ពិធីបុណ្យចម្លែកទាំង ១០ នៃប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩
ប្រទេសណាក៏ដោយនៅលើពិភពលោកសុទ្ធតែមានពិធីបុណ្យ ចំណែកប្រទេសជប៉ុនជាប្រទេសដែលមានពិធីបុណ្យដែលចម្លែកគ្មានពីរ។ ប្រសិនអ្នកកំពុងរស់នៅប្រទេសជប៉ុន ហើយមានបំណងចង់ស្វែងយល់អំពីពិធីបុណ្យដែលចម្លែកខាងក្រោមនេះ៖
១. ពិធីបុណ្យ Naki Sumo Matsuri
ពេលវេលា៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច។
អាស័យដ្ឋាន៖ ប្រាសាទ Senso-ji, Asakusa, Tokyo (មានប្រារព្ធធ្វើឡើងនៅក្នុងតំបន់ផ្សេងទៀតដែរ)។
ការប្រកួត Naki Sumo Matsuri រួមមានអ្នកបោកចំបាប់ Sumo ពីរនាក់ មនុស្សម្នាក់បីក្មេងម្នាក់មានអាយុក្រោមមួយខួប។ ពួកគេបង្កើតជាសម្លេងឮខ្លាំង ពាក់របាំងមុខគួរអោយខ្លាច និងធ្វើកាយវិកាចម្លែកដើម្បីអោយក្មេងយំ។ ការប្រកួតត្រូវបានវិនិច្ឆ័យដោយអាជ្ញាកណ្តាល Sumo ម្នាក់ និងមានតម្លៃចុះឈ្មោះយ៉ាងហោចណាស់ ១៥.០០០យេន (រួមមានយ័ន និងអំណោយ) អ្វីទាំងនេះមានន័យថាជនជាតិជប៉ុនពិតជាអោយតម្លៃពិធីបុណ្យនេះ។
រូបភាព http://darkroom.baltimoresun.com
ក្មេងណាដែលយំមុនគេ យំខ្លាំង ហើយយូរបំផុតជាអ្នកទទួលជ័យជំនះ។
ពិធីបុណ្យប្រពៃណីមានអាយុកាល ៤០០ឆ្នាំនេះយកតាមពាក្យ naku ko wa sodatsu មានន័យថាក្មេងយំខ្លាំង។ ពួកគេជឿថាក្មេងម្នាក់ដែលយំខ្លាំងធំឡើងសុខភាពល្អ និងមានសុភមង្គល។ មនុស្សមួយចំនួនក៏ជឿថាសម្លេងរបស់ក្មេងនឹងនាំមកនូវភាពរុងរឿង ហើយអាចបណ្តេញនូវព្រលឹងដែលអាក្រក់។
២. ពិធីបុណ្យ Nabe Kanmuri
ពេលវេលា៖ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ (ជារៀងរាល់ឆ្នាំ)
អាស័យដ្ឋាន៖ ប្រាសាទ Chikuma, Maibara, Shiga
ក្មេងស្រីអាយុ ៨ឆ្នាំស្លៀកសម្លៀកបំពាក់ Heian ពណ៌ក្រហម និងពណ៌បៃតង ពាក់មួកដែក Nabe Kanmuri។ ពិធីបុណ្យនេះតំណាងអោយការផ្គត់ផ្គង់អាហារ (រូបឆ្នាំង) អោយទេវតាដើម្បីប្តូរសំណាង។
រូបភាព https://www.pinterest.co.uk/
មានជំនឿមួយជឿថាឆ្នាំងតំណាងអោយនារីបរិសុទ្ធ។ Nabe Kanmuri ត្រូវបានគេស្គាល់ថាជាពិធីបុណ្យ ដែលមានអាយុកាលយូរបំផុតនៅប្រទេសជប៉ុន ហើយជាសម្បត្តិវប្បធម៌នៃទីក្រុង Maibara។
៣. ពិធីបុណ្យ Asakusa Sanja
ពេលវេលា៖ ថ្ងៃទី ១៧ ដល់ ១៩ ខែឧសភា ឆ្នាំ ២០១៩
អាស័យដ្ឋាន៖ Asakusa, Tokyo
ប្រារព្ធធ្វើឡើងនៅតំបន់ជាយក្រុង ព្រឹត្តិការណ៍នេះដើម្បីរំលឹកដល់អ្នកទាំងបីដែលបានកសាងប្រាសាទ Senso-ji ជាពិធីបុណ្យដែលធំបំផុត ហើយជាក់ស្តែងបំផុតនៅ Tokyo។ នេះក៏ជាក្បួនហែ Mikoshi (ទីស្ការៈចល័ត) ធំបំផុតទូទាំងប្រទេសហើយត្រូវបានសម្តែងដោយ Geishas, សិប្បករ តារាសម្តែង និងសិល្បករ។
រូបភាព https://www.globetellers.com/
អ្វីដែលធ្វើអោយពិធីបុណ្យនេះមិនដូចនឹងកន្លែងផ្សេងគឺការចូលរួមនៃសមាជិក Yakuza (Mafia)។ ពួកគេនឹងបង្ហាញពីកម្លាំងរបស់ខ្លួន និងបង្ហាញពីរូបសាក់ដើម្បីចូលរួមក្រុមទទួលក្បួនដង្ហែ។
៤. ពិធីបុណ្យ Hitori Sumo Matsuri
ពេលវេលា៖ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩
អាស័យដ្ឋាន៖ ប្រាសាទ Oyamazumi, Omishima, Ehime
រូបភាព https://tadaimajp.com/
ជារៀងរាល់ឆ្នាំនៅប្រាសាទ Oyamazumi លើកោះ Omishima និងមានអ្នកចំបាប់ Sumo ម្នាក់ប្រកួតជាមួយនឹងខ្យល់ ហើយពួកគេជឿថា Sumo កំពុងតែប្រយុទ្ធជាមួយនឹងទេវតាស្រូវ។ ប្រសិនបើទេវតាទទួលជ័យជំនះនោះការប្រមូលផលនឹងកើនឡើងទ្វេរដង។ ជារៀងរាល់ឆ្នាំទេវតាតែងតែឈ្នះជាមួយនឹងលទ្ធផល ២-១។
៥. ពិធីបុណ្យ Hokkai Heso Matsuri
ពេលវេលា៖ ថ្ងៃទី ២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០១៩
អាស័យដ្ឋាន៖ Furano, Hokkaido
ចង់ក្លាយទៅជាកន្លែងដែលទទួលបានការចាប់អារម្មណ៍របស់ Hokkaido ទីក្រុង Furano បានបង្កើតជាពិធីបុណ្យដែលពិសេស ក្នុងឆ្នាំ ១៩៦៩ ដើម្បីប្រែ heso ក្លាយទៅជារូបកំប្លែង។
រូបភាព https://ohmatsuri.com/
ប្រើថ្នាំលាប សម្លៀកបំពាក់ពិសេស និងសម្ភារៈ អ្នកដែលសម្តែងធ្វើអោយដើមទ្រូង និងពោះរបស់ពួកគេក្លាយទៅជារូបមុខមនុស្ស។ ក្រោយមក គេចាប់ផ្តើមប្រកួតរបាំពោះ។
៦. ពិធីបុណ្យ Bon Odori
ពេលវេលា៖ ដើមខែសីហា
អាស័យដ្ឋាន៖ Otamachi, Tokai, Aichi
មើលទៅដូចជាពិធីបុណ្យធម្មតាប៉ុន្តែតាមការពិតគេរាំដោយមិនចាំបាច់មានភ្លេង។ ពិធីបុណ្យ Bon ប្រែទៅជាស្ងៀមស្ងាត់តាំងពីឆ្នាំ ២០០៩ ដោយសារតែការត្អួញត្អែររបស់ប្រជាជនក្នុងតំបន់មួយចំនួន ព្រោះសម្លេងរំខានធ្វើអោយពួកគេមិនអាចដេកបាន។ ហេតុនេះ មន្រ្តីក្នុងតំបន់បានច្នៃប្រឌិត និងធ្វើអោយពិធីបុណ្យប្រែក្លាយទៅជាស្ងៀមស្ងាត់។
រូបភាព https://toplist.vn/
ឥឡូវនេះយុវជនទាំងអស់ និងមនុស្សចាស់រួមគ្នារាំតាមតន្រ្តីប្រពៃណីជប៉ុនដែលមានសម្លេងពី FM ដល់អ្នកស្តាប់។
ប្រសិនបើអ្នកនៅ Aichi ប្រហែលខែសីហាអ្នកអាចចូលរួមរបាំស្ងៀមស្ងាត់មួយនេះបាន។
៧. ពិធីបុណ្យ Shukatsu
ពេលវេលា៖ ខែកញ្ញា ឬខែធ្នូ
អាស័យដ្ឋាន៖ Ota City Industrial Plaza PiO, Tokyo (ក៏បានប្រារព្ធធ្វើឡើងនៅក្នុងតំបន់ផ្សេងដែរ)។
ទោះបីជាសេចក្តីស្លាប់ជាអ្វីដែលមនុស្សភាគច្រើនជៀសវាង ពិធីបុណ្យ Tokyo Shukatsu រំលឹកទៅដល់អ្នកដែលបានចូលរួមពី ភាពមិនទៀងទាត់នៃជីវិត និងបង្រៀនពីការប្រឈមមុខនឹងសេចក្តីស្លាប់។
រូបភាព http://www.japantrends.com/
ចេញពីគំនិត “Kazoku ni meiwaku kaketakunaindesu” មានន័យថា “ខ្ញុំមិនចង់អោយគ្រួសាររបស់ខ្ញុំលំបាក”។ ពិធីបុណ្យនេះឆ្ពោះទៅរកអ្នកដែលចង់សម្រចចិត្ត និងមានគម្រោងការណ៍ជាច្រើនពេលដែលពួកគេនៅរស់។
ពិធីបុណ្យនេះមានរយៈពេលពីរថ្ងៃ អ្នកដែលចូលរួមអាចស្តាប់ការទូន្មាន និងការបង្រៀនរបស់ព្រះពុទ្ធសាសនាអំពីការត្រៀមចិត្ត ដេកក្នុងក្តាមមឈូស សរសេរពាក្យបណ្តាំ ហើយផ្តែផ្តាំចុងក្រោយជាមួយគ្រួសារ និងមិត្តភក្តិ។ គេអាចជ្រើសរើសការផាត់មុខ និងជ្រើសរើសម៉ូតសក់។
៨. ពិធីបុណ្យ Paantu
ពេលវេលា៖ ដើមខែតុលា
អាស័យដ្ឋាន៖ Miyakojima, Okinawa
Paantu គឺជាពិធីបុណ្យដែលត្រូវបានប្រារព្ធធ្វើឡើងនៅលើកោះ Miyakojima, Okinawa បីដងក្នុងមួយឆ្នាំ ជាមួយនឹងព្រឹត្តិការណ៍ពិសេសក្នុងខែតុលា ឬខែវិច្ឆិកាដើម្បីសម្អាតកោះ និងបណ្តេញភាពចង្រៃ។ បុរសស្លៀកពាក់ដូចជា “paantu”- ព្រលឹងអាក្រក់គ្របពីក្បាលដល់ចុងជើងដោយភក់ រត់ជុំវិញកោះដេញតាមក្មេងៗ និងមនុស្សធំដើម្បីគប់ភក់ទៅអ្នកដ៏ទៃ។
រូបភាព https://soranews24.com/
មិនសំខាន់ថាអ្នកជានរណា ទោះបីអ្នកជាអ្នកស្រុកឬភ្ញៀវទេសចរណ៍ ផ្ទះរបស់អ្នកទើបតែទិញ ឬឡានទើបតែលាងហើយនោះគ្រប់យ៉ាងសុទ្ធតែត្រូវគ្របដណ្តប់ទៅដោយភក់។
៩. ពិធីបុណ្យសើចញញឹម (Warai Matsuri / Nyu Matsuri)
ពេលវេលា៖ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩
អាស័យដ្ឋាន៖ ប្រាសាទ Nyu, Hidakagawa, Wakayama
ពិធីបុណ្យសើចញញឹមអាចត្រូវបានហៅថាជាពិធីបុណ្យ Warai ឬ Nyu គឺជាព្រឹត្តិការណ៍វប្បធម៌នៃខេត្តដែលមានប្រវត្តិសាស្រ្តជាង ២០០ឆ្នាំ។ នេះគឺជាពិធីបុណ្យដែលប្រារព្ធធ្វើឡើង ដើម្បីនាំមកនូវសំណាងល្អតាមរយៈការសើចញញឹម និងការគាំទ្រ។
រូបភាព https://diversity-finder.net/
ដំណើររឿងបានរៀបរាប់ថាទេវតាក្នុងតំបន់ Niutsuhime-no-mikoto បានមកយឺតក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីទេវតាគ្រប់តំបន់។ ទេវតាផ្សេងទៀតបានសើចចំអកទេវតានេះ ហើយទេវតាមួយនេះមានភាពអាម៉ាស់ក៏ឃុំខ្លួនក្នុងប្រាសាទ Nyu។ ដើម្បីគាំទ្រទេវតានេះប្រជាជនប្រមូលផ្តុំគ្នានៅខាងក្រៅប្រាសាទហើយរួមគ្នាសើចរហូតដល់ទេវតានេះបង្ហាញខ្លួន។ សម្លេងសើចរបស់ពួកគេធ្វើអោយទេវតាមានភាពរីករាយឡើងវិញ ហើយនេះជារបៀបដែលពិធីបុណ្យប្រារព្ធធ្វើឡើង។
មនុស្សធម្មតាម្នាក់ជាអ្នកដឹកនាំកម្មវិធីនឹងតុបតែងខ្លួនដើម្បីនាំ Mikoshi អ្នករាំ និងអ្នកចូលរួមផ្សេងទៀតទៅដល់ប្រាសាទ ហើយមនុស្សទាំងអស់នាំគ្នាសើច។
១០. ពិធីបុណ្យដាក់បណ្តាសា (Akutai Matsuri)
ពេលវេលា៖ ចុងសប្តាហ៍នៃខែធ្នូ ដល់ខែមករានៅតំបន់ផ្សេង
អាស័យដ្ឋាន៖ ប្រាសាទ Saishoji, Ashikaga, Tochigi (ក៏ត្រូវបានប្រារព្ធធ្វើឡើងនៅតំបន់ផ្សេងដូចជាប្រាសាទ Atago នៅ Ibaraki)។
មួយឆ្នាំម្តងភ្ញៀវទេសចរណ៍ដែលទៅដល់ប្រាសាទមួយចំនួន ហើយប្រាសាទនៅទូទាំងប្រទេសជប៉ុនត្រូវបានគេលើកទឹកចិត្តទុកមួយយប់សម្រាប់ដាក់បណ្តាសា។ ក្នុងពិធីបុណ្យដាក់បណ្តាសា មនុស្សរាប់រយនាក់បានឡើងប្រាសាទលើភ្នំក្នុងរយៈពេលជិតមួយម៉ោង ស្រែកខ្លាំងប្រមាថព្រះសង្ឈដែលស្លៀកពាក់ដូចជា Tengu ហើយព្យាយាមលួចរបស់សែនព្រោះពួកគេជឿថាវានាំមកនូវសំណាង។
រូបភាព https://www.redduckpost.com/
ពិធីបុណ្យនេះចាប់ផ្តើមតាំងពីពីរសតវត្សមុននៅក្នុងសម័យកាល Edo ដូចជាមធ្យោបាយសម្រាប់កម្មកររោងចក្រដែលធ្វើការច្រើន រំសាយសម្ពាធ។ ប្រសិនបើអ្នកចូលចិត្តពិធីបុណ្យប្លែកៗ ចង់ស្វែងយល់អំពីអ្វីដែលពិសេស សូមទៅប្រទេសជប៉ុន ហើយចូលរួមក្នុងពិធីបុណ្យទាំងនេះ។ ពិធីបុណ្យទាំងនេះនឹងធ្វើអោយអ្នកមិនអាចបំភ្លេចបាន។
ប្រភព http://jpninfo.com/108761
អត្ថបទ៖ Neko