ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ចំពោះបញ្ហាផ្លូវភេទរបស់ប្រជាជនជប៉ុនបុរាណ
ប្រទេសជប៉ុនជាប្រទេសចម្លែក អ្នកអាចឃើញថាបញ្ហាផ្លូវភេទជារឿងធម្មតានៅប្រទេសជប៉ុន។ ប៉ុន្តែប្រជាជនជប៉ុនផ្ទាល់បែរជាមិនចាប់អារម្មណ៍នឹងបញ្ហាទាំងនេះ។ យុវជនជប៉ុនសព្វថ្ងៃមិនដែលខ្វាយខ្វល់នឹងរកគូស្រករដើម្បីរៀបការនោះទេ។ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាមានសត្វចិញ្ចឹមកាន់តែច្រើនជាងទារក។
ប្រសិនបើបច្ចុប្បន្នប្រជាជនជប៉ុនមិនចាំបាច់រៀបការ ដោយសារទំនៀមទម្លាប់អាពាហ៍ពិពាហ៍នៅក្នុងគំនិតរបស់ប្រជាជនមិនរឹតត្បឹតតាំងពីសម័យ Heian មកម្លេះ។
នៅសម័យនោះមានអាពាហ៍ពិពាហ៍មួយប្រភេទដែលមានឈ្មោះថា 妻問婚 (Tsumadoi Kon) – មានន័យថាប្តីប្រពន្ធរៀបការហើយតែមិនរស់នៅជាមួយគ្នាទេ។ អាពាហ៍ពិពាហ៍ប្រភេទនេះអនុញ្ញាតអោយទាំងប្រពន្ធ និងស្វាមីរួចផុតពីចំណងអាពាហ៍ពិពាហ៍។ គោលដៅគឺដើម្បីបំពេញសេចក្តីត្រូវការខាងរាងកាយជាជាងក្តីស្រឡាញ់។
ក្នុងករណីនេះភរិយាមានសិទ្ធិរស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន ហើយកូនដែលកើតក៏ត្រូវបានចិញ្ចឹមនៅផ្ទះតាយាយខាងម្តាយដែរ។
ធម្មតាបុរសជាប្តីរវល់ខ្លាំង ដូច្នេះដើម្បីជួបប្រពន្ធគាត់នឹងចូលបន្ទប់នៅពេលយប់។ ដោយសារពួកគេកម្រជួបគ្នាទំនាក់ទំនងរវាងប្តីប្រពន្ធក៏មិនល្អ។ បុរសម្នាក់អាចមានប្រពន្ធច្រើន ចំណែកប្រពន្ធក៏អាចអោយបុរសផ្សេងទៀតចូលបន្ទប់របស់ខ្លួនដែរ។ រឿងទាំងនេះស្តាប់ទៅហាក់ដូចជាមិនធម្មតា ប៉ុន្តែត្រូវបានអនុញ្ញាតនៅក្នុងសង្គមជប៉ុនសម័យនោះ។
អាពាហ៍ពិពាហ៍ប្រភេទនេះមាននៅក្នុងរឿង Genji របស់ Murasaki Shikibu។
ក្រៅពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍ចម្លែកនេះ មានទំនៀមទម្លាប់មួយទៀតហៅថា Yobai។
Yobai គឺជាទំនៀមទម្លាប់បុរាណរបស់ជនជាតិជប៉ុននៅតំបន់ជនបទ។ ទំនៀមទម្លាប់នេះមានដូចជា៖ នៅពេលយប់បរុសនឹងចូលទៅក្នុងបន្ទប់មនុស្សស្រីដែលពួកគេចូលចិត្តហើយសុំ “គេងជាមួយគ្នា”។ នេះមិនត្រឹមតែជាវិធីដែលពួកគេស្វែងរកដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធីរកគូស្រកររៀបអាពាហ៍ពិពាហ៍ផងដែរ។
ផ្ទះបុរាណរបស់ជនជាតិជប៉ុនមានបន្ទប់តែមួយឬខ័ណ្ឌដាច់ជាបន្ទប់ដោយជញ្ជាំងក្រដាស។ ដូច្នេះពិតជាចម្លែកបើមាននរណាម្នាក់ចូលមកហើយគ្រួសារមិនដឹង។ ទោះបីគេចាត់ទុកសកម្មភាពនេះថាលួចលាក់ ប៉ុន្តែទំនៀមទម្លាប់នេះត្រូវបានគ្រួសារខាងស្រីទទួលយក។
បន្ទាប់ពីទំនៀមទម្លាប់ Yobai ច្រើនដង ប្រសិនបើនារីព្រមទទួលយក អ្នកទាំងពីរនឹងរៀបការជាមួយគ្នា។ នារីមានសិទ្ធិបដិសេធការស្នើសុំរបស់បុរសបើនាងយល់ថាមិនសមនឹងនាង។
ប្រសិនបើយល់ក្នុងន័យវិជ្ជមាន Yobai គឺជាការសាកល្បងរស់នៅជាមួយគ្នាមុនពេលត្រូវជាប់ចំណងជាមួយគ្នាជារៀងរហូត។ Yobai ជាជម្រើសសម្រាប់គូស្វាមីភរិយាដែលអស់អារម្មណ៍នឹងគ្នា ប៉ុន្តែនៅតែចង់បំពេញតម្រូវការផ្ទាល់ខ្លួន។
នេះក៏ជាវិធីដែលជនជាតិជប៉ុនបង្កើតធនធានមនុស្សសម្រាប់កសិកម្មដោយមិនចាំបាច់ឆ្លងកាត់អាពាហ៍ពិពាហ៍ផ្លូវការឡើយ។
ទោះយ៉ាងណានៅតែមានចំណុចអវិជ្ជមានជាច្រើននៅពីក្រោយទំនៀមទម្លាប់បុរាណនេះ។ ដោយសារ Yobai ធ្វើនៅពេលយប់ ដូច្នេះវាក៏ជាឳកាសសម្រាប់ព្រាននារីដែរ ហើយអត្រាឧក្រិដ្ឋកម្មកើនឡើងចាប់តាំងពីពេលនោះមក។
នៅសម័យ Meiji អាពាហ៍ពិពាហ៍បានក្លាយទៅជាប្តីមួយប្រពន្ធមួយ ដូច្នេះទំនៀមទម្លាប់នេះបានបាត់បង់បន្តិចម្តងៗ ប៉ុន្តែវានៅតែបន្តនៅតាមតំបន់ជនបទនៃប្រទេសជប៉ុនរហូតដល់ឆ្នាំ ១៩៣៨ បន្ទាប់ពីការសម្លាប់រង្គាលនៅ Tsuyama។
ករណី Tsuyama ធ្វើតាមទំនៀមទម្លាប់បុរាណនេះ ពេលដែលស្រ្តីនៅតែបម្រើបុរសជនល្មើសរាល់យប់ ប៉ុន្តែនាងបានបដិសេធតម្រូវការរបស់ជនល្មើសដោយសារជននេះមានជម្ងឺរបេង។ ដោយសារតែមូលហេតុនេះហើយទើបធ្វើអោយជនល្មើសខឹង ហើយសម្លាប់មនុស្សចំនួន ៣០ នាក់នៅក្នុងភូមិរួមទាំងសាច់ញាតិរបស់ជនល្មើសផងដែរ។ (យោងទៅតាមឯកសារសម្លាប់មនុស្សរបស់ឃាតករ)។
សព្វថ្ងៃនេះទំនៀមទម្លាប់នេះហាក់ដូចជាមិនមានទៀតទេ ប៉ុន្តែគំនិតសេរីចំពោះបញ្ហារួមភេទអាចនឹងមានប្រភពដើមមកពីអាពាហ៍ពិពាហ៍ចម្លែករបស់ប្រជាជនជប៉ុនបុរាណ។
Sachiko