មានរូបរាងសង្ហាទើបអ្នកកែសម្រួលយល់ស្រប ដូច្នេះ​អ្នក​និពន្ធ​ទទួល​បាន​ការ​យល់​ព្រម។

ប្រសិនបើនិយាយពីលទ្ធផល នេះជារឿងដែលទទួលបានជោគជ័យយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អ្នកនិពន្ធ ប្រហែល​ជា​រយៈ​ពេល​ធ្វើការមិនខុសអ្វីពីឋាននរកឡើយ។

ដល់ពាក់កណ្តាល ចំណងជើងរឿង anime ត្រូវបានប្តូរទៅជា “Dragon Ball Z” ដោយអក្សរ Z ជាអក្សរចុងក្រោយក្នុងតារាង។

ខ្ញុំគិតថា នេះជាបំណងក្នុងចិត្តរបស់អ្នកនិពន្ធ ដោយមានបំណងចង់បញ្ចប់រឿងត្រឹមនេះ។

ការដែលត្រូវបន្ថែមសាច់រឿងទាំងដែលមិនមានការគ្រោងទុកពីដំបូង ហើយមិនធ្វើឲ្យរឿងបាត់​បង់​ភាព​ទាក់​ទាញ បានបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់អ្នកនិពន្ធ។

ផ្ទុយស្រឡះទាំងស្រុងនឹង Dragon Ball ស្នាដៃដ៏ល្បីមួយទៀតដែលមានឈ្មោះថា One Piece ។

អ្នកនិពន្ធរបស់ One Piece បានបង្កើតសាច់រឿងទាំងមូលតាំងពីដំបូងមកម្ល៉េះ។

តាមពិតទៅ នៅពេលដែលរឿងជិតដល់ទីបញ្ចប់ ប្រសិនបើមើល manga ឬ anime តាំងពីវគ្គដំបូងៗ គ្រប់យ៉ាងហាក់បីដូចជាសមហេតុផលខ្លាំងណាស់ មិនមានចំណុចផ្ទុយគ្នានោះទេ។ ចំណុចនេះ​ពិត​ជា​គួរ​ឲ្យ​សរសើរ​ណាស់។

Manga និង anime គឺជាវិស័យឧស្សាហកម្មដ៏ធំមួយ។ ហើយនៅពីក្រោយរឿង Dragon Ball ជារឿងរ៉ាវរបស់មនុស្សពេញវ័យ – មិនអាចធ្វើតែរឿងដែលខ្លួនចង់ធ្វើរហូតនោះទេ។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នៅពេលដែលយើងមើលរឿងនេះតាមទស្សនៈរបស់មនុស្សពេញ​វ័យ បន្ទាប់​ពី​យល់​កាន់​តែ​ច្បាស់​អំពី​រឿង​នេះ មែន​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: